ព័ត៌មានអន្តរជាតិ

ទ័ពមីយ៉ានម៉ា បាញ់ព្រមានទូក ដឹកមន្ត្រីព្រំដែនថៃ

បរទេស ៖ យោធា របស់ប្រទេសមីយ៉ានម៉ា តាមសេចក្តីរាយការណ៍ បានបាញ់ព្រមានទូក ស៊ីវិលមួយគ្រឿង ដែលដឹកមន្ត្រី ល្បាតព្រំដែនថៃ ស្របពេលមានភាពតានតឹង កើនឡើង នៅតាមតំបន់ព្រំដែន ចាប់តាំងពីរបបសឹក បានដណ្ដើមអំណាច កាលពីជិត៣ខែមុន ។

ការបាញ់ព្រមាននេះ បានកើតមានឡើង នៅជិតភូមិ Tha Ta Fung ក្នុងខេត្ត Mae Hong Son ស្ថិតនៅជិតទីតំាងមួយ ដែលជនជាតិភាគតិច ការ៉ែន មកពីប្រទេសមីយ៉ានម៉ា ធ្វើការភៀសខ្លួនគេចពីការវាយប្រហារតាមអាកាសយោធា កាលពីខែមុន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Bangkok Post នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រភពសន្តិសុខចំនួនពីរ បាននិយាយប្រាប់ថា គ្មានអ្នករងរបួសទេក្នុងហេតុការណ៍ បាញ់ព្រមានទូក ដែលមានពាក់ទង់ជាតិថៃនោះ។
ប្រភពមួយក្នុងចំណោមនោះបាននិយាយយ៉ាង ដូច្នេះថា “អង្គភាពយោធា មីយ៉ានម៉ា មានក្តីព្រួយបារម្ភអំពីទូក បញ្ជូនគ្រឿងផ្គត់ផ្គង់ ឲ្យភាគីប្រឆាំងរបស់ពួកគេនៅភាគីដទៃ ដូច្នោះពួកគេបានផ្តល់ជាសញ្ញា ដល់ទូក ដើម្បីធ្វើការត្រួតពិនិត្យ ហើយមន្ត្រីមីយ៉ានម៉ា បានធ្វើការពិនិត្យ មើលទូកនោះ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top