បច្ចេកវិទ្យា

មកដឹងចំណុចពិសេសៗ iPhone 13 មុនប្រកាសចេញជាផ្លូវការ

បាំងតែ១អាទិត្យទៀតប៉ុណ្ណោះ នាថ្ងៃទី១៤ ខែកញ្ញា គេរំពឹងថា Apple នឹងប្រកាសចេញ iPhone ជំនាន់ថ្មីដែលដំណឹងជាច្រើនអះអាងថា Apple នឹងដាក់ឈ្មោះវា iPhone 13។ មុនស្មាតហ្វូននេះប្រកាសចេញជាផ្លូវការ យើងមកដឹងពីលក្ខណៈពិសេសៗ ដែល Apple អាចនឹងបំពាក់លើស្មាតហ្វូននេះ ដោយយោងទៅតាមដំណឹងលេចឮគួរឱ្យទុកចិត្តជាច្រើន។

ការរចនារូបរាង គឺត្រូវបានរក្សាដដែលដូចទៅនឹង iPhone 12 គឺអេក្រង់រាបស្មើ សុំព័ទ្ធជុំវិញមានរាងជ្រុង ខុសតែកម្រាស់របស់វា គឺក្រាស់ជាងមុន ប្រមាណ ០,២៦ មីលីម៉ែត្រ។

បន្ទះបង្ហាញថ្មី ProMotion Display ដែលប្រើបច្ចេកវិទ្យា LTPO គាំទ្រ refresh rate 120Hz និងសន្សំសំចៃថាមពលថ្ម ពិសេសគឺអាចដំណើរការមុខងារ Always On Display ថែមទៀតផង។

ថ្ងាសឆកតូចជាងមុន បន្ទាប់ពី Apple ប្រើថ្ងាសឆកទំហំធំ ហៀរសឹងពេញអេក្រង់ ប្រមាណ ៤ឆ្នាំ តាំងពី iPhone X មកនេះ ដំណឹងលេចធ្លាយពីប្រភព គួរឱ្យទុកចិត្តជាច្រើនអះអាងថា Apple នឹងប្ដូរថ្ងាសឆកធំ ទៅជាឆ្ងាសឆកមាន ទំហំតូចជំនួសវិញ។

ប្រព័ន្ធកាមេរ៉ា នឹងមានរូបរាងខុសមុន ដោយម៉ូឌែលធម្មតា មានលែនកាមេរ៉ាពីរ គ្រាប់បញ្ឆិតរៀងគ្នា ប៉ុន្ដែចំពោះម៉ូឌែលPro គឺរក្សាលែន ៣គ្រាប់នៅទីតាំងដដែល ។

ដោយឡែកប្រព័ន្ធកាមេរ៉ា ក្រោយនឹង មានលែនកាមេរ៉ាធំ ជាងមុន រួមទាំងសន្ទះលែនធំជាងជំនាន់មុន ៧ មីលីម៉ែត្រ និងក្រាស់ជាងមុន ១,៩៥ មីលីម៉ែត្រ។ ការផ្លាស់ប្ដូរទំហំទម្រង់កាមេរ៉ានេះ ក៏ព្រោះតែ Apple បានបន្ថែមសែនស័រ ទប់លំនឹង Shift OIS ទៅលើលែន Ultra wide ដូចកាលពីឆ្នាំ២០២០ ដែលពួកគេបានបន្ថែមសែនស័រ ទប់លំនឹងដដែល ទៅលើលែន wide របស់ iPhone 12 Pro Max។

ក្រៅពីនេះ គេរំពឹងថាទាំងកាមេរ៉ាមុខនិងក្រោយ iPhone ជំនាន់ថ្មីនឹងអាចថតវីដេអូព្រិលផ្ទៃក្រោយ Portrait Mode បានថែមទៀតផង។

កម្លាំងម៉ាស៊ីន iPhone ជំនាន់ថ្មីនឹងមានភាគរយកប្រើបន្ទះឈីប A15 Bionic ទំហំ 5nm ច្រើនជាងប្រើប្រព័ន្ធបន្ទះឈីបជំនាន់ថ្មី Apple Silicon M1។

សេវាទូរសព្ទ វានឹងគាំទ្រសេវា 5G ដដែលដូច iPhone ជំនាន់មុន ដោយឡែក បច្ចេកវិទ្យាល្បឿនលឿន mmWave 5G antennas នឹងពង្រីកវិសាលភាព ឱ្យប្រើប្រាស់ឱ្យកាន់តែទូលាយ លើប្រទេសជាច្រើន ខុសពីមុនដែលដំណើរការតែនៅសហរដ្ឋអាមេរិច។

** Touch ID** អាចនឹងត្រលប់មកវិញ លើត្រកូល iPhone 13 មិនតែប៉ុណ្ណោះ ថែមទាំងជា Touch ID បង្កប់ក្រោមអេក្រង់ថែមទៀតផង។

ទំហំផ្ទុក នឹងឡើងដល់ទៅ 1TB ជំនួសឱ្យ iPhone ឆ្នាំមុនដែលមានទំហំធំអស់ត្រឹម 512GB តែប៉ុណ្ណោះ។

ទំហំថ្ម iPhone ជំនាន់ថ្មី នឹងមានទំហំធំដល់ទៅ ៤៣៥២ មីលីអំពែម៉ោង ខណៈ iPhone ឆ្នាំមុនមានទំហំថ្មធំអស់ត្រឹម ៣៦៨៧ មីលីអំពែម៉ោង តែប៉ុណ្ណោះ។

ពណ៌ស្មាតហ្វូន ត្រូវបានគេរំពឹងទុកថានឹងមានពណ៌ថ្មី គឺពណ៌ខ្មៅគ្រើម និងពណ៌ទឹកក្រូច។

តម្លៃ ត្រកូល iPhone 13 ត្រូវបានរំពឹងទុកថា នឹងរក្សាតម្លៃដដែលដូចទៅនឹង ត្រកូល iPhone 12 ផងដែរ ជាមួយតម្លៃ

iPhone 13 mini ៧២៩ ដុល្លារ
iPhone 13 ៨២៩ ដុល្លារ
iPhone 13 Pro ៩៩៩ ដុល្លារ
iPhone 13 Pro Max ១០៩៩ ដុល្លារ
យ៉ាងណា លក្ខណៈសម្បតិ្តទាំងអស់នេះ ជាអ្វីដែលយើងរំពឹងទុកថាអាចមានលើ ត្រកូល iPhone 13 ដោយឡែកដំណឹងច្បាស់ពិតប្រាកដនោះ យើងនឹងរង់ចាំតាមដានទាំងអស់គ្នា ក្នុងព្រឹត្តិការណ៍ Apple Event ដែលនឹងប្រព្រឹត្តិទៅនៅ ថ្ងៃទី១៤ ខាងមុខនេះ៕

Most Popular

To Top