កីឡា

លោក កែ ប៉ុនខៀង និង លោក Chiang Chai Liang ដឹកនាំកិច្ចប្រជុំ ស្តីពីត្រៀមការប្រកួតកីឡាសាកលវិទ្យាល័យ អាស៊ានលើកទី២៣ ឆ្នាំ២០២៨ នៅកម្ពុជា

ភ្នំពេញ៖នៅសាលប្រជុំតូច របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោក កែ ប៉ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡានិស្សិតកម្ពុជា និង លោក Chiang Chai Liang អគ្គលេខាធិការក្រុមប្រឹក្សា កីឡាសាកលវិទ្យាល័យអាស៊ាន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន និងសម្របស្រួលការងារត្រៀមការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ នៅព្រះរាជាណាចក្រកម្ពុជា។

គណៈប្រតិភូ និងមន្ត្រីបច្ចេកទេសរបស់ក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ានដឹកនាំដោយលោក Chiang Chai Liang អគ្គលេខាធិការក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន មកសទ្សនាកិច្ចប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២២៦ ដើម្បីជួបពិភាក្សាការងារជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធ និងសហព័ន្ធកីឡានិស្សិតកម្ពុជា លើការងារ ត្រៀមរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ នៅព្រះរាជាណាចក្រកម្ពុជា និងបន្តត្រួតពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធកីឡាមួយចំនួនដែលកម្ពុជាបានត្រៀមសម្រាប់បម្រើឲ្យការប្រកួត។

លោក កែ ប៉ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធកីឡានិស្សិតកម្ពុជា ខ្ញុំមានក្តីរីករាយ និងកិត្តិយសយ៉ាងក្រៃលែង ដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Chiang Chai Liang អគ្គលេខាធិការ AUSC ព្រមទាំងសមាជិកគណៈកម្មាធិការប្រតិបត្តិ AUSC ទាំងអស់ ក្នុងឱកាសអញ្ជើញមកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

ជាបឋម ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈកម្មាធិការប្រតិបត្តិ AUSC បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ វត្តមានរបស់លោកអ្នក បង្ហាញឲ្យឃើញពីស្មារតីដ៏រឹងមាំ នៃកិច្ចសហប្រតិបត្តិការ មិត្តភាព និងសាមគ្គីភាព ក្នុងចំណោមសហគមន៍កីឡា សាកលវិទ្យាល័យអាស៊ាន ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់វិស័យ កីឡាសាកលវិទ្យាល័យ និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់តាមរយៈវិស័យកីឡា។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបន្តថា កម្ពុជាមានកិត្តិយស និងមោទនភាពបានត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី ២៣ ឆ្នាំ ២០២៨។ ព្រឹត្តិការណ៍កីឡាដ៏សំខាន់ក្នុងតំបន់នេះ នឹងផ្តល់ឱកាសដ៏មានតម្លៃសម្រាប់និស្សិតអត្តពលិកមកពីបណ្តាប្រទេសអាស៊ាន ដើម្បីបង្ហាញពីសមត្ថភាពកីឡាដ៏ឆ្នើមរបស់ពួកគេ លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក ព្រមទាំងពង្រឹងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជាតិរបស់យើង។ លោកសូមកោតសរសើរយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់ AUSC ក្នុងការគាំទ្រដល់កម្ពុជាសម្រាប់ការត្រៀមរៀបចំ និងការធ្វើផែនការសម្រាប់ព្រឹត្តិការណ៍នេះ រួមទាំងការវាយតម្លៃលើទីតាំងប្រកួត និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា ដែលយើងបានស្នើឡើង។ យើងខ្ញុំជឿជាក់ថា ទស្សនកិច្ចនេះនឹងផ្តល់ឱកាសដ៏ល្អប្រសើរសម្រាប់គណៈកម្មាធិការប្រតិបត្តិ AUSC និងក្រុមការងាររៀបចំរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរទស្សនៈ ចែករម្លែកជំនាញបច្ចេកទេស ការរៀបចំព្រឹត្តិការណ៍កីឡានេះ។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និង សហព័ន្ធកីឡានិស្សិតកម្ពុជា លោកសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់យើងក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ AUSC និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាការត្រៀមរៀបចំ សម្រាប់ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ ដំណើរការទៅដោយប្រសិទ្ធភាព និងស្របតាមតម្រូវការព្រមទាំងស្តង់ដារដែលបានកំណត់ដោយ AUSC៕

Most Popular

To Top