បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានផ្ញើសារការទូតមួយ ជូនចំពោះប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ ស្របពេលមានមន្ទិលសង្ស័យថា មេដឹកនាំកូរ៉េខាងជើងរូបនេះ អាចនឹងកំពុងមានសុខភាពមិនល្អ ។
ទីភ្នាក់ងារសារព័ត៌មាន គណបក្សពលករកូរ៉េ ឈ្មោះ Rodong Sinmun បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា សារនោះ ត្រូវបានផ្ញើជូនលោក អាសាដ កាលពីថ្ងៃពុធ ដើម្បីថ្លែងអំណរគុណមេដឹកនាំស៊ីរី ចំពោះសារអបអរសាទរ របស់លោក ចំពោះទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១៥ ខែមេសា។
គួរបញ្ជាក់ថា ការបង្ហាញពីសាររបស់លោក គីម ជុងអ៊ុន ផ្ញើជូនប្រធានាធិបតីស៊ីរីនេះ គឺត្រូវបានធ្វើឡើង ក្រោយពេលមួយថ្ងៃ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានធ្វើការបញ្ជាក់ថា លោក គីម ក៏បានផ្ញើអបអរខួបកំណើតមួយ ដល់ប្រធានាធិបតីគុយបា លោក Miguel Mario Díaz Canel Bermúdez ផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង