ភ្នំពេញ៖លោក ឈាង សុវណ្ណរតនា ប្រធានក្លិបការ៉ាតេ-ដូ ហនុមាន នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានជួបសំណេះសំណាល់ និងពិសាអាហារសាមគ្គីជាមួយ កីឡាករ-កីឡាការិនីក្លិបការ៉ាតេ-ដូ ហនុមានតំណាងឲ្យខេត្តព្រះសីហនុ ចូលរួមការប្រកួតប្រភេទកីឡាការ៉ាតេ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលមហាស្រពនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទីតាំងស្ថិតនៅតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្ស៊ី (ផ្លូវលេខ ១១០) សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦។
លោក ឈាង សុវណ្ណរតនា ប្រធានក្លិបការ៉ាតេ-ដូ ហនុមាន បានមានប្រសាសន៍ថា ក្នុងនាមតំណាងខេត្តព្រះសីហនុ ក្លិបការ៉ាតេ-ដូ ហនុមាន មានកិត្តយសចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី ៥ កីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ សង្ឃឹមថា កីឡាករ-កីឡាការិនីនឹងខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អ ជួយឲ្យខេត្តព្រះសីហនុបានឡើងចំណាត់ថ្នាក់ល្អលើតារាងមេដាយក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី ៥ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
លោកប្រធានក្លិបការ៉ាតេ-ដូ ហនុមាន បានបន្តថា នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្លឹបកីឡាការ៉ាតេ-ដូ ហនុមាន (កម្ពុជា) ជាសមាជិករបស់សហព័ន្ធកីឡាការ៉ាតេកម្ពុជាបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយសមាគមការ៉ាតេ វៀងចន្ទន៍នៃប្រទេសឡាវ និងសមាគមការ៉ាតេខេត្តង៉េអាន នៃប្រទេសវៀតណាម ក្នុងកិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពរវាងប្រទេសជិតខាង ពិសេសបង្ហាញពីសន្ដិភាពតាមរយៈវិស័យកីឡា។
ក្លឹបកីឡាការ៉ាតេ-ដូ ហនុមាន មួយជំហានទៅមួយជំហានកំពុងធ្វើដំណើរទៅមុន ហើយលោកប្រធានសង្ឃឹមថានឹងមានសមាជិកបន្ថែមសម្រាប់ក្លិប។ ការរីកចម្រើនរបស់ក្លឹបកីឡាការ៉ាតេ-ដូ ហនុមានបានបង្ហាញពីការសាមគ្គីគ្នា ស្មារតីកីឡា និងចុងក្រោយការបំពេញបន្ថែម និងជាបញ្ជក់សម្រាប់ឆ្លុះបញ្ចាំងដល់យុវជន -យុវនារីផ្សេងៗទៀត ព្រមទំាងសង្គមទំាងមូល។
លោក ឈាង សុវណ្ណរតនា បានបន្ថែមថា កីឡាជាស្ពានចម្លងឈានទៅរកការកសាងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងការបង្ហាញពីតម្លៃនៃសន្តិភាពក្នុងតំបន់តាមរយៈស្មារតីកីឡា ក៏ជាការរួមចំណែកមួយផ្នែក ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ តាមរយៈគម្រោងរៀបចំការប្រកួតអន្ដរជាតិ នាពេលខាងមុខ ខណៈក្លឹបកីឡាការ៉ាតេ-ដូ ហនុមាន គ្រោងនឹងរៀបចំឲ្យមានការប្រកួត អន្ដរជាតិលក្ខណៈបើកជំហរមួយ បន្ទាប់ពីកិច្ចសហការដ៏មានសារសំខាន់មួយនេះ៕











