ទោះជាការចាប់ផ្ដើមបង្កើតនូវម៉ាករថយន្តប្រណីត ជារឿងប្រថុយប្រថានខ្ពស់ក៏ពិតមែន ក៏ប្រទេសរុស្ស៊ីនៅតែទទូចចង់បង្កើតក្រុមហ៊ុនរថយន្តប្រណីតខ្លួនឯង ហេតុនេះហើយទើបមានការចាប់កំណើតរបស់ក្រុមហ៊ុន Aurus Motors។ នៅដំណាក់កាលដំបូងរថយន្តរបស់ Aurus គឺផលិតសម្រាប់មន្ត្រីរដ្ឋាភិបាល ប៉ុន្តែក្រោយមកទៀតពលរដ្ឋរុស្ស៊ីគ្រប់គ្នានឹងអាចទិញជិះបាន។
តទៅនេះជាការបង្ហាញអំពីលក្ខណៈសម្បត្តិនិ ងរូបរាងរបស់រថយន្ត Aurus Senat កំពូលប្រណីតដែលវាមានតម្លៃថោកបំផុតគឺ ២៨០ ០០០ ដុល្លារ។ ជាមួយកញ្ចប់លុយប៉ុណ្ណេះ អតិថិជនទទួលបាននូវការឌីហ្សាញដែលមានលក្ខណៈស្រដៀងនឹង Rolls-Royce Phantom ប៉ុន្តែផ្នែកខាងក្នុងមានពោរពេញដោយប្រណីតភាពខ្ពស់បំផុត។
រថយន្តនេះប្រើប្រាស់ម៉ាស៊ីន Twin-Turbo ចំណុះ ៤,៤ លីត្រ ៨ ស៊ីឡាំង ដែលផលិតកម្លាំងបាន ៥៩០ សេះ និងគួបផ្សំដោយម៉ូទ័រអគ្គិសនីមួយគូទៀតផលិតកម្លាំងបាន ៦២ សេះ។ វាមានភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ ៩ វគ្គ និងប្រើប្រព័ន្ធបើកបរវិលកង់ទាំងអស់ (AWD)។ ប្រព័ន្ធម៉ាស៊ីននេះអាចឲ្យ Aurus Senat បង្កើនសន្ទុះពី ០ ដល់ ១០០ គ.ម/ម៉ ដោយប្រើពេល ៤,៩ វិនាទី ទាំងដែលរថយន្តនេះមានទម្ងន់ជាង ៣ តោនឯណោះ។ ចំណែកល្បឿនអតិបរមាគឺ ២៥០ គ.ម/ម៉។
ប្រភព៖Sabay