សិល្បៈ និង កម្សាន្ត

ភាពយន្តឯកសារ ‘Always Lalisa’ របស់ Lisa នឹងចាក់បញ្ចាំងនៅលើ YouTube Premium ខណៈតារាចម្រៀងរូបនេះ ត្រៀមបញ្ចេញបទចម្រៀងថ្មី “Leave With Me” (

​បរទេស៖ ភាពយន្តឯកសារ Always Lalisa ដែលបង្ហាញពីទិដ្ឋភាពក្រៅឆាក របស់តារាចម្រៀងប៉ុបលំដាប់ពិភពលោក Lisa ដឹកនាំរឿងដោយអ្នកស្រី Sue Kim នឹងអាចទស្សនាបានក្នុងពេលឆាប់ៗនេះនៅលើ YouTube Premium នេះបើយោងតាមការចុះផ្សាយផ្តាច់មុខរបស់សារព័ត៌មាន The Hollywood Reporter ។

​ភាពយន្តឯកសារដែលផលិត ដោយផលិតកម្ម Sony Music Vision នេះ ត្រូវបានចាក់បញ្ចាំងជាលើកដំបូង នៅមហោស្រពភាពយន្តអន្តរជាតិ តូរ៉ុនតូ (Toronto International Film Festival) កាលពីខែកញ្ញា និងបានចាក់បញ្ចាំងក្នុងកម្រិតកំណត់នៅតាមរោងភាពយន្តកាលពីខែមុន។ លោក Lyor Cohen ប្រធានផ្នែកតន្ត្រីសកលរបស់ YouTube បានប្រាប់ THR ថា ការសម្រេចចិត្តនាំយកភាពយន្តឯកសារនេះ មកកាន់ផ្លែតហ្វមរបស់ខ្លួន គឺជាការសម្រេចចិត្តដ៏ងាយស្រួលបំផុត ដោយសារតែយុទ្ធសាស្ត្រផ្តោត លើភាពជាសកលរបស់ផ្លែតហ្វមនេះ។

​Lisa បានប្រាប់ THR តាមរយៈទូរស័ព្ទអំឡុង ពេលហាត់សមថា៖ “YouTube គឺជាផ្នែកមួយដ៏ធំនៃដំណើររបស់ខ្ញុំ តាំងពីដើមដំបូងមកម្ល៉េះ។” តារាចម្រៀងលំដាប់ពិភពលោក និងជាសមាជិកក្រុមចម្រៀងនារី Blackpink រូបនេះបន្តទៀតថា៖
“ចាប់តាំងពីការចែករំលែកវីដេអូចម្រៀង (Music Videos) រហូតដល់ការផ្សាយផ្ទាល់ការសម្តែងរបស់ខ្ញុំនៅ Coachella វាបានជួយខ្ញុំឱ្យឈានទៅដល់អ្នកគាំទ្រជុំវិញពិភពលោក ដូច្នេះវាជារឿងដ៏ត្រឹមត្រូវសម្រាប់ខ្ញុំក្នុងការចែករំលែកភាពយន្តឯកសាររបស់ខ្ញុំនៅលើ YouTube។”

ភាពយន្តនេះនឹងមានវត្តមាននៅលើផ្លែតហ្វមវីដេអូមួយនេះនៅថ្ងៃទី ១៨ ខែវិច្ឆិកា ហើយនឹងមានសម្រាប់តែសមាជិក Premium ប៉ុណ្ណោះ។ តារាចម្រៀង និងរ៉េបវ័យ ២៩ ឆ្នាំរូបនេះ ក៏នឹងបញ្ចេញបទចម្រៀងថ្មីមួយដែលមានចំណងជើងថា “Leave With Me” នៅថ្ងៃទី ១៨ វិច្ឆិកា ផងដែរ។ បទចម្រៀងនេះត្រូវបានបង្កើតឡើងសម្រាប់ និងដាក់បញ្ចូលក្នុងភាពយន្តឯកសារនេះផ្ទាល់តែម្តង។

Lisa បានប្រាប់ THR អំពីអារម្មណ៍រំភើបដែលអ្នកគាំទ្រអាចទស្សនាភាពយន្តនេះនៅផ្ទះថា៖ “ខ្ញុំពិតជារំភើបណាស់។ ខ្ញុំ និងម្តាយរបស់ខ្ញុំបានទៅរោងកុនដើម្បីទស្សនាភាពយន្តនេះ ប៉ុន្តែពួកយើងក៏បាននិយាយដែរថា ‘អូ! យើងស្ទើរតែមិនអាចរង់ចាំឱ្យភាពយន្តនេះចេញនៅលើ YouTube បានទេ ដើម្បីយើងអាចមើលវាឡើងវិញបានដោយមិនឈប់’។”

តារាចម្រៀងរូបនេះបាននិយាយថា ការគាំទ្រចំពោះភាពយន្តឯកសារនេះពីសំណាក់មនុស្សជុំវិញខ្លួននាងពិតជាអស្ចារ្យណាស់។ សូម្បីតែមិត្តភក្តិជិតស្និទ្ធបំផុតរបស់នាងមួយចំនួនក៏បានប្រាប់នាងដែរថា ភាពយន្តនេះបានជួយពួកគេឱ្យស្វែងយល់បន្ថែមអំពីនាង ដោយបានដឹងពីការលំបាកមួយចំនួនដែលនាងត្រូវជម្នះតាមរយៈខ្សែភាពយន្តនេះ ខណៈដែលកន្លងមកនាងតែងតែបង្ហាញភាពរឹងមាំចំពោះអ្នកជុំវិញខ្លួនជានិច្ច។

​ថ្មីៗនេះ Lisa ទើបតែបានចេញផ្សាយអាល់ប៊ុមខ្នាតតូច (EP) ដែលមានចំណងជើងថា Press Play កាលពីខែតុលា ដោយនាំមុខដោយបទចម្រៀងចេញមុន “SaWaDiKa”។ ចាប់តាំងពីអាល់ប៊ុមនោះចេញផ្សាយមក តារាចម្រៀងរូបនេះមានភាពមមាញឹកយ៉ាងខ្លាំងក្នុងការត្រៀមខ្លួនសម្រាប់ការសម្តែងប្រចាំការ (Residency) នៅទីក្រុង Las Vegas របស់នាង ដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ (ទី ១២ វិច្ឆិកា) នៅសាលប្រគុំតន្ត្រី The Colosseum ក្នុងសណ្ឋាគារ Caesars Palace។ តារាចម្រៀងរូបនេះបានបង្ហាញក្តីរំភើប និងការភ័យអរខ្លះៗចំពោះសមិទ្ធផលនេះ ដោយសារនាងនឹងក្លាយជាតារា K-pop ដំបូងគេដែលមានការសម្តែងប្រចាំការនៅ Las Vegas។

ទីតាំងប្រគុំតន្ត្រីដែលមានកៅអីជាង ៤,០០០ នេះ គឺមានលក្ខណៈកក់ក្តៅ និងជិតស្និទ្ធសម្រាប់តារាចម្រៀងរូបនេះ ដែលធ្លាប់តែសម្តែងនៅកីឡដ្ឋាន សាលធំៗ និងព្រឹត្តិការណ៍ដែលមានអ្នកទស្សនាច្រើន។ នាងបានបន្ថែមថា៖ “អ្នកអាចមើលឃើញមុខអ្នកគ្រប់គ្នាយ៉ាងជិត។ ខ្ញុំដឹងថាពួកគេនឹងនៅកៀកខ្ញុំខ្លាំង ដូច្នេះខ្ញុំសង្ឃឹមថាខ្ញុំអាចមើលភ្នែកអ្នកគ្រប់គ្នាបានដោយផ្ទាល់។”

ប្រែសម្រួល៖ គីរី

Most Popular

To Top