កីឡា

កីឡាការិនីគុនដាវកម្ពុជា កាលីស៊ី រ៉ាហ្គៀល អូហ្គា ឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាគុនដាវ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ នៅវៀតណាម

ភ្នំពេញ ៖ លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា បានប្រាប់ឲ្យដឹងថា ទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃវិស័យកីឡាគុនដាវកម្ពុជា ត្រូវបានបើកកាយយ៉ាងត្រចះត្រចង់ បន្ទាប់ពីកីឡាការិនីគុនដាវកម្ពុជា កាលីស៊ី រ៉ាហ្គៀល អូហ្គា បានបង្កើតព្រឹត្តិការណ៍ដ៏គួរឲ្យស្ញប់ស្ញែង ដោយឈ្នះមេដាយមាសលើវិញ្ញាសាឯកត្តជនក្នុងការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ (Southeast Asian Fencing Championships 2026)នៅវៀតណាម។

លោកអគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា បានបន្តថា ការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ នេះ ត្រូវបានរៀបចំឡើងនៅខេត្ត Quang Ninh ប្រទេសវៀតណាម ដោយមានកីឡាករ-កីឡាការិនីគុនដាវឆ្នើមៗប្រចាំតំបន់ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ។ ក្នុងចំណោមការប្រកួតប្រជែងយ៉ាងតឹងតែងនេះ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានក្លាយជាថ្ងៃដ៏អស្ចារ្យ និងជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ កីឡាការិនី កាលីស៊ី រ៉ាហ្គៀល អូហ្គា បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោបំផុត ជាមួយនឹងបច្ចេកទេសស្ទាត់ជំនាញ ស្មារតីប្រយុទ្ធមិនរាថយ និងការផ្តោតអារម្មណ៍ខ្ពស់នៅគ្រប់ទឹកនៃការប្រកួត។

ឈានចូលមកដល់វគ្គផ្តាច់ព្រ័ត្រ ភាពតានតឹង បានកើនឡើងដល់កម្រិតកំពូល ខណៈដែលទស្សនិកជនទាំងក្នុង និងក្រៅសង្វៀនសម្លឹងមើលការប្រកួត ដោយចង់ចាំលទ្ធផល។ កីឡាការិនី កាលីស៊ី រ៉ាហ្គៀល អូហ្គា បានប្រើប្រាស់យុទ្ធសាស្ត្រក្បាច់យ៉ាងរហ័ស រហ័សរហួន និងច្បាស់ៗ ធ្វើឱ្យគូប្រកួតពិបាកក្នុងទប់ទល់ ។

លោក សុខ អាង បានបញ្ជាក់ថា ជាលទ្ធផលចុងក្រោយ នាងបានយកឈ្នះគូប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័ត្រយ៉ាងដាច់ដោយពិន្ទុ ១៥ ទល់នឹង ៩។ ការឈ្នះពិន្ទុដាច់នេះ មិនត្រឹមតែបង្ហាញ ពីសមត្ថភាពដ៏លេចធ្លោ របស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំបែកឯកត្តកម្មថ្មី ស្រឡាងមួយសម្រាប់ កីឡាគុនដាវកម្ពុជា ក្នុងការដណ្ដើមបានមេដាយមាសកម្រិតអាស៊ីអាគ្នេយ៍ លើវិញ្ញាសាឯកត្តជននេះ ។
ស្នូរទះដៃអបអរសាទរ បានលាន់ឮពេញសង្វៀនប្រកួត នៅពេលដែលទង់ជាតិកម្ពុជា ត្រូវបានបង្ហូតឡើងខ្ពស់ អមដោយបទភ្លេងជាតិ។ ជ័យជម្នះដ៏ត្រចះត្រចង់របស់កីឡាការិនី កាលីស៊ី រ៉ាហ្គៀល អូហ្គា នាពេលនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងលះបង់ និងជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ប្រតិភូកីឡាកម្ពុជាទាំងមូល ។

ជ័យជម្នះជាប្រវត្តិសាស្ត្រនេះ មិនត្រឹមតែនាំមកនូវមោទនភាពយ៉ាងជ្រាលជ្រៅ ជូនដល់ប្រជាជាតិខ្មែរទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញា បញ្ជាក់យ៉ាងច្បាស់ថា កីឡាគុនដាវកម្ពុជាបាននិងកំពុងពង្រឹងសមត្ថភាពខ្លួនយ៉ាងរឹងមាំ ដើម្បីឈានទៅកាន់កម្រិតស្តង់ដារអន្តរជាតិ និងត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្តិការណ៍ធំៗ នាពេលអនាគត ៕

Most Popular

To Top