កីឡា

Haaland ស៊ុតគ្រាប់ជ័យជម្នះក្នុងជំនួបដ៏ជក់ចិត្ត ខណៈ Man City យកឈ្នះ Leipzig យ៉ាងស្វិតស្វាញ

​អាល្លឺម៉ង់៖ ក្រុមបាល់ទាត់ Manchester City បានរបូតការនាំមុខរហូតដល់ទៅពីរដងនៅក្នុងប្រទេសអាល្លឺម៉ង់ ប៉ុន្តែចុងក្រោយនៅតែអាចដណ្តើមបាន ៣ ពិន្ទុពេញ ដែលលទ្ធផលនេះបានជួយរុញច្រានក្រុមរបស់លោកអ្នកចាត់ការ Enzo Maresca ឱ្យឡើងទៅឈរនៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៨ (Top 8) នៃក្របខ័ណ្ឌ Champions League នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​លោក Maresca បានធ្វើការផ្លាស់ប្តូរកីឡាករចំនួន ៤ នាក់ បន្ទាប់ពីការបរាជ័យក្នុងដីកាលពីប្រកួតមុនទល់នឹងក្រុម Brighton ដោយខ្សែការពារ Ruben Dias ត្រូវធ្លាក់ទៅអង្គុយនៅកៅអីបម្រុង ខណៈខ្សែប្រយុទ្ធ Erling Haaland ទទួលភារកិច្ចពាក់ស្លាកប្រធានក្រុម។ ក្រុម Man City បានគ្រប់គ្រងបាល់រហូតដល់ ៦៥% ប៉ុន្តែក្រុមម្ចាស់ផ្ទះ Leipzig ឯណោះទេដែលមានឱកាសស៊ុតច្រើនជាង (១៤ ដង ទល់នឹង ១២ ដង) ជាពិសេសកីឡាករ Antonio Nusa និង David Raum បានបង្កើតការគំរាមកំហែងជាច្រើននៅតំបន់ស្លាបឆ្វេងពេញមួយការប្រកួត។

​យ៉ាងណាមិញ កីឡាករ Castello Lukeba របស់ Leipzig បានធ្វើអំណោយផលផ្តល់ការនាំមុខដល់ក្រុមភ្ញៀវ Man City នៅនាទីទី៣៧ បន្ទាប់ពីភ្លាត់ស្នៀតទាត់បាល់បញ្ចូលទីខ្លួនឯង (Own goal) ពេលព្យាយាមទប់ស្កាត់ការបញ្ជូនបាល់ខ្វែងរបស់ Nico O’Reilly។ ចូលដល់វគ្គទីពីរ នាទីទី៤៩ កីឡាករ Ridle Baku បានស៊ុតតាមស្មើវិញ ដោយទម្លាយការការពាររបស់អ្នកចាំទី Gianluigi Donnarumma នៅបង្គោលទីទីមួយ បន្ទាប់ពីកីឡាករ Brajan Gruda បានអូសបាល់ប្រជ្រៀតកាត់ខ្សែការពារ Elliot Anderson យ៉ាងល្អ។

​នៅនាទីទី៥៨ Enzo Fernandez បានតែតបាល់បញ្ចូលទីពីការបញ្ជូនរបស់ Iliman Ndiaye ដើម្បីជួយ Man City នាំមុខសាជាថ្មី ប៉ុន្តែត្រឹមតែ ៣ នាទីក្រោយមកប៉ុណ្ណោះ កីឡាករ Nusa ក៏បានស៊ុតតាមស្មើវិញម្តងទៀត ពីការបញ្ជូនបាល់យ៉ាងល្អរបស់កីឡាករបម្រុង Christopher Nkunku។

​ទីបំផុត ខ្សែប្រយុទ្ធ Erling Haaland បានក្លាយជាអ្នកកាត់សេចក្តីក្នុងការប្រកួតដ៏តានតឹងនេះនៅនាទីទី៧៨ ដោយស៊ុតបញ្ចូលទីពីការបញ្ជូនបាល់រាបកាត់ត្រឡប់ក្រោយ (Cut-back) របស់កីឡាករ Anderson ដែលនេះគឺជាគ្រាប់បាល់ទី ១៣ របស់ Haaland ក្នុងចំណោមការបង្ហាញខ្លួន ៩ ប្រកួតទល់នឹងក្រុម Leipzig។

​លទ្ធផលនេះបានធ្វើឱ្យក្រុម Man City បញ្ចប់ការប្រកួតដោយឈរនៅចំណាត់ថ្នាក់ទី៧ និងមាន ៩ ពិន្ទុ ខណៈដែលក្រុម Leipzig បន្តឈរនៅលេខរៀងទី២៩ ដោយមានត្រឹមតែ ៣ ពិន្ទុប៉ុណ្ណោះក្នុងតារាង។

ប្រែសម្រួល៖ គីរី

Most Popular

To Top