បរទេស ៖ កូនដ្រូនចារកម្ម របស់សហរដ្ឋអាមេរិកមួយគ្រឿង តាមសេចក្តីរាយការណ៍ បានធ្វើការហោះហើរ ពីលើ ឧបទ្វីបកូរ៉េ នៅមុនថ្ងៃគម្រប់ ខួបទិវាជ័យជំនះ របស់ប្រទេសកូរ៉េខាងជើង ដែលជាកម្មវិធីរំឭកដល់កិច្ច ព្រមព្រៀងបទឈប់បាញ់ គ្នាកូរ៉េឆ្នាំ១៩៥៣ ។
ក្រុមឃ្លាំមើលអនឡាញ Radarbox បានបង្ហាញទិន្នន័យ នៃការហោះហើរ របស់កូនដ្រូន RQ-4 Global Hawk របស់កងកម្លាំង អាមេរិកប្រចាំនៅជប៉ុននោះ កាលពីថ្ងៃអាទិត្យ ហើយក្រុមនោះបានបង្ហាញថា កូនយន្តហោះចារកម្មគ្មានមនុស្សបើកនោះ ធ្វើដំណើរចាកចេញពីមូលដ្ឋានទ័ព អាកាស Yokota កាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់មកធ្វើការហោះហើរ ពីលើប្រទេសកូរ៉េខាងត្បូង ភាគកណ្ដាល ។
សេចក្តីរាយការណ៍បាននិយាយថា ទិន្នន័យយន្តហោះបង្ហាញថា កូនយន្តហោះគ្មានមនុស្ស បើកដែលហោះហើរ ក្នុងរយៈកម្ពស់ខ្ពស់ បានធ្វើដំណើរលើតំបន់មួយ ដែលស្ថិតនៅក្រោមតំបន់គ្មាន យោធាកូរ៉េ អស់រយៈពេលជាង១០ម៉ោង ។
យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង News 1 បានឲ្យដឹងថា កូនដ្រូន Global Hawk គឺត្រូវបានបញ្ជូនឲ្យ ទៅជិតប្រទេសកូរ៉េខាងជើង កាលពីសប្ដាហ៍មុន ដោយហោះហើរក្នុងដែនអាកាស កូរ៉េខាងត្បូង នៅថ្ងៃពុធ ថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ៕ ប្រែសម្រួល៖ប៉ាង កុង