បរទេស៖ ក្រុមបាល់ទាត់ Borussia Dortmund បានស្វែងរកបាន ៩ ពិន្ទុនៅក្នុងតារាងចំណាត់ថ្នាក់ក្របខ័ណ្ឌ Champions League តាមរយៈជ័យជម្នះដ៏ស្វិតស្វាញក្នុងលទ្ធផល ២-១ លើក្រុមភ្ញៀវ Real Betis នៅឯកីឡដ្ឋាន Signal Iduna Park។ ខ្សែប្រយុទ្ធ Fabio Silva និងកីឡាករបម្រុង Konstantinos Karetsas គឺជាអ្នករកគ្រាប់បាល់ដ៏សំខាន់ ដើម្បីជួយឲ្យក្រុមម្ចាស់ផ្ទះយកឈ្នះលើក្រុមដ៏រឹងរូសមកពីប្រទេសអេស្ប៉ាញមួយនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ក្រុម Borussia Dortmund បានធានានូវ ៣ ពិន្ទុដ៏មានសារៈសំខាន់បំផុតសម្រាប់គោលដៅឆ្ពោះទៅកាន់វគ្គបន្តនៃពានរង្វាន់ Champions League របស់ខ្លួន នៅក្នុងការប្រកួតដែលពិតជាមានភាពតានតឹង និងរស់រវើកខ្លាំងនៅក្នុងវគ្គទីពីរ។ បន្ទាប់ពីការប្រកួត ៤៥ នាទីដំបូងដែលមានភាពប្រយ័ត្នប្រយែងខ្ពស់ និងបញ្ចប់ទៅដោយគ្មានគ្រាប់បាល់ ភាពជាប់គាំងផ្នែកយុទ្ធសាស្ត្រត្រូវបានបំបែកនៅដើមវគ្គទីពីរ នៅពេលដែលកីឡាករ Silva អាចស៊ុតបញ្ចូលទីបានសម្រេច។ ទោះបីជាក្រុម Dortmund អាចគ្រប់គ្រងបាល់បានភាគច្រើនក៏ពិតមែន ប៉ុន្តែពួកគេត្រូវបានតាមស្មើមកវិញមួយរយៈខ្លី តាមរយៈការស៊ុតបញ្ចប់ទីយ៉ាងល្អពីសំណាក់កីឡាករ Aitor Ruibal ដែលស្ទើរតែធ្វើឱ្យអ្នកគាំទ្រម្ចាស់ផ្ទះមានការខកចិត្តទៅហើយ។
យ៉ាងណាមិញ ក្រុមដែលដឹកនាំដោយលោកគ្រូបង្វឹក Niko Kovac បានបង្ហាញពីស្មារតីរឹងមាំយ៉ាងខ្លាំងក្នុងការដណ្តើមយកការគ្រប់គ្រងការប្រកួតមកវិញ ខណៈដែលការសម្រេចចិត្តប្តូរយកកីឡាករវ័យក្មេង Karetsas ចូលលេង ត្រូវបានចាត់ទុកថាជាយុទ្ធសាស្ត្រដ៏ចំណានបំផុត (Masterstroke)។
ការស៊ុតបញ្ចូលទីយ៉ាងត្រឹមត្រូវរបស់កីឡាករបម្រុងរូបនេះនៅនាទីទី ៧២ បានជួយឱ្យក្រុមម្ចាស់ផ្ទះនាំមុខជាថ្មីម្តងទៀត និងឈានទៅបញ្ចប់ការប្រកួតដោយជោគជ័យ ដែលលទ្ធផលនេះឆ្លុះបញ្ចាំងពីទម្រង់លេងសង្កត់ផ្ទៃមុខ ចំនួននៃការស៊ុតដ៏ច្រើនលើសលប់ និងអត្រានៃការរំពឹងទុកគ្រាប់បាល់ (2.47 xG) របស់ក្រុម Dortmund។
គួរកត់សម្គាល់ថា ទោះបីជាក្រុម Betis នៅតែបន្តបង្ហាញពីការគំរាមកំហែងតាមរយៈការវាយបក (Counter-attack) ក៏ដោយ ប្រព័ន្ធលេង ៣-៤-២-១ ដ៏រឹងមាំរបស់ Dortmund បានអនុញ្ញាតឱ្យពួកគេដណ្តើមការគ្រប់គ្រងបាល់ឡើងវិញបានយ៉ាងមានប្រសិទ្ធភាព និងអាចរក្សាជ័យជម្នះរហូតដល់ផ្លុំកញ្ចែបញ្ចប់ការប្រកួត ទោះបីជាមានការដាក់សម្ពាធយ៉ាងខ្លាំងនៅចុងម៉ោងពីសំណាក់ក្រុមភ្ញៀវក៏ដោយ៕
ប្រែសម្រួល៖ គីរី
