ភ្នំពេញ៖ក្រសួងមហាផ្ទៃ ជាប់ចំណាត់ថ្នាក់លេខ១ បន្ទាប់ពីដណ្តើមបានមេដាយមាសចំនួន ៩ គ្រឿងនៃការប្រកួត កីឡាវូស៊ូ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងសហព័ន្ធកីឡាវូស៊ូកម្ពុជា ។

នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ សហព័ន្ធកីឡាវ៉ូស៊ូកម្ពុជាបិទការប្រកួតកីឡាវូស៊ូ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ក្រោមបុព្វបទ”កីឡាដើម្បីឯកភាពជាតិ” នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដោយមានការអញ្ជើញជាកិត្តិយសពីសំណាក់ឧកញ៉ា ស្រ៊ុន ប៊ុនថាត ប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា និងលោកស្រី កែវ មនោរម្យ គឺជា នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក ម៉ែន ម៉ាលីន អនុប្រធានសហព័ន្ធ និងកញ្ញា ព្រាប ម៉ូនីកា អនុប្រធានសហព័ន្ធ នៅវិទ្យាស្ថានអប់រំកាយ និងកីឡា។

លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡាវូស៊ូកម្ពុជាបានគូសបញ្ជាក់ថា ការប្រកួតកីឡាវូស៊ូ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ មានក្រុមចូលរួមសរុបចំនួន៧ មកពីបណ្តាក្រសួង រាជធានី ខេត្ត រួមមាន៖ ក្រសួងមហាផ្ទៃ ខេត្តកណ្តាល ខេត្តកំពត ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុ ក្នុងនោះដែរមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន៧៤នាក់។

ព្រឹត្តិការណ៍ប្រកួតខាងលើ មានក្រសួង-ស្ថាប័ន សមាគម និងរាជធានី-ខេត្ត សរុបចំនួន ៧ចូលរួម រួមមាន៖ ក្រសួងមហាផ្ទៃ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តប៉ៃលិន និងខេត្តកំពត។ក្រសួងមហាផ្ទៃ ឈ្នះមេដាយសរុបចំនួន ១១គ្រឿង ក្នុងនោះមេដាយមាស ៩ គ្រឿង និងមេដាយប្រាក់២ គ្រឿង ខេត្តត្បូងឃ្មុំ ឈ្នះមេដាយសរុបចំនួន ៦ គ្រឿង ក្នុងនោះ មេដាយមាស ១ គ្រឿង ប្រាក់ ៣ គ្រឿង និងសំរឹទ្ធ៣គ្រឿង) ខេត្តស្ទឹងត្រែង ឈ្នះមេដាយសរុបចំនួន ៥គ្រឿង ក្នុងនោះប្រាក់ ៣ គ្រឿង និងសំរឹទ្ធ២គ្រឿង និងខេត្តព្រះសីហនុ ឈ្នះមេដាយសរុបចំនួន ៥គ្រឿង ក្នុងនោះប្រាក់១គ្រឿង និងសំរឹទ្ធ៤គ្រឿង៕
ដោយ៖លី ភីលីព






