សេអ៊ូល៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានអំពាវនាវ ដើម្បីទទួលបានកិច្ចព្រមព្រៀង ប្រកបដោយភាពយុត្តិធម៌ និងអាចទទួលយកបាន ពីការចរចាតម្លៃការពារជាតិរបស់ពួកគេ នៅពេលការចរចានៅតែជាប់គាំង ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធសំណើរបស់ទីក្រុងសេអ៊ូល ក្នុងការបង្កើន ការចូលរួមចំណែករបស់ខ្លួន ដែលមិនគ្រប់គ្រាន់។
បញ្ហាចំណាយការពារជាតិ គឺជាផ្នែកមួយនៃរបៀបវារៈ សម្រាប់កិច្ចប្រជុំអាមេរិក-កូរ៉េលើកទី១៧ ហៅថាកិច្ចពិភាក្សាការពារជាតិចម្រុះ (KIDD) ដែលប្រទេសទាំងពីរ បានធ្វើតាមរយៈខ្សែវីដេអូ រួមជាមួយបញ្ហាកូរ៉េខាងជើង និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩។
កិច្ចប្រជុំនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក ត្រាំ បានលើកឡើងពីការបដិសេធ ការផ្តល់ជូនរបស់ទីក្រុងសេអ៊ូល នៅក្នុងការចរចា ដើម្បីធ្វើកិច្ចព្រមព្រៀង ស្តីពីការចែករំលែកចំណាយថ្មី ដែលគេហៅថា កិច្ចព្រមព្រៀងវិធានការពិសេស (SMA) ក្នុងនោះប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា ខ្លួនបានស្នើសុំបង្កើនចំណែក របស់ខ្លួនចំនួន ១៣ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន៕ ដោយ៖ ឈូក បូរ៉ា