បរទេស៖ សហភាពអឺរ៉ុប បានត្រៀមខ្លួនជាស្រេច ដើម្បីបន្តផ្តល់ជំនួយបន្ទាន់ ឲ្យដល់ប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែនឹងរក្សាការឃ្លាំចាំមើល យ៉ាងយកចិត្តទុកដាក់ ចំពោះរដ្ឋាភិបាលថ្មីរបស់ពួកតាលីបង់ នេះបើយោងតាមសម្តីមន្ត្រីជាន់ខ្ពស់ សហភាពអឺរ៉ុបមួយរូប នៅថ្ងៃពុធនេះ។

អនុប្រធានគណៈកម្មការអឺរ៉ុប លោក Maros Sefcovic បានមានប្រសាសន៍យ៉ាងដូច្នេះថា “សហភាពអឺររ៉ុប ត្រៀមខ្លួនជាស្រេច ដើម្បីបន្តផ្តល់ជំនួយមនុស្សធម៌” ហើយលោកបន្ថែមថា ប៉ុន្តែជំនួយរយៈពេលវែង គឺអាស្រ័យលើពួកតាលីបង់ រក្សាសេរីភាពមូលដ្ឋាននានា។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រោយកិច្ចប្រជុំគណៈកម្មការអឺរ៉ុប លោកបាននិយាយប្រាប់ សន្និសីទកាសែតមួយដូច្នេះថា “យើងកំពុងតែសម្លឹងមើល យ៉ាងយកចិត្តទុកដាក់ ចំពោះឥរិយាបថ ដែលពួកតាលីបង់កំពុងប្រព្រឹត្ត នៅមុនពេលចូលរួមផ្តល់”។
គួរបញ្ជាក់ថា ក្រោយពួកតាលីបង់ គ្រប់គ្រងប្រទេសបាន នៅថ្ងៃទី១៥ ខែសីហា ព្រមទាំងសហរដ្ឋអាមេរិក និងមហាអំណាចលោកខាងលិច ដកទ័ពនោះ អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសអាហ្វហ្គានីស្ថាន ប្រឈមមុខនឹងការធ្លាក់ចុះ នៃជំនួយសេវាកម្មមូលដ្ឋាន និងចំណីអាហារ ហើយជំនួយដទៃទៀត ក៏ជិតដល់ពេលអស់៕ ប្រែសម្រួល៖ប៉ាង កុង
