ព័ត៌មានអន្តរជាតិ

លោក បៃដិន នឹងធ្វើការទទួលមេដឹកនាំ មកពីអូស្ត្រាលី ឥណ្ឌានិងជប៉ុន នៅសេតវិមាន

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងធ្វើការទទួលមេដឹកនាំ មកពីប្រទេសអូស្ត្រាលី ឥណ្ឌានិងជប៉ុន ដែលកំពុងស្វះស្វែង ធ្វើឲ្យកាន់តែប្រសើរឡើង នូវសហប្រតិបត្តិការ ដើម្បីទប់ទល់នឹងឥទ្ធិពល កំពុងតែកើនឡើង របស់ប្រទេសចិន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លេខាធិការព័ត៌មានរបស់សេតវិមាន លោក Jen Psaki បានមានប្រសាសន៍ប្រាប់ថា ជំនួបកំពូលនោះ នឹងត្រូវបានប្រារព្ធធ្វើឡើង នៅសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី២៤ ខែកញ្ញា ហើយដំណើរទស្សនកិច្ច នៅអាមេរិក របស់មេដឹកនាំទាំង ៣ប្រទេសនេះ គឺធ្វើឡើងស្របគ្នា នឹងមហាសន្និបាតអង្គការ សហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក។

លោក Jen Psaki បានមានប្រសាសន៍ យ៉ាងដូច្នេះថា ការទទួលមេដឹកនាំទាំង៣ប្រទេសនោះ បង្ហាញឲ្យឃើញអាទិភាព របស់រដ្ឋបាលលោក បៃដិន និងលោកស្រី ហារីស ចំពោះការពាក់ព័ន្ធក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលរួមទំាងតាមរយៈការកំណត់ រចនាសម្ព័ន្ធពហុភាគីថ្មី ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម ក្នុងសតវត្សទី២១។

លេខាធិការព័ត៌មានសេតវិមានរូបនេះ តាមសេចក្តីរាយការណ៍ បានបន្តទៀតថា ជំនួបកំពូលនេះ នឹងផ្តោតសំខាន់លើការ ធ្វើឲ្យចំណងមិត្តភាពកាន់តែរឹងមាំ និងជំរុញបង្កើនសហប្រតិបត្តិការ លើវិស័យនានា ដូចជាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ការដោះស្រាយវិបត្តិអាកាសធាតុ ចង់គ្នាជាដៃគូលើបច្ចេកវិទ្យាលេចធ្លោរ និងអ៊ីនធឺណេត ព្រមទាំងលើកកម្ពស់សេរីភាព និងភាពបើកចំហនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top