កីឡា

លោក កែ ប៉ុនខៀង ៖ កម្ពុជាមានកិត្តិយស និងមោទនភាព ដែលធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ាន លើកទី ២៣ ឆ្នាំ ២០២៨

ភ្នំពេញ៖លោក កែ ប៉ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡានិស្សិតកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមានកិត្តិយស និងមោទនភាពបានត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ានលើកទី ២៣ ឆ្នាំ ២០២៨ ហើយព្រឹត្តិការណ៍កីឡាដ៏សំខាន់ក្នុងតំបន់នេះ នឹងផ្តល់ឱកាសដ៏មានតម្លៃ សម្រាប់និស្សិតអត្តពលិកមកពីបណ្តាប្រទេសអាស៊ាន ដើម្បីបង្ហាញពីសមត្ថភាពកីឡា ដ៏ឆ្នើមរបស់ពួកគេ លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក ព្រមទាំងពង្រឹងមិត្តភាព និងសាមគ្គីភាពរវាង ប្រជាជាតិរបស់យើង។

លោក កែ ប៉ុនខៀង បានលើកឡើងនៅសាលប្រជុំតូចមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាក្នុងកិច្ចប្រជុំក្រុមប្រឹក្សា កីឡាសាកលវិទ្យាល័យអាស៊ាន និងសម្របស្រួលការងារត្រៀមការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ នៅកម្ពុជាដោយមានការអញ្ជើញលោក Chiang Chai Liang អគ្គលេខាធិការ និងមន្ត្រីក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។

លោកសូមកោតសរសើរយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់ AUSC ក្នុងការគាំទ្រដល់កម្ពុជាសម្រាប់ការត្រៀមរៀបចំ និងការធ្វើផែនការសម្រាប់ព្រឹត្តិការណ៍នេះ រួមទាំងការវាយតម្លៃលើទីតាំងប្រកួត និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា ដែលយើងបានស្នើឡើង។ យើងខ្ញុំជឿជាក់ថា ទស្សនកិច្ចនេះនឹងផ្តល់ឱកាសដ៏ល្អប្រសើរសម្រាប់គណៈកម្មាធិការប្រតិបត្តិ AUSC និងក្រុមការងាររៀបចំរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរទស្សនៈ ចែករម្លែកជំនាញបច្ចេកទេស ការរៀបចំព្រឹត្តិការណ៍កីឡានេះ។

លោកប្រធានសហព័ន្ធកីឡានិស្សិតកម្ពុជាបន្ថែមថា ក្រៅពីកម្មវិធីផ្លូវការរបស់យើង ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោកអ្នកនឹងទទួលបានបទពិសោធន៍ដ៏រីករាយ និងចងចាំមិនភ្លេចក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។ រាជធានីភ្នំពេញ គឺជាទីក្រុងដ៏រស់រវើក រួមបញ្ចូលគ្នានូវការអភិវឌ្ឍបែបទំនើប ជាមួយនឹងប្រវត្តិសាស្ត្រដ៏យូរលង់ និងបេតិកភណ្ឌវប្បធម៌។ លោកសូមលើកទឹកចិត្តឲ្យលោកអ្នកឆ្លៀតឱកាស ដើម្បីស្វែងយល់ពីប្រពៃណីខ្មែរទទួលយកនូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ សាកល្បងម្ហូបអាហារក្នុងស្រុក និងស្វែងយល់បន្ថែម អំពីអត្តសញ្ញាណវប្បធម៌ និងបេតិកភណ្ឌ នៃព្រះរាជាណាចក្ររបស់យើង។

គណៈប្រតិភូ និងមន្ត្រីបច្ចេកទេស របស់ក្រុមប្រឹក្សាកីឡា សាកលវិទ្យាល័យអាស៊ានដឹកនាំដោយលោក Chiang Chai Liang អគ្គលេខាធិការក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន មកសទ្សនាកិច្ចប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២២៦ ដើម្បីជួបពិភាក្សាការងារជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធ និងសហព័ន្ធកីឡានិស្សិតកម្ពុជា លើការងារ ត្រៀមរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ នៅព្រះរាជាណាចក្រកម្ពុជា និងបន្តត្រួតពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធកីឡា មួយចំនួនដែលកម្ពុជាបានត្រៀមសម្រាប់បម្រើឲ្យការប្រកួត៕
ដោយ៖លី ភីលីព

Most Popular

To Top