ភ្នំពេញៈ បណ្តាស្ថាប័នហិរញ្ញវត្ថុ (ធនាគារ) ជាច្រើន បាននិងកំពុងពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា ដោយផ្តល់សេវាហិរញ្ញវត្ថុខុសៗគ្នាដល់អតិថិជន ខណៈធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ នៅតែមានឱកាសជាច្រើន ក្នុងនាមជាអ្នកផ្តល់សេវាហិរញ្ញវត្ថុនៅកម្ពុជា ព្រោះកម្ពុជាមិនទាន់មានការអភិវឌ្ឍវិស័យហិរញ្ញវត្ថុគ្រប់គ្រាន់នៅឡើយ។
វិស័យធនាគារនៅកម្ពុជា នៅតែបន្តមានវឌ្ឍនភាព ប្រកបដោយទំនុកចិត្ត និងបានរួមចំណែកយ៉ាងសកម្ម គាំទ្រសកម្មភាពសេដ្ឋកិច្ច ដែលធ្វើឱ្យមានកំណើនវិនិយោគក្នុងការបង្កើតធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើននៅក្នុងប្រទេស។
កម្ពុជាមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រួមមាន ធនាគារពាណិជ្ជចំនួន៥១ ធនាគារឯកទេសចំនួន១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ពីសាធារណជនចំនួន៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើចំនួន៧៦ និងគ្រឹះស្ថានឥណទានជនបទចំនួន២៤៦រហូតមកដល់បច្ចុប្បន្ននេះ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។
បណ្តាញប្រតិបត្តិការ និងសេវាហិរញ្ញវត្ថុបានអភិវឌ្ឍជាបន្តបន្ទាប់ ដោយចំនួនទីស្នាក់ការ និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅទូទាំងប្រទេសបានកើនដល់២.៤៦៥ ហើយម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) មានចំនួន៣,០៨១ គណនីប្រាក់បញ្ញើអតិថិជន កើនដល់៨.២លានគណនី និងគណនីឥណទានកើនដល់៣.២លានគណនី។
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ស្ថាប័ននេះបានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការត្រួតពិនិត្យសុខមាលភាព របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ។ ជាលទ្ធផលវិស័យធនាគារ និងហិរញ្ញវត្ថុស្ថិតក្នុងស្ថានភាពល្អ។
ការឆ្លើយតបនឹងវិបត្តិបច្ចុប្បន្ន
គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបន្ធូរបន្ថយ និងបញ្ចុះអត្រាការប្រាក់កម្ចីទាប ដល់អ្នកប្រើប្រាស់កម្ចី ដើម្បីឆ្លើយតបនឹងវិបត្តិ ដែលកំពុងកើតមាន។
ការពន្យាទាមទារនូវដើមទុនត្រលប់(ការសងត្រលប់) ការបន្ធូរបន្ថយទុនបម្រុងជាការខិតខំរបស់រដ្ឋាភិបាល ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គនាយកពន្ធដារ បានបន្ធូរបន្ថយលើពន្ធកាត់ទុកលើប្រាក់កម្ចីពីបរទេស ធ្វើឱ្យប្រភពទុនក្នុងស្រុកសម្បូរ ដែលអាចយកមកប្រើប្រាស់បាន ហើយកំណើនឥណទាន ក៏មិនសូវខ្ពស់ដែរ ដោយសារអាជីវកម្មច្រើន បាននិងកំពុងរងផលប៉ះពាល់ដោយសារកូវីដ១៩ ។
ដូច្នេះហើយ បានជាគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបញ្ចុះអត្រាការប្រាក់កម្ចីទាប ដែលយើងនិយាយជាទូទៅ ទាបក្រោម៧ភាគរយ ធ្វើឱ្យមានការប្រកួតប្រជែងក្នុងតម្លៃ (price competition) ដូច្នេះហើយផលប្រយោជន៍ នឹងបានទៅអ្នកប្រើប្រាស់កម្ចីពីប្រកួតប្រជែងនេះ ដូចជា ប្រភពទុនដែលមានអត្រាការប្រាក់ទាប ហើយអ្នកប្រើប្រាស់កម្ចីអាចប្រើប្រាស់បានរយៈពេលវែង។
ធនាគារ និងគ្រឹស្ថានហិរញ្ញវត្ថុ ក៏មានការយោគយល់ សម្រាប់ការរួមរស់និងរីកចម្រើនជាមួយនឹងអតិថិជន។ ស្របពេលដែល រាជរដ្ឋាភិបាលបានបន្ធូរបន្ថយអនុបាតខ្លះ ដើម្បីឱ្យមានប្រភពទុនទូលំទូលាយ ហើយធនាគារធ្វើជាមួយអាតិថិជនយូរអង្វែង ដោយធនាគារផ្ទាល់ ក៏បានបន្ធូរបន្ថយដែរ ដោយបន្ធូរបន្ថយទាំងអត្រាការប្រាក់កម្ចី និងរយៈពេលសង ដើម្បីឱ្យអតិថិជនមានពេលគ្រប់គ្រាន់ ក្នុងការយកមូលនិធិនេះ ទៅប្រើប្រាស់ ឱ្យបានយូរអង្វែងសម្រាប់គ្រប់វិស័យទាំងអស់។
ជាទូទៅនៅពេលមានសកម្មភាពសេដ្ឋកិច្ចខ្លាំង មូលនិធិរបស់ប្រជាពលរដ្ឋ គាត់យកទៅវិនិយោគអស់ហើយ ប៉ុន្តែពេលមានចលនាសេដ្ឋកិច្ចតិច គាត់យកមូលនិធិមកផ្ញើនៅធនាគារ ធ្វើឱ្យប្រភពទុននៅស្រុកមានច្រើន ដូចជា ប្រាក់សន្សំដែលមានកាលកំណត់។
ថ្វីត្បិតតែមានប្រភពទុនក្នុងស្រុកក៏ដោយ ក៏យើងទៅតែយកពីបរទេស ដែលកម្ចីពីបរទេសមានរយៈពេលរហូតទៅ៥ ទៅ៧ឆ្នាំ ដើម្បីយកមកឆ្លើយតបជាមួយនឹងតម្រូវការឥណទានរបស់វិស័យ SME ដែលគាត់ត្រូវការ៥ទៅ៧ឆ្នាំដែរ ដើម្បីជៀសវាងអតុល្យភាពនៃមូលនិធិ ដូច្នេះបានជាយើងយកមកពីក្រៅមកបន្ថែម។
ក្នុងប្រភពទុន ដែលប្រើប្រាស់ក្នុងវិស័យធនាគារ១៥ភាគរយ បានមកពីដើមទុនរបស់ខ្លួនឯង ១៥ភាគរយទៀតបានមកកម្ចីពីបរទេស និង៧០ភាគរយគឺបានមកពីប្រាក់បញ្ញើសន្សំ។
ប្រទេសកម្ពុជាគឺជាចំណែកមួយនៃសេដ្ឋកិច្ចសកល។ បើសិនសេដ្ឋកិច្ចសកលមានផលប៉ះពាល់យូរ យើងក៏ដូចគ្នាដែរ។
ធនាគារជាតិ និងក្រសួងពាក់ព័ន្ធ ដឹងពីស្ថានភាពដូចគ្នា ហើយកំណើនសេដ្ឋកិច្ចវិលមករកភាពធម្មតាបន្តិចម្តងៗ ដូច្នេះការណ៍ដែលយើងសម្រួល ដល់អតិថិជនគឺមានរយៈពេលវែងដូចគ្នា ដើម្បីឱ្យអតិថិជនមានពេលគ្រប់គ្រាន់។
ប្រតិបត្តិករក្នុងវិស័យនេះ បានលើកឡើងជាឧទាហរណ៍ថា ឥណទានយើងឱ្យគាត់មានរយៈពេលវែង៧ឆ្នាំ ហើយដល់ពេលស្ថានភាពស្រួលឡើងវិញ យើងមិនសុំឱ្យអតិថិជនសងក្នុងរយៈពេល៥ឆ្នាំនោះទេ។ យើងនៅតែរក្សាកិច្ចសន្យាជាមួយពួកគាត់ដដែល អត្រាប្រាក់ដូចគ្នាចឹងដែរ កាលយើងព្រមព្រៀងគ្នាក្នុងរយៈពេល៧ឆ្នាំ គឺយើងអត់កែមកវិញនោះទេ។ យើងរួមរស់រីកចម្រើនចម្រើនជាមួយអតិថិរបស់យើង។
ចំពោះអាជីវករខ្នាតតូចក្នុងស្រុក មានភាពល្អប្រសើរជាងមុនដែរ។ តែយ៉ាងណាក្តី ផលប៉ះពាល់ពីកូវីដ១៩ នៅតែមានសម្រាប់វិស័យមួយចំនួន ដែលមិនទាន់អាចស្តារឡើងវិញបាននៅឡើយទេ ទោះបីជាបញ្ហាកូវីដ១៩មានភាពធូរស្បើយក្តី។
សម្រាប់ឆ្នាំ២០២១ទាំងមូល វិស័យហិរញ្ញវត្ថុក្នុងស្រុក នៅតែមានបង្ហាញវិជ្ជមាន ថ្វីត្បិតតែជួបការលំបាកជួបប្រទះក៏ដោយ។
ដោយសាររដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងបញ្ហាកូវីដ១៩បានល្អប្រសើរ មិនមានការបិទប្រទេស ឬមួយក៏ត្រឡប់ដើរវិញ ហើយប្រជាជនយើងក៏នៅតែប្រកបរបរធ្វើដំណើរធម្មតា។
លោកឧកញ៉ាហួត អៀងតុង អគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា សុខភាពក្នុងវិស័យហិរញ្ញវត្ថុ នៅតែមានភាពល្អប្រសើរនិងកំនើនរ៉ឹងមាំ បើទោះបីជាកម្រិតបំណុលសងត្រលប់់យឺតបានកើនឡើងក្តី ប៉ុន្តែវាស្ថិតក្នុងកម្រិតមួយ ដែលអាចគ្រប់គ្រងបាន។
លោកបន្តថា “ការគាំទ្រពីធនាគារជាតិ និងគោលនយោបាយនានារបស់រដ្ឋាភិបាល បានជួយឲ្យវិស័យនេះនៅតែមានភាពសុខភាពល្អប្រសើរ និងបន្តរីកចម្រើនខ្លាំងបន្តទៀតនាបណ្តាឆ្នាំខាងមុខ” ។
សេដ្ឋវិទូកម្ពុជា លោកបណ្ឌិតម៉ី កល្យាណបានមានប្រសាសន៍ថា ចំណាត់ការរបស់រដ្ឋាភិបាល និងគោលនយោបាយត្រឹមត្រូវរបស់ធនាគារជាតិ ដែលបានដាក់របាអត្រាការប្រាក់កន្លងមក បានជួយច្រើនដល់វិស័យនេះ ហើយកម្រិតនៃកំណើនឥណទានខ្លាំងក៏មិនជាការល្អប្រសើរដែរសម្រាប់ប្រទេសមួយ។
លោកបន្តថា “ឥណទានប្រៀបដូចជាខ្លាញ់ក្នុងខ្លួនរបស់មនុស្សយើង រាង្គកាយមនុស្សត្រូវការខ្លាញ់ ដើម្បីជួយដំណើរការសរីរាង្គដទៃ ប៉ុន្តែនៅពេលមានខ្លាញ់ច្រើនពេក ក៏ធ្វើឲ្យរាងកាយមានបញ្ហាផងដែរ” ៕ប្រភព៖propertyarea.asia