កីឡា

លោកវេជ្ជបណ្ឌិត ស្តើង ជា ជាសកម្មជន នៃចលនាអូឡាំពិក ទទួលមរណភាព ដោយសារមេរោគ COVID-19 នៅព្រឹកថ្ងៃទី២២

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ស្តើង ជា ដែលជាសកម្មជន នៃចលនាអូឡាំពិក និងជាប្រធានគណកម្មការ វេជ្ជសាស្ត្រ និងវិទ្យាសាស្រ្ត កីឡាអមគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ហើយក៏វេជ្ជបណ្ឌិតជំនាញ ជំងឺកុមារ ដែលបានចូលនិវត្តន៍ បានទទួលមរណភាព នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះក្នុងអាយុ៧៥ឆ្នាំ ដោយសារមេរោគCOVID-19 ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រាប់ឲ្យដឹងថា អ្នកជំងឺ ដែលស្លាប់នោះ មានឈ្មោះ ស្ដើង ជា ភេទប្រុស អាយុ៧៥ឆ្នាំ មានអាសយដ្ឋាន នៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានចូលសម្រាក នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត កាលពីព្រឹកថ្ងែ២១ ខែមីនា ឆ្នាំ២០២១ ក្នុងសភាពហត់ខ្លាំង ហើយបានតេស្តរកឃើញ អ្នកជំងឺមានវិជ្ជមាន មេរោគCOVID-19 កាលពីវេលាម៉ោង៩យប់ថ្ងៃទី២១ មីនាដដែល ។

លោកជំទាវបានបន្តថា អ្នកជំងឺមានអាការៈហត់ និង ពិបាកដកដង្ហើមវិវត្តរហ័សរយះ៣ទៅ៤ថ្ងែ ហើយមានជំងឺប្រចាំ កាយលើសឈាម។ ជាងនេះទៀតអ្នកជំងឺ មានរលាកសួតធ្ងន់ធ្ងរខ្លាំង ទាំងសងខាង និងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីន ជំនួយដង្ហើម ។
លោកជំទាវបានបន្ថែមថា អ្នកជំងឺបានស្លាប់នៅថ្ងែ២២ ខែមីនាឆ្នា២០២១ វេលាម៉ោង៨ព្រឹក ដោយជំងឺកូវីដ១៩ វាយលុកសួតធ្ងន់ធ្ងរខ្លាំង និងរលាកសួតសងធ្ងន់ធ្ងរខ្លាំង ។

សូមបញ្ជាក់ថា រហូតដល់មកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ហើយបានស្លាប់បាត់បង់ជីវិត បូករួមទាំងអ្នកជំងឺ ដែលស្លាប់នាព្រឹកនេះផង។ ក្នុងនោះទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំជាភរិយា តាមរាចំរៀងលោក ហួរ ឡាវីបានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១និងទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១៕

Most Popular

To Top