ព្រឹត្តិការណ៍

ប្រធានមន្ទីរបញ្ចកោណ៖ វ៉ាស៊ីនតោន មានបំណងពង្រីកវត្តមានយោធា នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ព្រោះជាតំបន់អាទិភាព សម្រាប់អាមេរិក

មូស្គូ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Mark Esper បាននិយាយថា សហរដ្ឋអាមេរិក គ្រោងនឹងពង្រឹងវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដោយការដាក់ពង្រាយឡើងវិញ កម្លាំងយោធារបស់ខ្លួន ទៅកាន់តំបន់នោះវិញ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Esper នៅពេលដែលត្រូវបានសួរថា តើសហរដ្ឋអាមេរិកនិងអូស្ត្រាលី នឹងធ្វើសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត នៅចំពោះមុខ ចំពោះការបង្កើនសកម្មភាពរបស់ចិន នៅក្នុងតំបន់ ឬយ៉ាងណា ។ លោកថា «អ្នកដឹងទេដូចដែលខ្ញុំឃើញ បញ្ហាប្រឈមធំបំផុតមួយ ដែលខ្ញុំប្រឈមមុខ នៅក្នុងការិយាល័យ គឺត្រូវអនុវត្តយុទ្ធសាស្ត្រ ការពារជាតិរបស់យើង។ យុទ្ធសាស្ត្រការពារជាតិរបស់យើងសង្កត់ធ្ងន់ថា ការព្រួយបារម្ភចម្បង របស់យើងគឺតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ហើយដើម្បីអនុវត្តរឿងនោះខ្ញុំចាំបាច់ ត្រូវចូលរួមបន្ថែមទៀត ខ្ញុំចាំបាច់ត្រូវរៀបចំកម្លាំង ទៅតំបន់នោះឡើងវិញ។ ខ្ញុំក៏ត្រូវមានវត្តមាននៅក្នុងតំបន់ផងដែរ»។

ប្រធានមន្ទីរបញ្ចកោណ បានចង្អុលបង្ហាញថា យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកគឺ “ដើម្បីបង្កើនដៃគូកាន់តែច្រើន និងពង្រឹងសម្ព័ន្ធភាព” នៅក្នុងតំបន់។

លោក Esper បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្រ្តីក្រសួង ការពារជាតិអូស្ត្រាលី លោកស្រី Linda Reynolds កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពី កិច្ចពិភាក្សាទ្វេភាគីរបស់ពួកគេ នៅក្នុងមន្ទីរបញ្ចកោណ។ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក បានកត់សម្គាល់ថា ដំណើរទស្សនកិច្ច លើកដំបូងរបស់លោក បន្ទាប់ពីបានចូលកាន់តំណែងនេះ គឺទៅកាន់ប្រទេសអូស្រ្តាលី ដោយសង្កត់ធ្ងន់ថា តំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិកគឺជាតំបន់អាទិភាព សម្រាប់សហរដ្ឋអាមេរិក៕

Most Popular

To Top