ភ្នំពេញ៖ តារាចម្រៀង ករុណា ពេជ្រ កាលពីថ្ងៃចន្ទទី ៣១ ខែឧសភា ឆ្នាំ២០២១ បានធ្វើពិធីឡើងផ្ទះថ្មីរបស់លោកដែលទើបសាងសង់រួច នៅក្នុងខណ្ឌសែន សុខ រាជធានីភ្នំពេញ ដោយកម្មពិធីប្រព្រឹត្តទៅតាមបែបសាសនា ជាលក្ខណៈគ្រួសារប៉ុណ្ណោះ ។
តាមរយៈការបង្ហោះ រូបថតជាច្រើនសន្លឹក នៅលើបណ្ដាញសង្គមហ្វេសប៊ុក អំពីទិដ្ឋភាព ផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់ម្ចាស់បទ “ហេតុអ្វីឱ្យបងស្គាល់អូន” រូបនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ និងស្ញើចសរសើរយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនរបស់លោក ដូច្នេះហើយទើប Lookingtoday បានទំនាក់ទំនងសួរនាំទៅកាន់លោក ករុណា ពេជ្រ ដើម្បីចង់ដឹងព័ត៌មានមួយចំនួន អំពីផ្ទះថ្មីនេះ ។
យោងតាមការផ្ដល់បទសម្ភាសន៍ ជាមួយក្រុមការងារ Lookingtoday លោក ករុណា ពេជ្រ បានឱ្យដឹងថា ផ្ទះវីឡាថ្មីនេះ ត្រូវបានចំណាយពេលសាងសង់រួច រយៈពេល ២ឆ្នាំ និងចំណាយថវិការសរុប ប្រមាណខ្ទង់ ៥០ម៉ឺនដុល្លារ ក្បែរ ៦០ម៉ឺនដុល្លារឯនោះ នេះមិនរាប់ជាមួយតម្លៃដី ដែលលោកបានទិញ កាលពីជាង ១០ឆ្នាំមុនឡើយ ។ ទោះជាយ៉ាងណាក៏ដោយ លោក ករុណា ពេជ្រ បានបញ្ជាក់ថា បើទោះជាបានសែនព្រេនចូលរស់នៅ ទៅហើយក្ដី ក៏នៅតែមានផ្នែកខ្លះៗកំពុងតែកែកុនដែរ ។
តារាចម្រៀង ដែលល្បីថា មានចំណែកភាគហ៊ុននៅក្នុងផលិតកម្មថោន រូបនេះបានឱ្យបន្តទៀតថា តាមពិតផ្ទះនេះលោកពុំមានគម្រោងថា នឹងត្រូវសាងសង់ឡើយ ប៉ុន្តែដោយសារតែលោក សុគន្ធ ថេរ៉ាយុ ផ្ញើរូបគំរូផ្ទះមួយដែលឃើញគេបង្ហោះ នៅលើហ្វេសប៊ុកមកឱ្យលោកមើល ទើបមានអារម្មណ៍ស្រឡាញ់ ហើយក្រោយមកក៏ចាប់ផ្ដើមសាងសង់តែម្ដង ដោយការដេគ័រផ្សេងៗ គឺជាគំនិតរបស់លោកទាំងអស់ ។
“តាមពិតទៅផ្ទះនេះ(បង )គ្មានបំណងត្រូវធ្វើទេ តែដោយសារសុគន្ធ ថេរ៉ាយុ គេផ្ញើររូបម៉ូដផ្ទះនេះឱ្យបងមើល ទើបស្រលាញ់ ហើយក្រោយមកក៏សង់តែម្ដងទៅ” លោក ករុណា ពេជ្រ ពោល ។
ដូចដែលទស្សនិកជនបានដឹងស្រាប់ហើយថា ផ្ទះថ្មីដែលលោក ករុណា ពេជ្រ ទើបតែបានចូលរស់នៅនេះ គឺជាការខិតខំ និងមើលការខុសត្រូវផ្ទាល់ ចាប់តាំងពីពេលបុកគ្រឹះ រហូតដល់សាងសង់ រួចជាស្ថាពរ ខណៈដែលស្ថានភាពជំងឺឪពុករបស់លោក ក៏កំពុងតែវឌ្ឍន៍ទៅមុខ ត្រូវការការព្យាបាល និងថែទាំងជាប្រចាំដែរ ។
គួរឱ្យដឹងដែរថា តារាចម្រៀង ករុណា ពេជ្រ ត្រូវបានអ្នកគាំទ្រទទួលស្គាល់ថា ជាតារាចម្រៀងប្រុសវ័យក្មេង ដែលមានជីវភាពខ្ពស់ ដែលក្រៅតែពីមានផ្ទះវីឡាធំស្កឹមស្កៃរស់នៅហើយនោះ លោកក៏មានរថយន្ត ទំនើបតម្លៃខ្ទង់សែនដុល្លារ ព្រមទាំងដីធ្លី ជាច្រើនកន្លែងទៀតផង ៕ ដោយ៖ ម៉ានី