ព័ត៌មានអន្តរជាតិ

លោក បៃដិន និងប្រធានាធិបតីចិន និយាយគ្នាតាមទូរស័ព្ទ ជាលើកដំបូង ក្នុងរយៈពេល៧ខែ

បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាពេលថ្មីៗនេះ បានធ្វើកិច្ចសន្ទនាគ្នា តាមទូរស័ព្ទ បញ្ចប់គម្លាតជិត៧ខែ ក្នុងកិច្ចសន្ទនាគ្នាដោយផ្ទាល់ រវាងមេដឹកនាំ នៃមហាអំណាចសេដ្ឋកិច្ច ពិភពលោកទាំងពីរ ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ALJAZEERA នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា កិច្ចសន្ទនាគ្នាតាមទូរស័ព្ទនោះ គឺត្រូវបានបញ្ជាក់ ដោយសេតវិមាន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដែលនិយាយថា មេដឹកនាំទាំងពីរ បានពិភាក្សាគ្នា នៅពេលព្រឹកថ្ងៃសុក្រ ។

កិច្ចពិភាក្សាគ្នា ដែលប្រព្រឹត្ត ទៅអស់រយៈពេលប្រហែល៩០នាទីនោះ បានផ្តោតសំខាន់ លើការស្វែង រកផ្លូវទៅមុខ សម្រាប់ចំណងមិត្តភាព សហរដ្ឋអាមេរិក-ចិន ហើយនៅក្នុងសេចក្តី ថ្លែងការណ៍មួយ សេតវិមានបាននិយាយដូច្នេះថា “មេដឹកនាំទាំងពីរ បានពិភាក្សាគ្នា ស្តីពីចំណុច ដែលផលប្រយោជន៍ របស់យើងប្រមូលផ្តុំគ្នា និងចំណុចដែលផលប្រយោជន៍ គុណតម្លៃនិងទស្សនវិស័យ របស់យើងខុសគ្នា”។

ចំណែកប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា កិច្ចសន្ទនាគ្នានោះ គឺមានភាពស្មោះត្រង់ និងស៊ីជម្រៅ និងបានបន្ថែមថា លោកប្រធានាធិបតី ស៊ី ជីនពីង បានមានប្រសាសន៍ថា គោលនយោបាយសហរដ្ឋអាមេរិក លើប្រទេសចិន បង្កការលំបាកខ្លាំង ដល់ចំណងមិត្តភាព៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top