សេដ្ឋកិច្ច​

ទុនបម្រុង​អន្តរជាតិ ​របស់​កម្ពុជា ​នឹង​កើន​ឡើង ដល់​ជិត១៧ពាន់​ លាន​ដុល្លារ ​នៅក្នុង​ឆ្នាំ ២០២១

ភ្នំពេញៈ ទុនបម្រុង​អន្តរជាតិ​ សរុប​នៅក្នុង​ឆ្នាំ២០២១ ខាងមុខនេះ ត្រូវបាន​ព្យាករ​ថា នឹង​កើន​ឡើងដល់១៦,៩៨១លាន​ដុល្លារ​ អាមេរិក និង​ធានា​ការនាំ​ចូល​ ៨,០ខែ ដោយហេតុថា ការនាំ​ចូល​របស់​កម្ពុ​ជា​ ក៏​នឹង​ងើប​ឡើងវិញ​បន្តិច ។

យោងតាម​ខ្លឹមសារ​សង្ខេប នៃ​ច្បាប់​គ្រប់គ្រង​ថវិកាជាតិ​ឆ្នាំ ២០២១ ដែល​រដ្ឋសភា​អនុម័ត​កាលពីពេលថ្មីៗនេះ​ ឱ្យដឹងទៀតថា សម្រាប់​អតិផរណា ជាធ​ម្យ​ម​ប្រចាំឆ្នាំ ​ត្រូវបាន​ប៉ាន់​ស្មានថា ស្ថិតក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន ក្នុង​អត្រា៣,១ភាគរយ ក្នុង​ឆ្នាំ២០២១ ដោយសារ​ការរំពឹងទុក នៃ​ការកើនឡើង​ ថ្លៃ​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ បន្ទាប់ពី​ការធ្លាក់ចុះ​យ៉ាងគំហុក​ក្នុង​ឆ្នាំ២០២០ ។

ចំណែកឯ​អត្រា​ប្តូរ​ប្រាក់រៀល ត្រូវបាន​ប៉ាន់​ស្មានថា ​នឹង​នៅតែ​បន្ត​មាន​ស្ថេរភាព ក្នុង​រង្វង់៤០៦៥រៀល ក្នុង​មួយ​ដុល្លារ​ក្នុង​ឆ្នាំ២០២១ ដោយសារ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ជំនឿ​ទុកចិត្ត​ពី​សំណាក់​សាធារណជន លើ​ការប្រើប្រាស់​ប្រាក់រៀល តាមរយៈ​ការអនុវត្ត​វិធានការ​លើកកម្ពស់ ប្រាក់រៀល​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា និង​បន្ត​ពង្រឹង​គោ​លន​បាយ​គ្រប់គ្រង​សាច់ប្រាក់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។

ឱនភាព​គណនី​ចរន្ត (រួមបញ្ចូល​បង្វែរ) ត្រូវបាន​ព្យាករ​ថា នឹង​រួម​តូច​បន្តិច​មក​ត្រឹម ១៧,៣ ភាគរយ​នៃ​ផសស ដោយសារ​ការរំពឹង​នៃ​ការ​ងើប​ឡើងវិញសន្សឹមៗ នូវ​ការនាំចេញ និង​វិស័យ​ទេសចរណ៍។

ជារួម​ទោះបីជា​សេដ្ឋកិច្ចកម្ពុជា​នៅក្នុង​ឆ្នាំ ២០២១ ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​ដូចខាងលើ​ក៏ដោយ សេដ្ឋកិច្ចកម្ពុជា​ក៏ត្រូវ​ជួប​បញ្ហា​ប្រឈម និង​ហានិភ័យ​មួយចំនួន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​អាច​នឹង​ធ្វើឱ្យប៉ះពាល់​ ដល់​កំណើនសេដ្ឋកិច្ច និង​បង្ក​ឲ្យ​មាន​ភាពរអាក់រអួល ​ដ​ល់​ការអភិវឌ្ឍន៍​រួម។

ក្នុងន័យនេះ រាជ​ដ្ឋា​ភិ​បាល​កម្ពុជា បាន​ដាក់ឱ្យអនុវត្ត​នូវ​វិធានការ​អន្តរាគមន៍ សមស្រប និង​ទាន់ពេលវេលា តាមរយៈ​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ គោលនយោបាយ​រូបិយវត្ថុ និង​គោលនយោបាយ​រចនាសម្ព័ន្ធ ក្នុង​គោលបំណង​រក្សា​លំនឹង​សង្គម-សេដ្ឋកិច្ច ស្តារ និង​ជំរុញ​កំណើន​ជាថ្មី​ឡើងវិញ។

តាម​ការវាយតម្លៃ​ពាក់កណ្តាល​ឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជា២០២០ ត្រូវបាន​ប៉ាន់​ស្មានថា នឹងមាន​អត្រា​ដាំ​ក្បាល​ចុះ-០,៩ភាគរយ ក្នុងពេលដែល​ការវាយតម្លៃ​ឡើងវិញ​របស់​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិធំៗ នាពេល​កន្លងមកនេះ បាន​ខិតខំ​មក​គៀក​នឹង​កម្រិត​អវិជ្ជមាន -២ ភាគយ ។

ដោយឡែក​សេដ្ឋកិច្ចកម្ពុជា នៅក្នុង​ឆ្នាំ២០២១ ត្រូវបាន​វាយ​ម្លៃ​ថា​នឹង​ងើប​ឡើងវិញ ហើយ​រំពឹងថា នឹង​សម្រេចបាន​កំណើន​ក្នុង​រង្វង់៣,៥ភាគរយ ដែល​ធ្វើឱ្យ​ផលទុនជាតិ​សរុប(ផសស)ថ្លៃ​បច្ចុប្បន្ន ស្ថិតនៅក្នុង​រង្វង់១១៧,៩៣៨ពាន់​លាន​រៀល សមមូល​នឹង​ប្រមាណ២៩,០១៣លាន​ដុល្លារ​អាមេរិក ស្របពេល​ដែល​ផសស សម្រាប់​មនុស្ស​ម្នាក់​ត្រូវបាន​រំពឹងថា នឹង​កើនឡើង១៧៧១ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ឆ្នាំ ២០២០មាន​ត្រឹម ១៦៨៣ដុល្លារ​អាមេរិក ។ កំណើន​នេះ​គាំទ្រ​ដោយ​វិស័យ​ឧស្សាហកម្ម វិស័យ​សេវាកម្ម និង វិស័យ​កសិកម្ម។

ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ បាន​ចេញមក​បញ្ជាក់​ឱ្យដឹងថា គិត​មក​ត្រឹម​ចុងខែ​មិថុនា​កន្លងទៅ​នេះ កម្ពុ​ជាមាន​ទុនបម្រុង​អន្តរជាតិ​ចំនួន១៩,៥ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​មាស​រក្សាទុក​ចំនួន៣៦,៥តោន៕
ដោយ ៖ propertyarea

Most Popular

To Top