តារាជាច្រើនបានទទួលជោគជ័យថ្មីៗ និងកើនប្រជាប្រិយភាពឥតឈប់គួរឲ្យកត់សម្គាល់នៅឆ្នាំ ២០១៩នេះ។ ប៉ុន្តែសង្កេតឃើញថាមានតែ តារាស្រី ៥រូបនេះប៉ុណ្ណោះ ដែលហាក់ដូចជាលេចធ្លោខ្លាំងជាងគេសម្រាប់អាជីពសិល្បៈទាំងការសម្ដែងរឿង និងស្ប៉តពាណិជ្ជកម្ម។
១. Yaya Urassaya
ឆ្នាំនេះ រឿងភាគបែបបុរាណលាយសម័យមានចំណងជើងថា “Klin Kasalong” បានធ្វើឲ្យ Yaya ទទួលមតិល្អៗជាការពេញចិត្តច្រើនលើសលប់។ ប៉ុន្តែបើងាកទៅមើលការងារជាតារាតំណាងផលិតផលល្បីៗវិញ Yaya រវល់សឹងរកពេលសម្រាកគ្មានទាំងក្នុង និងក្រៅប្រទេស។
២. Bella Ranee
Bella វិញក៏មមាញឹកមិនចាញ់ឆ្នាំមុនដែរ ប៉ុន្តែនាងកាន់តែល្បីឡើងៗ ដោយសារទេពកោសល្យថ្មីមួយទៀតដែលនាងបានបង្ហាញក្នុងរឿង “Krong Kam”។ ១រឿងនេះ ធ្វើឲ្យអ្នកទស្សនាពេញចិត្ត និងកោតសរសើរសមត្ថភាពរបស់ Bella មិនណយនោះទេ។ រីឯការងារថតស្ប៉តក៏ច្រើន ហើយសុទ្ធតែទទួលបានមកវិញនូវសេចក្ដីពេញចិត្តពីមហាជន។
៣. Baifern Pimchanok
អាចនិយាយបានថា ២០១៩ គឺជាឆ្នាំដែល Baifern ត្រូវប៉ាន់ខ្លាំងបំផុតលើអាជីពសិល្បៈ តាំងពិដើមឆ្នាំដល់ជិតចុងឆ្នាំទៅហើយ នាងបង្ហាញមុខស្ទើរឥតដាច់ ពិសេសពេលសម្ដែងរឿង “Friendzone” នាងត្រូវអ្នកគាំទ្រពេញចិត្តណាស់។ ដោយសារឃើញសមត្ថភាពសម្ដែងក្នុងរឿងនោះហើយ ទើបនាងត្រូវម្ចាស់ Brand ល្បីកត់ចំណាំ និងជ្រើសនាងក្លាយជាតារាតំណាងជាច្រើនផលិតផល។
៤. Kimmy Kimberley
កាលពីដើមឆ្នាំ Kim ស្វាគមន៍អ្នកគាំទ្រតាមរយៈរឿងបុរាណ “Thong Aek Morya Tha Chalong” ដោយទទួលមតិល្អៗត្រឡប់មកវិញរាប់មិនអស់ ហើយការងារទាក់ទងនឹងស្ប៉តពាណិជ្ជកម្មវិញក៏មិនធ្វើឲ្យនាងទំនេរបានច្រើន ជាពិសេស Brand អន្តរជាតិ។
៥. Mai Davika
ឆ្នាំនេះ ក្រៅពីបង្ហាញមុខញឹកញាប់ក្នុងស្ប៉តពាណិជ្ជកម្មជាច្រើន Mai ក៏បានធ្វើឲ្យ ២០១៩ ក្លាយជាឆ្នាំមាសឆ្នាំពេជ្ររបស់ខ្លួនដែរ ពេលនាងសម្ដែងរឿង “My Ambulance”។ រឿងភាគនេះ មានអ្នកមើលច្រើនទាំងក្នុង និងក្រៅប្រទេស៕
ប្រភព៖Sabay