ខេត្តស្វាយរៀង៖ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស៣ គ្រឿងនៃការប្រកួតកីឡាប្រណាំងទូក ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិ លើកទី៥ ឆ្នាំ២០២៦ ដែលប្រព្រឹត្តិចាប់ថ្ងៃទី៧ ដល់ថ្ងៃទី ១០ ខែវិច្ចិកា ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា និងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។

នាថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០២៦ ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធិប្រគល់ដល់កីឡាករ-កីឡាការិនី និងបិទការប្រកួតកីឡាប្រណាំងទូកក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិ លើកទី៥ ឆ្នាំ២០២៦ ជាផ្លូវការ។

ដោយមានប្រតិភូចំនួន ៧ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ខេត្តស្វាយរៀង រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តព្រះសីហនុ និងខេត្តកណ្តាល មានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៩៩ នាក់។ ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាសចំនួន ៣ គ្រឿង ក្រសួងការពារជាតិ ឈ្នះមេដាយ ៣ គ្រឿង ក្នុងនោះមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង ខេត្តស្វាយរៀង ឈ្នះមេដាយ ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង ខេត្តព្រះសីហនុ ឈ្នះមេដាយសំរឹទ្ធ ១ គ្រឿង និងខេត្តកណ្តាល ឈ្នះមេដាយសំរឹទ្ធ ១ គ្រឿង៕


