សិល្បការិនីខ្មែរបីដួង មានសមត្ថភាពសម្ដែង ច្រៀង និងក្បាច់គុនបុរាណខ្មែរមិនចាញ់បុរសឡើយ។ ពួកគេមានគោលបំណងធំរៀងខ្លួន ទើបបច្ចុប្បន្នពួកគេខ្នះខ្នែងណាស់ក្នុងការបង្កើនសមត្ថភាពទាំងខាងក្បាច់គុន និងសិល្បៈ។
តារាសម្ដែងស្រីដែលនិយមដើរតួកាចឆ្នាសឆ្នើម ពេជ្រ ចរណៃ មានអាជីពសំខាន់២ គឺតួសម្ដែង និងជាគ្រូបង្វឹកក្បាច់គុនល្បុក្កតោខ្មែរនៅបន្ទាយទាហានលេខ”ង៧០”។
ពេជ្រ ចរណៃ ដែលមានឈ្មោះពិតថា ពេជ្រ កន្និកា ធ្លាប់បង្ហើបប្រាប់Sabay ថានាងនឹងក្លាយជាមន្ត្រីយោធាសកម្មម្នាក់នៅ”ង៧០” បន្ថែមលើអាជីពបង្វឹកក្បាច់គុន និងជាតារាសម្ដែងខ្សែភាពយន្ត។ ទន្ទឹមគ្នានោះ ចរណៃ ក៏នឹងបើកកន្លែងបង្ហាត់ក្បាច់គុនល្បុក្កតោផ្ទាល់ខ្លួន១កន្លែងដែរ សម្រាប់យុវវ័យជំនាន់ក្រោយ។
ពេជ្រ ចរណៃ បានប្រឡូកក្នុងវិស័យសិល្បៈជិត១០ឆ្នាំហើយ។ នាងធ្លាប់ដើរជាតួអង្គឯកស្រី ក្នុងរឿង”អាគមស្បែកដាច” ព្រមទាំងបានដើរជាតួអង្គសំខាន់ក្នុងខ្សែភាពយន្តភាគ និងខ្នាតធំសរុបជាង២០រឿងផ្សេងទៀត។
បច្ចុប្បន្ន ចរណៃ នៅតែមានទីផ្សារខ្ពស់ក្នុងអាជីពសម្ដែងទាំងតួអង្គកាចឆ្នាសឆ្នើម វាយតប់កាប់ចាក់ និងតួអង្គសុភាពរាបសារ។ ជាក់ស្ដែងនាងទើបថតវីដេអូអប់រំខ្លីមួយឲ្យស្ថានីយទូរទស្សន៍បាយ័ន គឺរឿង”ដើម្បីល្បី” និងកំពុងថតរឿង”អ្នកម៉ាក់វ័យក្មេងវគ្គ២”ឲ្យស្ថានីយទូរទស្សន៍ ភី អិន អិន។
ស្រដៀងគ្នានឹងកញ្ញា ពេជ្រ ចរណៃ ដែរ កីឡាការិនីល្បុក្កតោ និងជាម្ចាស់ខ្សែក្រវាត់ពិភពលោកប្រដាល់សេរីផ្នែកនារី កញ្ញា ថុល អាពណ៌ ហៅ ធន់ វីរៈពណ៌ ក៏មានទេពកោសល្យទាំងការសម្ដែង និងឈរជើងនៅលើទីលានប្រកួត។ បច្ចុប្បន្ន វីរៈពណ៌ ជាកីឡាការិនីប្រដាល់សេរីផង និងជាគ្រូគុនល្បុក្កតោផង។
ត្បិតថានាងមានសមត្ថភាពបង្រៀនគេទៅហើយក្ដី ប៉ុន្តែនៅក្នុងវ័យ១៩ឆ្នាំនេះ ធន វីរៈពណ៌ នៅតែឆ្លៀតពេលទៅហ្វឹកហាត់បន្ថែមដើម្បីបង្កើនសមត្ថភាពផ្នែកប្រដាល់សេរីនៅក្លឹបក្រសួងការពារជាតិ និងក្បាច់គុនល្បុក្កតោខ្មែរនៅក្លឹបក្មេងវត្ដថាន់។ ទិសដៅរបស់ វីរៈពណ៌ គឺចង់ក្លាយជាគ្រូបង្វឹកដ៏មានសមត្ថភាព និងជាសិល្បការិនីដ៏ល្បីឈ្មោះម្នាក់ខាងសម្ដែងរឿងប្រភេទ Action Movie ដើម្បីផ្សព្វផ្សាយពីភាពអស្ចារ្យក្បាច់គុនល្បុក្កតោ និងប្រដាល់សេរីរបស់ខ្មែរ។
ធន វីរៈពណ៌ ចាប់ផ្ដើមប្រឡូកក្នុងអាជីពសម្ដែងតាំងពីឆ្នាំ២០១៩ តាមរយៈរឿង”បំណុលឈាមអ្នកប្រយុទ្ធ” ហើយនាងក៏កំពុងថតខ្សែភាពយន្តខ្នាតធំមួយទៀតដែរ គឺរឿង”មិត្តក្របី”។
ងាកមកតារាចម្រៀងដែលនិយមCover បទជំនាន់ដើម គឺកញ្ញា សោភា ទេពី វិញ។ ទេពី មានអាជីពសំខាន់១ គឺច្រៀង ព្រោះនាងមានឱកាសច្រើនក្នុងការច្រៀងតាមកម្មវិធីប្រគំតន្ត្រីនានាដែលរៀបចំឆាកប្រគំតន្ត្រីដោយគ្រួសារនាងផ្ទាល់។ ក្រៅពីនេះ នាងក៏នៅមានឱកាសបញ្ចេញសំនៀងដ៏ពីរោះរបស់នាងទៅកាន់មហាជនដែរ តាមរយៈច្រៀងនៅក្នុងស្ទូឌីយោ ហើយបង្ហោះតាមបណ្ដាញសង្គមយូធូប។
ក្នុងវ័យ១៧ឆ្នាំ តារាចម្រៀងស្រីសាច់សទ្រលុកទ្រលន់ សោភា ទេពី បានឆ្លៀតពេលពីអាជីពសិល្បៈទៅហ្វឹកហាត់ក្បាច់គុនល្បុក្កតោខ្មែរនៅពហុកីឡាដ្ឋានស្ដាតចាស់រាល់ថ្ងៃ ដើម្បីសម្រេចគោលបំណងធំមួយ គឺធ្វើជាមន្ត្រីយោធាដែលមានកាយសម្បទារឹងមាំ និងសមត្ថភាពខាងសិល្បៈនៅក្នុងអាយុ១៨ឆ្នាំ ពោលគឺនៅឆ្នាំក្រោយនេះហើយ។
សោភា ទេពី ធ្លាប់បង្ហើបថា នាងនឹងដាក់ពាក្យប្រឡងចូលក្របខ័ណ្ឌយោធាឲ្យបាន ព្រោះនាងមានចិត្តស្រឡាញ់ជាតិមាតុភូមិ និងចង់ក្លាយជាមន្ត្រីយោធាដ៏មានសមត្ថភាពមួយរូបតាំងពីតូច ដើម្បីត្រៀមការពារទឹកដី ឬការឈ្លានពានផ្សេងៗពីបរទេស។
សោភា ទេពី ត្រូវបានមហាជនស្គាល់ច្រើន ចាប់តាំងពីនាងបានឆ្លងកាត់ការប្រឡងច្រៀងក្នុងកម្មវិធី The cambodia Idol រដូវកាលទី៣ ឆ្នាំ២០១៧។ កាលណោះនាង មិនត្រូវបានគណៈកម្មការឲ្យជាប់ក្នុងកម្មវិធី ប៉ុន្ដែសំឡេងរបស់នាងត្រូវបានទទួលស្គាល់ដោយប្រិយមិត្តថាមានទឹកដមសំឡេងពីរោះ ហើយនាងក៏ចាប់អាជីពចម្រៀងរហូតមកដល់បច្ចុប្បន្ន៕ប្រភព៖sabay