បរទេស៖ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយនៅថ្ងៃសុក្រ សប្ដាហ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ បានបញ្ជាឲ្យយោធាដកកងទ័ព ចំនួន៩.៥០០នាក់ ពីប្រទេសអាល្លឺម៉ង់ ហើយនេះជាសកម្មភាពមួយ ដែលទំនងជា នឹងបង្កើនក្តីព្រួយបារម្ភនៅអឺរ៉ុប ស្តីពីការប្តេជ្ញា របស់សហរដ្ឋអាមេរិក ចំពោះទ្វីបមួយនេះ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា បទបញ្ជារបស់លោក ត្រាំ នេះ នឹងកាត់បន្ថយចំនួន កងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់ ពីចំនួន៣៤.៥០០នាក់ ក្នុងពេលបច្ចុប្បន្ននេះ ឲ្យនៅតែចំនួន២៥.០០០នាក់។
ចំណែកមន្ត្រីរដ្ឋបាល អាមេរិកជាន់ខ្ពស់ទីពីរ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា កងទ័ពចំនួន៩.៥០០នាក់ នឹងត្រូវបានបញ្ជូន ឲ្យទៅកាន់កន្លែងដទៃទៀត គឺខ្លួនបញ្ជូនទៅប្រទេសប៉ូឡូញ ខ្លះទៅប្រទេសសម្ព័ន្ធមិត្តដទៃផ្សេងទៀត ស្របពេលដែលចំនួនខ្លះ នឹងវិលត្រឡប់ មកប្រទេសកំណើតវិញ៕ ប្រែសម្រួល៖ប៉ាង កុង



