កីឡា

លោក វ៉ាត់ ចំរើន​ ៖ ការហ្វឹកហាត់ តាមអនឡាញ ក្រុមអត្តពលិកទំាងអស់ ត្រូវស្មោះត្រង់ ទើបទទួលបានផល នៃការប្រកួតកីឡា SEA GAMES នៅវៀតណាម

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ រៀបចំ SEA GAMES “CAM SOC” ២០២៣ និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋាន កីឡា និងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១បានបើកកិច្ចប្រជុំ ស្តីពីស្វ័យហ្វឹកហាត់ Self Training ត្រៀមលក្ខណៈឲ្យបានប្រសើរ របស់ក្រុមជម្រើសជាតិ SEA GAMES សម្រាប់ចូលរួមប្រកួតកីឡា SEA GAMES នៅចុងឆ្នាំ២០២១ នៅប្រទេសវៀតណាម តាមអនឡាញ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមាន៤ចំណុចសំខាន់ៗ ក្នុងនោះចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES នៅចុងឆ្នាំ២០២១ នៅប្រទេសវៀតណាម និងទី២ត្រៀមបញ្ជូនកីឡា ជាច្រើនប្រភេទចូលរួមកីឡា អូឡាំពិកតូក្យូ និងហ្វឹកហាត់តាមអនឡាញ ។ សម្រាប់កិច្ចប្រជុំពាក់ព័ន្ធ នឹងការប្រកួតកីឡា SEA GAMES នៅប្រទេស វៀតណាម យើងបានយកចិត្តទុកដាក់ផ្តល់ ព័ត៌មានដល់គ្រប់សហព័ន្ធកីឡាជាតិ ទាំងអស់ និងគ្រូបង្វឹកដើម្បីត្រៀម លក្ខណៈ ព្រោះយើងទើបតែបានទទួលប្រភេទកីឡា និងវិញ្ញាសាផ្លូវការពីវៀតណាម ជូនសហព័ន្ធហើយ ។

លោកអគ្គលេខាធិការបន្តថា ដូច្នេះសហព័ន្ធត្រៀម លក្ខណៈប្រមូលកីឡាករ-កីឡាការិនីចុះឈ្មោះ ចូលរួម SEA GAMES នៅប្រទេសវៀតណាម ចុងខែឧសភា ពីព្រោះម្ចាស់ផ្ទះការប្រកួតវៀតណាមប្តេជ្ញារៀបចំ ការប្រកួតជាដាច់ខាត ហើយយើងត្រូវតែរៀបចំ ឲ្យទាន់ពេលវេលា កំណត់របស់ម្ចាស់ផ្ទះ។ ចំណែកអ្វីដែលសំខាន់នោះ គឺការហ្វឹកហាត់ក្រៅប្រទេស សហព័ន្ធត្រូវជ្រើសរើសកីឡាករ-កីឡាការិនី និងចំណុចចុងក្រោយការហ្វឹកហាត់ តាមរយៈពេលអនឡាញ ។

លោកបានបន្ថែមទៀតថា ការហ្វឹកហាត់ តាមរយៈពេលអនឡាញបង្រៀនពីការយល់ដឹងស្តីគោលដៅ កម្មវត្ថុ និងចង់បាន តាមលក្ខណៈបច្ចេកទេស នៃហ្វឹកហាត់នីមួយៗ របស់ក្រុមជម្រើសជាតិ SEA GAMES ។ លោកបានពន្យល់ដល់គ្រូបង្វឹក ក្រុមជម្រើសជាតិ ទំាងអស់ សម្រាប់ជំនួយស្មារតី ក្នុងហ្វឹកហាត់ ពីព្រោះការហ្វឹកហាត់ តាមអនឡាញផ្តោតលើការថែរក្សា គុណភាពកម្លាំងកាយ គុណភាពបច្ចេកទេសមូលដ្ឋាន និងថែរក្សាចិត្តសាស្រ្ត ធ្វើលំហាត់ចិត្តសាស្រ្តនេះគឺពេលទំនេរពីការហ្វឹកហាត់ត្រូវឲ្យមើលវីដេអូលើ Youtube ដោយមើលការប្រកួតល្អ នៅលើពិភពលោក។
លោក វ៉ាត់ ចំរើនបានអះអាងថា នៅលើវីដេអូលើ Youtube មានគ្រប់កីឡា ទាំងអស់ ហើយយកចំណុចខ្លាំង នៃបច្ចេកទេស ដែលគេប្រើក្នុងការប្រកួត នៃព្រឹតិ្តការណ៍នោះអាចហ្វឹកហាត់ និងអាចប្តូរយុទ្ធសាស្រ្តសម្រាប់ដោយ ខ្លួនឯងផ្ទាល់បានទៀត ។
ចំពោះការហ្វឹកហាត់ តាមអនឡាញនេះត្រូវចាប់ផ្តើម ឲ្យបានលឿនគោរពតាមគោលការណ៍ របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រីឯគ្រូបង្វឹក ត្រូវតាមដាន គ្រប់ពេលវេលាឲ្យម៉ត់ចត់ ចំណែកអត្តពលិកមានភាពស្មោះត្រង់នៃការហ្វឹកហាត់ ប្រសិនបើមិនស្មោះត្រង់ នៃការហ្វឹកហាត់នោះគ្មាន ទទួលបានផលឡើយ ៕ដោយ៖លី ភីលី

Most Popular

To Top