ភ្នំពេញ ៖ ព្រឹត្តិការណ៍រត់ប្រណាំង Glow Night Run Vaseline គឺជាព្រឹត្តិការណរត់ពេលរាត្រី (យប់)ដែលប្រព្រឹត្តទៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ នៅមាត់ទន្លេត្រើយខាងកើត (ជ្រោយចង្វារ ) ជាមួយកម្មវិធិកម្សាន្តជាច្រើន ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំ២០២៧ ជាពិសេសដើម្បីផ្សព្វផ្សាយ វិស័យទេសចរណ៍ពេលរាត្រី សម្រាប់តំបន់ទេសចរណ៍ តាងដងទន្លេ នៅរាជធានីភ្នំពេញ របស់ប្រទេសកម្ពុជា ក្រោមការសហការជាមួយ សហព័ន្ធខ្មែរកីឡាអត្តពលកម្មស័្មគ្រចិត្ត គណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុង និងក្រុមហ៊ុនជាដៃគូ។

នាថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៦ លោក ដួង មាសចំរើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា ប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស័្មគ្រចិត្ត លោក សែម ផល្លា នាយកប្រវតិបត្តិនៃគណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុង និងលោកស្រី មិត្ត វុឌ្ឍធារី ប្រធានគ្រប់គ្រងផ្នែកផលិតផលសម្រស់ បានអញ្ជើញចូលរួមពិធីសន្និតសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍រត់ប្រណាំង Glow Night Run Vaseline នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន។

លោក ដួង មាសចំរើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា ប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស័្មគ្រចិត្ត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ប្រណាំង Glow Night Run Vaseline គឺជាព្រឹត្តិការណរត់ពេលរាត្រី (យប់)ដែលប្រព្រឹត្តទៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣៦ នៅមាត់ទន្លេត្រើយខាងកើត (ជ្រោយចង្វារ ) ជាព្រឹតិ្តការណ៍លើកដំបូងរបស់សហព័ន្ធ ហើយការជួបជុំបងប្អូនមហាជនអ្នករត់ដើម្បីសុខភាព និងព្រឹត្តិការណ៍ទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំសាលាក្រុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំ២០២៧ ។ តាងនាមប្រធានសហព័ន្ធសូមថ្លែងអរគុណក្រុមហ៊ុន Vaseline និងគណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុងបានរៀបចំការរត់នេះឡើង ជារួមចំណែកយ៉ាងធំសម្រាប់វិស័យកីឡាអត្តពលកម្ម។

លោកស្រី មិត្ត វុឌ្ឍធារី ប្រធានគ្រប់គ្រងផ្នែកផលិតផលសម្រស់ បានប្រាប់ឲ្យដឹងថា នេះជាលើកទី១ដែលក្រុមហ៊ុន Vaseline ចូលរួមព្រឹត្តិការណ៍រត់ប្រណាំង Glow Night Run Vaseline ក្នុងប្រទេសកម្ពុជា។ ការរត់នេះជាផ្នែកដែលធ្វើឲ្យប្រជាជនកម្ពុជាមានភាពសប្បាយរីករាយ សុខភាពល្អ និងធ្វើឲ្យសម្រស់ស្អាត ព្រមទំាងធ្វើឲ្យស្បែកស្អាតផ្សំនឹងការប្រើប្រាស់ផលិតផល Vaseline ។ អ្នកចូលរួមរត់នេះអាចបន្តសប្បាយជាមួយកម្មវិធីកម្សាន្តជាច្រើនជាមួយការបាញ់កាំជ្រួចអបអរសាទរឆ្នាំថ្មី ឆ្នាំ២០២៧ នៅមាត់ទន្លេត្រើយខាងកើត (ជ្រោយចង្វារ ) ។

លោក សែម ផល្លា នាយកប្រវតិបត្តិនៃគណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុង បានប្រាប់ដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងពេលរាត្រីធ្លាប់បានប្រព្រឹត្តិម្តងហើយកាលពី១០ ឆ្នាំមុន នៅខេត្តសៀមរាបទទួលបានការគាំទ្រយ៉ាងខ្លាំង។ ឥឡូវនេះ ព្រឹត្តិការណ៍រត់ពេលយប់បានត្រឡប់មកវិញជាមួយក្រុមហ៊ុនជាដៃគូ ដោយមានការគាំទ្រពីសហព័ន្ធខ្មែរកីឡាអត្តពលកម្មស័្មគ្រចិត្ត នឹងទទួលបានគាំទ្រយ៉ាងខ្លាំងពីកីឡាករ-កីឡាការិនីជារត់ចូលរួមទំាងអស់គ្នា៕




