ភ្នំពេញ៖ កីឡាករ-កីឡាការិនីកីឡាយូដូមកពីក្រសួង និងរាជធានីខេត្តចំនួន ៩ លើប្រភេទកីឡាយូដូ បានចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តិចាប់ថ្ងៃទី៥ ដល់ថ្ងៃទី ៨ ខែវិច្ចិកា ឆ្នាំ២០២៦ នៅអាគារដំបូលទូក ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងខេមរសហព័ន្ធកីឡាយូដូ។
លោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និង គ្រូបង្វឹករបស់ខេមរសហព័ន្ធកីឡាយូដូ បានប្រាប់ឲ្យដឹងថា បានប្រាប់ឲ្យដឹងថា សម្រាប់ប្រភេទកីឡាយូដូ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៥ ឆ្នាំ២០២៦ និង និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ មានកីឡាករ-កីឡាការិនីកីឡាមកពី ៩ក្រសួង និងរាជធានីខេត្ត រួមមានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តបាត់ដំបង និងខេត្តកណ្តាល។
លោកប្រធានបច្ចេកទេស បានបន្តថា ចំណែកកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ មានកីឡាករ-កីឡាការិនីកីឡាមកពី ៦ រាជធានីខេត្ត រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តកណ្តាល។
បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតឆ្នាំនេះមានប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីចូលរួមប្រមាណជា ៤,៦៨០នាក់ ដែលអញ្ជើញមកពី២៥ រាជធានី-ខេត្ត និងក្រសួងចំនួន៣ មានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមាន៣២ប្រភេទកីឡា លើ២៥៨ វិញ្ញាសា។
អត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ប្រដាល់សកល បាល់ទាត់ ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូWT វាយកូនបាល់ បាល់ទះ កាយសម្ព័ន្ធ យូដូ ការ៉ាតេ ទោចក្រយាន ទ្រីយ៉ាត្លុង គុនដាវ ទូកប្រពៃណី ប្រដាល់គុនខ្មែរ ល្បុក្កតោ ប៉េតង់ រាំ វ៉ូវីណាម ប៊ីយ៉ា ជឺជិតស៊ូ ឃីកបុកស៊ីង សូហ្វតិន្នីស តេក្វាន់ដូ អុកចត្រង្គ លើកទម្ងន់ ហុកគី និងវូស៊ូ។
ដោយឡែក សម្រាប់កីឡាជាតិជនពិការមាន ១០ប្រភេទកីឡា លើ៤៦វិញ្ញាសាប្រកួត៖ អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះជនពិការ កូនឃ្លីលើតុជនពិការ បាល់ទះអង្គុយ អុកជនពិការ បូស្យាជនពិការ យូដូជនពិការ លើកទម្ងន់ជនពិការ និងវាយសីជនពិការ៕
ដោយ៖លី ភីលីព



