ភ្នំពេញ៖ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានសហការ ជាមួយសាលបណ្ឌិតសភា តេក្វាន់ដូកម្ពុជា នាព្រឹកថ្ងៃទីទី៥ ខែឧសភា ឆ្នាំ២០២០ រៀបចំការប្រកួតមេគុន តាមអនឡាញលើកទី១ នៅសាលបណ្ឌិតសភាតេក្វាន់ដូកម្ពុជា ដើម្បីពង្រឹកសមត្ថភាព កីឡាករ-កីឡាការិនី ហ្វឹកហាត់តាមផ្ទះ។
លោក គង់ សក្ខិដា អគ្គលេខាធិការ នៃខេមរសហព័ន្ធកីឡាតេក្វាន់ដូWT បានប្រាប់ឲ្យដឹងថា ការប្រកួតមេគុន តាមអនឡាញលើកទី១ ដោយមានពីក្លិបចំនួន៦ ដែលមានកីឡាករ-កីឡាការិនី ចូលរួមចំនួន១៤ នៅខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។ ដំបូងយើងតម្រូវឲ្យ ក្លិបកីឡាតេក្វាន់ដូWT ជាសមាជិកខេមរសហព័ន្ធ ត្រូវថតវីដេអូកីឡាករ-កីឡាការិនី ប្រឡងផ្ញើមកខេមរសហព័ន្ធ រួមមានឈ្មោះក្លិប ឈ្មោះកីឡាករ-កីឡាការិនី និងប្រភេទខ្សែក្រវាត់។
លោកបានបន្តថា យើងទុកឲ្យឱកាស រយៈពេល១០ថ្ងៃ គឺចាប់ផ្តើមថ្ងៃទី២០ ដល់៣០ ខែមេសា ឆ្នាំ២០២០ ហើយគណៈកម្មាធិការសម្រេច ជ្រើសរើសប្រកួតប្រឡង តាមអនឡាញ ដោយមានអាជ្ញាកណ្តាល និងចៅក្រមចំនួន៣។
យើងមានការពិបាកខ្លះ ដោយសារឳពុកម្តាយកីឡាករ-កីឡាការិនី ដែលមានខ្សែក្រវាត់ក្រោមពណ៌ក្រហម មិនអនុញ្ញាតខ្លាចមេរោគកូរ៉ូណា៕ ដោយ៖លី ភីលីព



