កីឡា

កិច្ចប្រជុំឧត្តមមន្រ្តីកីឡា អាស៊ាន-ជប៉ុន កម្ពុជា បង្ហាញសុទិដ្ឋិនិយម នៃការសម្រេចទិសដៅសកម្មភាព កីឡាអាស៊ានជប៉ុន  

សៀមរាប ៖ កិច្ចប្រជុំឧត្តមមន្រ្តីកីឡាអាស៊ាន-ជប៉ុន ក្រោមការដឹកនាំដោយសហប្រធានភាគីកម្ពុជា លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីកីឡាអាស៊ាន និងភាគីជប៉ុន លោក SUGIURA Kentaro  អ្នកវិភាគនយោបាយកីឡាជាន់ខ្ពស់នៃទីភ្នាក់ងារកីឡាជប៉ុន  នៅថ្ងៃទី២១​ ខែតុលា ឆ្នាំ ២០២៦ នៅសណ្ឋាគារអង្គរអេមព្រីសអង្គរ ខេត្តសៀមរាប រៀបចំដោយក្រសួង អប់រំ យុវជន និងកីឡា សហការជាមួយ អគ្គនាយកដ្ឋានកីឡា និងនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន។
 
អមដោយលោក ប៉ុន សុខ ជាប្រធានឧត្តមមន្រ្តីកីឡាកម្ពុជា និងប្រតិភូឧត្តមមន្ត្រីកីឡាអាស៊ាន មកពីបណ្តាប្រទេសសមាជិកអាស៊ាន និងដៃគូពាក់ព័ន្ធរួមមាន តំណាងសាកលវិទ្យាល័យវិទ្យាសាស្ត្រជប៉ុន NIPPON, តំណាងទីភ្នាក់ងារប្រឆាំងដូប៉ាជប៉ុន (JADA), តំណាងក្រុមប្រឹក្សាកីឡាជប៉ុន (Sport for Tomorrow), តំណាងក្រុមប្រឹក្សា Portas, និងតំណាងមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិសម្រាប់កីឡា និងសមភាពយេនឌ័រនៃប្រទេសជប៉ុននៃសាកលវិទ្យាល័យ Seijo (SGE)។

អង្គប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពនៃសកម្មភាពសហប្រតិបត្តិការលើការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា ក្របខណ្ឌអភិវឌ្ឍគ្រូអប់រំគ្រូអប់រំកាយ កិច្ចសហការទីភ្នាក់ងារប្រឆាំងដូប៉ាជប៉ុន និងតំបន់ ការអភិវឌ្ឍក្របខណ្ឌអភិវឌ្ឍគ្រូបង្វឹកកីឡា និង កីឡាដើម្បីការអភិវឌ្ឍចីរភាព ដោយបន្ស៊ីសកម្មភាពការងារ អាស៊ាន‑ជប៉ុនជាមួយទិសដៅអាទិភាពនៃផែនការការងារអាស៊ានស្តីពីកីឡាឆ្នាំ២០២៦-២០៣០ សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ស្របតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន។

អង្គប្រជុំបានគូសបញ្ជាក់អំពីវឌ្ឍនភាព ផ្តោតលើការរៀបចំគោលការណ៍ណែនាំស្តីពីការអប់រំកាយប្រកបដោយបរិយាបន្ន និងកីឡាសម្រាប់ជនមានពិការភាព ។ ការរៀបចំក្របខ័ណ្ឌការអភិវឌ្ឍគ្រូបង្វឹកកីឡាស្តង់ដាអាស៊ានសម្រាប់កីឡាដើម្បីការកម្សាន្ត កីឡាថ្នាលនិស្ស័យ កីឡាកម្រិតខ្ពស់ដើម្បីលើកម្ពស់ការធ្វើសកម្មភាពកីឡាសមស្របតាមនិយាមបច្ចេកទេស និងគុណផលកីឡាកម្រិតខ្ពស់ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធផល ។ ការពង្រីកយន្តការកិច្ចសហការលើការរៀបចំផែនការអប់រំអំពីកីឡាស្អាតស្អំ ការប្រឆាំងការប្រើប្រាស់ដូប៉ា និងសុច្ចរិតភាពកីឡាស្របតាមស្តង់ដានៃក្រមប្រឆាំងដូប៉ាពិភពលោកឆ្នាំ២០២៧  ។ ការពង្រីកគម្រោងកីឡាដើម្បីការអភិវឌ្ឍដោយចីរភាព និង ៥. ការបញ្ជ្រាបគោលនយោបាយយេនឌ័រ និងកីឡាទៅក្នុងក្របខណ្ឌគោលនយោបាយ និងផែនការអភិវឌ្ឍកីឡាថ្នាក់ជាតិនៃប្រទេសសមាជិកអាស៊ាន។  

កម្ពុជា បានបង្ហាញពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយយេនឌ័រ និងកីឡា ឆ្នាំ២០២៦-២០៣០ ដែលផ្តោតលើការពង្រឹងសមត្ថភាពស្ត្រី លើកកម្ពស់ និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡា ទាំងកម្រិតជំនាញ និងកម្រិតថ្នាក់ដឹកនាំ និងការបង្កើតគណៈកម្មាការរៀបចំក្របខ័ណ្ឌការអភិវឌ្ឍគ្រូបង្វឹកកីឡាថ្នាក់ជាត និងលទ្ធផល នៃការលើកកម្ពស់សមត្ថភាពគ្រូអប់រំកាយ រហូតដល់កម្រិតបរិញ្ញាបត្រ និងបរិយាបត្រជាន់ខ្ពស់ត្រឹមឆ្នាំ២០៣០ ។

កិច្ចប្រជុំឧត្តមមន្រ្តីកីឡាអាស៊ានបូកជប៉ុន លើកទី៩ បានបេ្តជ្ញាជំរុញកិច្ចសហការអាស៊ាន‑ជប៉ុន និងដៃគូស្ថាប័ន ក្រុមហ៊ុនពាក់ព័ន្ធកីឡាជប៉ុន ដើម្បីការប្រើប្រាស់វិស័យកីឡាជាមធ្យោបាយលើកកម្ពស់សុខភាព សាមគ្គីភាព មិត្តភាព និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ព្រមទាំងរួមចំណែកកសាងសហគមន៍អាស៊ានប្រកបដោយសុខុមាលភាព បរិយាបន្ន និងចីរភាព៕

Most Popular

To Top