ប៉ារីស៖ ក្រុម Paris Saint-Germain (PSG) បានបង្ហាញទម្រង់លេងយ៉ាងស្វិតស្វាញនៅលើទីលាន Parc des Princes ដើម្បីបញ្ចប់កំណត់ត្រាឈ្នះរហូតរបស់ក្រុម Barcelona ដោយបានយកឈ្នះក្នុងលទ្ធផល ៤-២ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារកន្លងទៅ។ ជ័យជម្នះនេះបានសបញ្ជាក់ជាថ្មីថា PSG នៅតែជាក្លិបបាល់ទាត់ដ៏រឹងមាំបំផុតមួយនៅលើពិភពលោក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ។
ក្នុងគោលដៅប្រជែងយកពានរង្វាន់ Champions League ៣រដូវកាលជាប់ៗគ្នា PSG បាននាំមុខមុនរហូតដល់ទៅ២ដងតាមរយៈការស៊ុតបញ្ចូលទីរបស់កីឡាករ Désiré Doué និង Lucas Hernández។ ទោះជាយ៉ាងណា Barcelona បានវាយបកតាមស្មើវិញទាំង២លើក ដោយគ្រាប់បាល់របស់កីឡាករ Xavi Espart និងការស៊ុតយ៉ាងល្អឥតខ្ចោះរបស់ Lamine Yamal នៅនាទីទី៧៩។
មុនពេលឈានចូលដល់ការប្រកួតនេះ ក្រុមជើងឯក LaLiga មួយនេះមានកំណត់ត្រាឈ្នះទាំង១១ប្រកួតជាប់គ្នា ក្នុងគ្រប់ព្រឹត្តិការណ៍ទាំងអស់នារដូវកាលនេះ ប៉ុន្តែនៅតែមិនអាចទប់ទល់នឹងក្រុមរបស់លោក Luis Enrique ក្នុងទីក្រុងប៉ារីសបានឡើយ។
ឈានចូលដល់ចុងម៉ោងនៃការប្រកួត PSG បានប្រើប្រាស់ទម្លាប់នៃការលេងដ៏មានប្រសិទ្ធភាពរបស់ខ្លួន ដោយបានដាក់សម្ពាធយ៉ាងខ្លាំងក្លាដើម្បីផ្តួលគូប្រជែងដ៏មានសក្ដានុពលមួយនេះ។ កីឡាករ Vitinha បានស៊ុតបញ្ចូលទីនៅនាទីទី៨១ ជួយឱ្យ PSG នាំមុខជាលើកទី៣ មុនពេលកីឡាករ Fabián Ruiz បន្ថែមគ្រាប់បាល់ទី៤ នៅ៥នាទីបន្ទាប់ដើម្បីធានាជ័យជម្នះយ៉ាងស្ថាពរ។
ថ្វីដ្បិតតែការប្រកួតនេះគឺជាជ័យជម្នះដ៏សំខាន់សម្រាប់ PSG ក៏ដោយ ប៉ុន្តែ Barcelona ដែលកំពុងត្រៀមខ្លួនសម្រាប់ជំនួប El Clasico ទល់នឹង Real Madrid នៅថ្ងៃអាទិត្យខាងមុខ ក៏បានបង្ហាញយ៉ាងច្បាស់ថា ពួកគេគឺជាឧបសគ្គដ៏ធំមួយសម្រាប់ក្ដីស្រមៃរបស់ក្លិបបារាំងមួយនេះ ក្នុងការការពារតំណែងជើងឯកនៅរដូវកាលនេះផងដែរ។
