ខ្សែប្រយុទ្ធអង់គ្លេសកីឡាករ Marcus Rashford បានទម្លាយតាមបណ្ដាញសង្គម Twitter ថា ខ្លួនបាននិយាយទូរស័ព្ទឆ្លើយឆ្លង ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ទាក់ទិននឹងរឿងយុទ្ធនាការអាហារសម្រាប់កុមារក្រីក្រ។
កីឡាកររូបនេះ បានបង្ហោះសារ ក្នុងបណ្ដាញ Twitter ថា ខ្លួនបាននិយាយទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស ក្រោយពីប្រកួត Manchester United និង Everton កាលពីថ្ងៃសៅរ៍ កន្លងទៅ។ ក្នុងកិច្ចសន្ទនា តាមប្រព័ន្ធទូរស័ព្ទនេះ Rashford បាននិយាយថា លោក Johnson បានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការផ្ដល់ប័ណ្ណអាហារ ដល់ក្មេងៗក្រីក្រឡើងវិញ ខណៈកាលពីប៉ុន្មានសប្ដាហ៍មុនរដ្ឋាភិបាលអង់គ្លេស បានសម្រេចផ្អាក សម្រាប់រដូវកាល ឈប់សម្រាកខែរងាខាងមុខនេះ។
ក្រោយពីទូរស័ព្ទជាមួយ Rashford ចប់ រដ្ឋាភិបាលអង់គ្លេស ក៏បានប្រកាសពីវិធានការមួយ ដែលចំណាយទឹកប្រាក់ខ្ទង់ ២០០លានដុល្លារ សម្រាប់រដូវកាលគ្រិស្តម៉ាសឆ្នាំនេះ ហើយនឹងចំណាយខ្ទង់ ៥០០លានដុល្លារអាមេរិកទៀត ដើម្បីជួយផ្ដល់អាហារដល់កុមារជាង ២លាននាក់ ក៏ដូចជាបង់ថ្លៃទឹកភ្លើងផ្សេងៗទៀតផង។
សូមជម្រាបផងដែរថា Rashford បានធ្វើការតស៊ូមតិ ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្ដល់អាហារដល់ក្មេងៗក្រីក្រ ដោយបានដាក់ចេញ នូវយុទ្ធនាការមួយ កាលពីខែមិថុនាកន្លងទៅ។ តាមរយៈយុទ្ធនាការនេះដែរ កីឡាកររូបនេះ ត្រូវបានទទួលការស្វាគមន៍ ពីមតិសាធារណៈ ក៏ដូចជាទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយស និងទទួលបានមេដាយ ពីមហាក្សត្រិយ៍អង់គ្លេសទៀតផង៕ ប្រភព៖ sabay