កីឡា

Konrad Laimer ឡើងជើង ខណៈ Kane ប៉ះសេជួយ Bayern បំបាក់ Atletico Madrid ២-០ ដល់ក្នុងផ្ទះ

បរទេស៖ ទោះបីជាខ្សែប្រយុទ្ធ Harry Kane បានខកខានឱកាសជាច្រើនក៏ដោយ ក៏រូបគេនៅតែអាចបញ្ជូនបាល់ (Assist) ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ដើម្បីជួយក្រុម Bayern Munich បញ្ចប់កំណត់ត្រាស្មើពីរប្រកួតជាប់គ្នាក្នុងក្របខណ្ឌ Champions League រួមទាំងអាចរក្សាសំណាញ់ទីមិនឱ្យរបូតគ្រាប់បាល់ (Clean sheet) ជាលើកដំបូងក្នុងចំណោម ៨ ប្រកួតចុងក្រោយផងដែរ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៤​ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រុមយក្សអាល្លឺម៉ង់ Bayern Munich បានយកឈ្នះក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Riyadh Air Metropolitano ដោយរកបានពីរគ្រាប់នៅតង់ទីពីរ ដើម្បីផ្តល់នូវបរាជ័យជាលើកដំបូងក្នុងចំណោម ១០ ប្រកួតចុងក្រោយ ដល់ក្រុមម្ចាស់ផ្ទះរបស់លោក Diego Simeone។

កូនក្រុមរបស់លោក Rene Maric បានគ្រប់គ្រងការប្រកួតយ៉ាងល្អនៅតង់ទីមួយ ដោយកាន់កាប់បាល់ប្រមាណពីរភាគបី ប៉ុន្តែ Harry Kane និងកីឡាករ Karl បានខកខានឱកាសល្អៗជាច្រើន។ ចំណែកឯកីឡាករ Alexander Sørloth របស់ក្រុមម្ចាស់ផ្ទះ ក៏បានខកខានឱកាសដ៏ល្អបំផុតនៃការប្រកួតនៅតង់ទីមួយនាទីទី ៣០ ផងដែរ។

ការបំបែកពងមាន់បានកើតឡើង ៩ នាទីបន្ទាប់ពីចាប់ផ្តើមតង់ទីពីរ នៅពេលដែលខ្សែការពារ Robin Le Normand មានភាពយឺតយ៉ាវក្នុងការទាត់បាល់ចេញ ធ្វើឱ្យ Karl ឆក់យកបាល់បាន រួចស៊ុតទម្លាយសំណាញ់ទីរបស់អ្នកចាំទី Jan Oblak តែម្ដង។ ក្រោយមក Konrad Laimer បានធានាជ័យជម្នះទាំងស្រុងនៅនាទីទី ៧៤ តាមរយៈការបញ្ជូនបាល់យ៉ាងល្អពី Kane។ ក្រុម Bayern គួរតែទទួលបានគ្រាប់បាល់ទីបីទៅហើយ នៅពេលដែល Marc Pubill បានធ្វើឱ្យភ្លាត់ចូលទីខ្លួនឯង (Own goal) ពីការទាត់បាល់ជ្រុងរបស់ Joshua Kimmich ប៉ុន្តែគ្រាប់បាល់នេះត្រូវបានអាជ្ញាកណ្តាលបដិសេធចោល ដោយសារតែ Dayot Upamecano បានប្រព្រឹត្តកំហុសមុន។

ជ័យជម្នះនេះបានជួយឱ្យក្រុមដែលមិនទាន់ស្គាល់ជាតិចាញ់ Bayern ហក់ឡើងទៅឈរនៅចំណាត់ថ្នាក់ទី ៨ ក្នុងវគ្គសន្សំពិន្ទុ (League phase) ដោយមាន ៨ ពិន្ទុ ខណៈដែលក្រុម Atletico Madrid ធ្លាក់ទៅឈរនៅលេខ ២២ មានត្រឹម ៤ ពិន្ទុ។

ប្រែសម្រួល៖​ គីរី

Most Popular

To Top