ក្រោយចំណាយ ៥ ខែ និងធ្វើការប្រគំតន្ត្រីចំនួន ២០ លើក ក្រុមបុរសកូរ៉េ BTS បានបញ្ចប់នូវការប្រគំតន្ត្រីតាមពហុកីឡដ្ឋាននៅជុំវិញពិភពលោកលើកដំបូងរបស់ខ្លួនឈ្មោះ “Love Yourself: Speak Yourself”។
តួលេខបានពី Billboard បង្ហាញថា BTS លក់សំបុត្រការប្រគំតន្រ្តីបាន ៩៧៦ ២៨៣ សន្លឹក ជាមួយនឹងចំណូលសរុប ១១៦,៦ លានដុល្លារ ពេញមួយការប្រគំតន្ត្រីនេះ ដែលពួកគេបានសម្ដែងនៅក្នុងទីក្រុងផ្សេងៗគ្នាចំនួន ១០ នៅក្នុងទ្វីបចំនួន ៤។
BTS ក៏បានឈរនៅតំណែងលេខ ២ ក្នុងបញ្ជី Hot Tours ចុងក្រោយរបស់ Billboard ប្រចាំខែតុលា ដែលបញ្ជីនេះមានដាក់ចំណាត់ថ្នាក់ការប្រគំតន្ត្រីរកចំណូលបានច្រើនជាងគេប្រចាំខែ។ ជាក់ស្ដែងឆាក ៤ ចុងក្រោយនៃ “Love Yourself: Speak Yourself” ដែលធ្វើនៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងទីក្រុងសេអ៊ូល អាចរកចំណូលបានសរុប ១៦ ៤៩០ ៥៨៦ ដុល្លារ។ តំណែងលេខ ១ គឺបានទៅលើតារាចម្រៀង Elton John ដែលរកចំណូលបានជាង ២១ លានដុល្លារ ពីឆាកតន្ត្រីចំនួន ១២ ក្នុងទីក្រុងចំនួន ៨៕
ប្រភព៖ សប្បាយ