បរទេស៖ កងទ័ពសហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ កំពុងតែបញ្ជូនឧបករណ៍ កាន់តែរសើបថ្មីមួយ សម្រាប់តាមដាន ចាប់សញ្ញាអាវុធគីមី ឲ្យដល់អង្គភាពនានា ដែលងាយរងផលប៉ះពាល់ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។
យោងតាម សេចក្តីប្រកាសព័ត៌មានមួយ របស់កងទ័ពអាមេរិក កងទ័ពសកម្ម និងអង្គភាពកងកម្លាំងបម្រុងនិងការពារជាតិ បានចាប់ផ្តើមទទួលបាន ប្រព័ន្ធការពារការសាយភាយសារធាតុគីមី និងការពារការឆ្លងរោគ ដែលគេហៅកាត់ថា CIDAS នោះហើយ។
គួរបញ្ជាក់ថា ប្រព័ន្ធថ្មីនេះ អាចចាប់សញ្ញាអាវុធគីមី បានយ៉ាងត្រឹមត្រូវ ក្នុងកម្រិតកំហាប់ទាបជាង និងអាចជួយអ្នកជំនាញ ផ្នែកត្រួតពិនិត្យធ្វើការកំណត់ថា តើការបំបាត់ការឆ្លងរោគ មានដំណើរការល្អដែរ ឬក៏អត់ ហើយនាពេលបច្ចុប្បន្ននេះ កងទ័ពអាមេរិក កំពុងតែបំពាក់ប្រព័ន្ធនោះ ដល់អង្គភាពទាំងអស់ ដែលនៅក្នុងតំបន់ មានការគម្រាមកំហែង ពីសារធាតុគីមីពុល៕ ប្រែសម្រួល៖ប៉ាង កុង
