បរទេស៖ តារាសម្តែងល្បីឈ្មោះ Brad Pitt បានរំលឹកទាំងសំណើចថា ៖ “អត្ថបទរឿងខ្លះអ្នកចងចាំមិនភ្លេច នៅពេលអានជាលើកដំបូង ហើយសម្រាប់ខ្ញុំ ខ្ញុំពិតជាចាំច្បាស់ពេលអានអត្ថបទរឿងមួយនេះ ព្រោះវាពាក់ព័ន្ធនឹងការកំពុងនោម!” នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន The Hollywood Reporter ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
លោកបានរៀបរាប់បន្តថា៖ “អ្វីដែលបានកើតឡើងគឺ ខ្ញុំកំពុងអានវាជាលើកដំបូង ហើយដល់ចំណុចមួយ ខ្ញុំកំពុងតែដោះស្រាយបញ្ហាធម្មជាតិ។ ខ្ញុំកំពុងនោម ប៉ុន្តែខ្ញុំមិនអាចឈប់អានបានទេ ដូច្នេះខ្ញុំកាន់អត្ថបទរឿងនៅដៃម្ខាង ហើយដៃម្ខាងទៀតកំពុងនោម ហើយស្រាប់តែខ្ញុំគិតក្នុងចិត្តថា ‘អូ! ខ្ញុំពិតជាជក់ចិត្តនឹងសាច់រឿងនេះខ្លាំងណាស់!'”។
លោក Brad Pitt បានបន្ថែមថា៖ “ខ្ញុំចូលចិត្តដែលវាមានទម្រង់ដូចជាសៀវភៅប្រលោមលោក ក្នុងន័យថាវាត្រូវបានបែងចែកជា ៥ ជំពូកដាច់ដោយឡែកពីគ្នា។ លោក Quentin (Tarantino) បានសរសេររៀបរាប់យ៉ាងលម្អិតតាមរបៀបដែលគាត់ជំនាញ ហើយបន្ទាប់មកគាត់បានលោតទៅជំពូកមួយទៀត ខណៈដែលជំពូកមុនកំពុងតែអូសទាញអារម្មណ៍ ហើយបន្ទាប់មកក៏លោតយ៉ាងឆ្ងាយទៅជំពូកមួយទៀត។”
លោកបានបញ្ចប់សេចក្តីថា ៖ “ខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំង ដែលគាត់អាចចងក្រងវាឱ្យដំណើរការបានយ៉ាងល្អឥតខ្ចោះបែបនេះ។ ពួកយើងជាជនជាតិអាមេរិក គឺតែងតែចូលចិត្តសាច់រឿងបែបសងសឹកផងដែរ ដូច្នេះចំណុចនេះក៏ជាផ្នែកមួយដែលទាក់ទាញចិត្តខ្ញុំបំផុត!”។
ប្រែសម្រួល៖ គីរី
