ភ្នំពេញ៖ បើគិតចាប់ពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ រហូតមកដល់ពេលនេះតារាសម្ដែងប្រុស យិត មាសឧស្សាហ៍ ហៅ អេដវីន បានចាប់ក្នុងពន្ធនាគាររយៈពេលជិត ២ខែហើយ ក្រោយពីបានជាប់បណ្ដឹងអជ្ញាពាក់ព័ន្ធនឹងករណីប្រើប្រាស់អំហិង្សាបង្ករបួសស្នាមលើអតីតគូស្នេហ៍របស់ខ្លួន គឺអ្នកនាង សុទ្ធ បញ្ចកា កាលពីអំឡុងពាក់កណ្ដាលខែ មិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ ។
ជាមួយគ្នានេះដែរអ្វីដែលកាន់តែសំណាងអាក្រក់ និងសោកសៅបំផុតសម្រាប់លោក អេដវីន នោះ គឺកាលពីព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ នេះ ម្ដាយរបស់លោក បានទទួលមរណភាព ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាង សុទ្ធ បញ្ចកា តាមរយៈគណនីហ្វេសប៊ុករបស់នាង ។
អ្នកនាង សុទ្ធ បញ្ចកា កាលពីព្រឹកថ្ងៃនេះ បានប្ដូររូបក្នុងប្រូហ្វាល់ហ្វេសប៊ុករបស់នាងទៅជារូបកាន់ទុក្ខ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន និងមិត្តភក្ដិក្នុងហ្វេសប៊ុករបស់នាង ព្រោះកាលពីពីរថ្ងៃមុនទើបតែឃើញនាង ផុសរូបថតសើចសប្បាយក្អាកក្អាយជាមួយបុរសប្លែកមុខម្នាក់ ដែលនាងបង្ហើបថា ជាគូស្នេហ៍ថ្មីមកស្អំបេះដូងជំនួសលោក អេដវីដ ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារព្រៃស ។
យ៉ាងណាមិញ ក្រោយពីមានការជជីកសួរពីសំណាក់មិត្តភក្ដិរបស់នាងក្នុងហ្វេសប៊ុក សុទ្ធ បញ្ចកា ក៏បានតបយ៉ាងខ្លី ជាភាសាអង់គ្លេសថា ម្ដាយលោក អេដវីន បានទទួលមរណភាពហើយ ប៉ុន្តែនាងមិនបានប្រាប់ថា មរណភាពដោយសារអ្វីឡើយ ។
គួររំឮកថា កាលពីយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ អ្នកនាង សុទ្ធ បញ្ចកា បានទម្លាយសារ រៀបរាប់ពីសកម្មភាពហិង្សា វាយដំរាយកាយពីសំណាក់លោក អេដវីន ដែលជាគូស្នេហ៍មកលើរូបនាងយ៉ាងព្រៃផ្សៃ ។
ក្រោយពីមានករណីខាងលើកើតឡើង បង្កឱ្យមានការភ្ញាក់ផ្អើលលើបណ្ដាញសង្គមហើយនោះ លោក អេដវីន ត្រូវបានសមត្ថកិច្ចនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន និងបញ្ចូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ។ ហើយរហូតមកដល់ពេលនេះដំណឹងរបស់លោក បានស្ងាត់សូន្យឈឹង ខណៈដែលអ្នកនាង សុទ្ធ បញ្ចាកា ក៏បង្ហាញបុរសគូស្នេហ៍ថ្មីជាសាធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុក ពុំមានក្រែងមាត់មហាជនឡើយ ៕
ដោយ៖ ម៉ានី