ភ្នំពេញ៖ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកលោក ប៉ុក ណណ្ដា អនុប្រធានសហព័ន្ធកីឡារាំកម្ពុជាថ្លែងថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកកីឡារាំបានធ្វើឡើង ក្នុងគោលបំណងដើម្បីអភិវឌ្ឍធនធាន មន្ត្រីបច្ចេកទេសទទួលបាននូវចំណេះជំនាញ ការគ្រប់គ្រង និងការដឹកនាំរៀបចំការប្រកួតកីឡា ការបែងចែកតួនាទីភារកិច្ចរបស់មន្ត្រីបច្ចេកទេស របៀបរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់អន្តរជាតិ និងក្រមសីលធម៌មន្ត្រីបច្ចេកទេសកីឡា។
ការថ្លែងរបស់លោកជំទាវបានធ្វើឡើង ក្នុងឱកាសបិទបញ្ចប់ដោយជោគជ័យវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេក ទេសកីឡារាំ ដែលបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីលោកលោក ម៉ក់ វណ្ណស៊ីថា អនុប្រធានសហព័ន្ធកីឡារាំកម្ពុជា លោកស្រី ចៅសុគន្ធី អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន លោកស្រីឧកញ៉ា សុខ សុវណ្ណារី ទីប្រឹក្សាសហព័ន្ធ លោកsស្រីឧកញ៉ា សឿត មុំសុភា និងលោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធ។
លោកស្រី ប៉ុក ណណ្ដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំវគ្គបណ្តុះបណ្តាលដែលបានរៀបចំដោយរលូនតាមការគ្រោងទុក ប្រកបដោយភាពជោគជ័យ។ ជាមួយគ្នានេះ លោកជំទាវក៏បានលើកទឹកចិត្តដល់មន្ត្រីទាំងអស់បន្តការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជំនាញកីឡារាំឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបានជម្រាបជូនថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកីឡារាំ បានចាប់ផ្តើមពីថ្ងៃទី០១-០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា។ ដោយបានការអនុញ្ញាតជាគោលការណ៍ពីលោកជំទាវប្រធានសហព័ន្ធកីឡារាំកម្ពុជា សហព័ន្ធបានរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស កីឡារាំ ដែលមានសិក្ខាកាមចូលរួមសរុប ៣០នាក់ (ស្រី១៨នាក់)។ វគ្គបណ្តុះ បណ្តាលនេះមានគ្រូឧទ្ទេស លោកជំទាវ ម៉ក់ វណ្ណស៊ីថា លោកស្រី ហង់ ស៊ីមន លោកគ្រូ ស៊ូវ តុង និងកញ្ញា YOU SHU JIE។
លោកស្រីអគ្គលេខាធិការបន្ថែមថា ឆ្លងតាមការសិក្សារយៈពេល០៤ថ្ងៃ គឺសិក្ខាកាមទាំងអស់បានទទួលនូវចំណេះដឹងបន្ថែមទៀតជាច្រើន ដើម្បីអភិវឌ្ឍមន្ត្រីបច្ចេកទេសកីឡារាំ និងការគ្រប់គ្រងការប្រកួតកីឡា ការដឹកនាំ និងការរៀបចំការប្រកួត ដោយផ្អែកលើការអនុវត្តវិទ្យាសាស្ត្រគ្រប់គ្រងទៅលើព្រឹត្តិការណ៍ប្រកួតកីឡា ដើម្បីធានាថាការប្រកួតប្រព្រឹត្តទៅដោយ សមធម៌ មានសុវត្ថិភាព តម្លាភាព និងស្របតាមស្តង់ដាអន្តរជាតិ តួនាទី និងភារកិច្ចរបស់មន្ត្រីបច្ចេកទេសកីឡារាំ ក្រមសីលធម៌មន្ត្រីបច្ចេកទេស បទពិសោធន៍ល្អៗ ដល់សិក្ខាកាមរបស់យើង ដើម្បីបង្កើនធនធានជាមន្ត្រីបច្ចកទេសកីឡារាំឱ្យកាន់តែរីកចំរើន។ សិក្ខាកាមដែលទទួលនិទ្ទេសល្អ ៨០% និទ្ទេសមធ្យមចំនួន២០%។
អគ្គលេខាធិការដដែលបានចាត់ទុកថា វគ្គបណ្តុះបណ្តាលនេះពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ដល់សិក្ខាកាមំ ក្នុងការពង្រឹងសមត្ថភាព សមត្ថភាព និងបង្កើនធនធានមនុស្សជាមន្ត្រីបច្ចេកទេសកីឡារាំ និងជាពិសេសសិក្ខាកាមទាំងអស់បានយល់ដឹងកាន់តែច្បាស់ពីការវិវឌ្ឍន៍របស់ច្បាប់ប្រកួត ប្រព័ន្ធវិនិច្ឆ័យពិន្ទុ និងបទបញ្ជាគ្រប់គ្រងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ៕



