ភ្នំពេញ ៖ លោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ អាយុ២៦ឆ្នាំ ដែលជាតារា សម្តែងមួយរូប នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំង ការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់ ពន្ធនាគារព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៖ ៤៤៣៥ “ញ”ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។
គួរបញ្ជាក់ដែរថា លោក អេដវីន ត្រូវបានសមត្ថកិច្ចនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានពាក្យបណ្តឹង របស់ភាគីនារីរងគ្រោះ ជាអតីតសង្សារ គឺអ្នកនាង សុទ្ធ បញ្ចកា ពាក់ព័ន្ធករណី អំពើហិង្សាយ៉ាងព្រៃផ្សៃ បង្កឲ្យមានរបួសស្នាម ជាច្រើនកន្លែង និងបំផ្លិចបំផ្លាញ នូវទ្រព្យសម្បត្តិ ក្នុងលំនៅដ្ឋានជនរងគ្រោះ ស្នាក់នៅ ដែលលំនៅដ្ឋាននេះ គឺជាកម្មសិទ្ធិរបស់ម្តាយបង្កើតជនរងគ្រោះ ។
តាមពាក្យបណ្តឹងរបស់ អ្នកនាង សុទ្ធ បញ្ចកា បានរៀបរាប់ថា នៅឆ្នាំ២០១៤ ខ្លួនបានរៀនចប់ អនុបណ្ឌិតផ្នែកគ្រប់គ្រង។ នៅឆ្នាំ២០១៥ ខ្លួនបានរៀបការ ជាមួយបុរសម្នាក់ រហូតបានកូនស្រី០២នាក់ ។ ដោយការរស់នៅមិនចុះសម្រុងគ្នា នៅឆ្នាំ២០១៨ ខ្លួនបានលែងលះជាមួយប្តី ដោយចែកកូនស្រីម្នាក់មួយ ។
នៅឆ្នាំ២០១៩ ខ្លួនបានចាប់ផ្តើមស្គាល់ យិត មាសឧស្សាហ៍ ហៅ អេដវីន ហើយក៏បានស្រឡាញ់គ្នា និង រស់នៅជាមួយគ្នា ដូចប្តីប្រពន្ធ ដោយស្នាក់នៅ ផ្ទះរបស់ អេដវីន ។ ក្នុងអំឡុងពេលរស់នៅជាមួយគ្នា ពួកខ្លួនតែងតែឈ្លោះប្រកែកគ្នា ជាញឹក ញាប់ ពេលខ្លះ អេដវីន បានប្រើអំពើហិង្សា វាយដំមកលើខ្លួន បណ្តាលឲ្យមានស្នាកស្នាម ពេញខ្លួនផងដែរ បើសរុបមកដល់ពេលនេះ គឺចំនួន ៧ដងមកហើយ ។ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ រូបខ្លួន និង អេដវីន បានចែកផ្លូវគ្នា និងលែងរស់នៅជាមួយគ្នាជាបន្តទៀត ។ ក្រោយបែកគ្នាបាន ០៣ថ្ងៃ អេដវីន បានបង្ហោះសារជាអក្សរ តាមបណ្តាញសង្គម ថា ខ្លួនមានសាហាយជាមួយអ្នកផ្សេង និងមានការជេរប្រមាថ មកលើរូបខ្លួន តែខ្លួនឃើញដូច្នោះ ក៏មិនតបតដែរ ។ ក្រោយមកនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ខ្លួនបានចូលទៅស្នាក់នៅផ្ទះម្តាយបង្កើត ក្នុងបុរីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៤និង១០នាទីទាបភ្លឺ ខ្លួនបានវិលត្រឡប់ពីផឹកស៊ី ជាមួយមិត្តភក្តិ និងបានពឹងមិត្តម្នាក់ឈ្មោះ រតនា ជួយជូនខ្លួនមកផ្ទះ ពេលនោះខ្លួនស្រវឹងខ្លាំងពេក ក៏បានចូលដេកក្នុងបន្ទប់ លុះមួយសន្ទុះក្រោយមកខ្លួនក៏ភ្ញាក់ឡើង ឃើញមិត្តខ្លួនឈ្មោះ រតនា កំពុងតែវាយគ្នា ជាមួយ អេដវីន ហើយ អេដវីន បានអុកឡុកបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ អស់ជាច្រើន ។ ដោយមានការភ័យស្លន់ស្លោរ មិនដឹងធ្វើយ៉ាងម៉េច ខ្លួនក៏បានបើកឡានចេញពីផ្ទះមួយជុំ ក៏ត្រឡប់មកវិញ ឃើញពួកគេទាំង២នាក់ ឈប់វាយគ្នា ខ្លួនក៏ហៅ អេដវីន ឲ្យចូលក្នុងផ្ទះ ស្រាប់តែអេដវីន ទះខ្លួនចំនួន ៣ដៃ ហើយច្រានខ្លួន ដួលទៅលើឥដ្ឋការ៉ូ និងដកយកខ្សែ ក្រវ៉ាត់របស់គាត់ មកវាយលើរូបខ្លួន ជាច្រើនខ្សែក្រវ៉ាត់ ត្រូវចំក្បាល ចំដៃ ចំខ្លួន ចំជើង ធ្វើឲ្យខ្លួនឈឺចុកចាប់ជាខ្លាំង។ ពេលវាយមកលើខ្លួនរួចហើយ អេដវីន បានចាប់បង្ខំឲ្យខ្លួនរួមភេទ រហូតបានសម្រេច ទាំងខ្លួនកំពុងមានស្នាមរបួសពេញខ្លួន បន្ទាប់មកចាប់បោចសក់ខ្លួន អូសចុះពីកាំជណ្តើដាក់លើម៉ូតូ ដឹកទៅផ្ទះម្តាយខ្លួនមួយទៀត នៅម្តុំស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដើម្បីឲ្យអ្នកផ្ទះខ្លួនបានដឹង។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ អ្នកនាង សុទ្ធ បញ្ចកា បានចូលដាក់ពាក្យបណ្តឹង នៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្តឹងលោក យិត មាសឧស្សាហ៍ ហៅ អេដវីន ថាបានធ្វើសកម្មភាពហិង្សា មកលើខ្លួនប្រាណរបស់អ្នកនាង បណ្តាលមានរបួសស្នាមធ្ងន់ធ្ងរ ថែមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឲ្យខូចខាតអស់មួយចំនួន ។
នៅ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ លោក យិត មាសឧស្សាហ៍ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរ មនុស្ស ធ្វើការឃាត់ខ្លួន ហើយក្នុងថ្ងៃជាមួយគ្នានេះផងដែរ អ្នកនាង សុទ្ធ បញ្ចកា ក៏បានប្តូរចិត្តសុំដកពាក្យបណ្តឹង ឈប់ប្តឹង លោក អេដវីន ដោយមិនទាមទារសំណងអ្វីទាំងអស់។ ព្រមជាមួយគ្នានោះ ដោយ លោក អេដវីន នៅជាប់បណ្តឹង របស់ ម្តាយបង្កើតអ្នកនាង សុទ្ធ បញ្ចកា ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងបណ្តឹងរបស់ ឈ្មោះ ហ៊ាង រតនា ពីបទបង្ករបួសស្នាម ផងនោះ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យឈ្មោះ យិត មាសឧស្សាហ៍ ហៅ អេដវីន ទៅកាន់តុលាការដើម្បីផ្តន្ទាទោស ។ ទោះបីជាយ៉ាងនេះក្តី អ្នកនាង សុទ្ធ បញ្ចកា ក៏មិនបានបញ្ឈប់ នូវបំណងដកពាក្យ បណ្តឹងវិញនោះដែរ ដោយអ្នកនាងបានព្យាយាម ស្នើសុំដកពាក្យបណ្តឹងម្តង ហើយម្តងទៀត នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង នៅសាលាដំបូង រាជធានីភ្នំពេញផងដែរ ។
តែនៅទីបំផុត លោក យិត មាសឧស្សាហ៍ ហៅ អេដវីន នៅតែត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ឱ្យស្ថិត ក្រោមការពិនិត្យ ពីបទ អំពើហិង្សា ប្រព្រឹត្តដោយសហព័ទ្ធ ឬអនិតិសង្វាសជន និងបទធ្វើឱ្យខូចខាតដោយចេតនា និងសម្រេចឱ្យឃុំខ្លួន ជាបណ្តោះអាសន្ន តាមដីកាបង្គាប់ឱ្យ ឃុំខ្លួនលេខ៖ ៤៤៣៥ “ញ”ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ៕