ព័ត៌មានអន្តរជាតិ

លោក បៃដិន ប្ដេជ្ញាបើកទំព័រ ការទូតថ្មី ជាមួយសម្ព័ន្ធមិត្ដ ហើយផ្ដោតសំខាន់លើ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាថានឹងចាប់ផ្តើម“ យុគសម័យថ្មីនៃការទូតឥតឈប់ឈរ” ដែលពាក់ព័ន្ធនឹងការធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីដោះស្រាយបញ្ហាប្រឈម ដូចជាជំងឺរាតត្បាតកូវីដ-១៩ និងការការពារសិទិ្ធមនុស្ស ខណៈដែលបង្ហាញពីការផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ប្រទេស ទៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយបង្កើនការប្រកួតប្រជែងជាមួយចិន។

សុន្ទរកថាលើកដំបូងរបស់លោក បៃដិន ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ចាប់តាំងពីឡើងកាន់តំណែងភាគច្រើនបានបង្ហាញពីពហុភាគីនិយម ផ្ទុយពីគោលនយោបាយឯកតោភាគីនិយម“ អាមេរិកទីមួយ” របស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បើទោះបីជាថ្មីៗនេះលោក បៃដិន ផ្ទាល់បានប្រឈមមុខនឹងការរិះគន់ ចំពោះសម្ព័ន្ធមិត្ត ដែលមិនពេញចិត្ត ចំពោះការផ្លាស់ប្តូរគោលនយោបាយការបរទេសសំខាន់ៗមួយចំនួនក៏ដោយ។

ដោយកត់សម្គាល់ថា ទីបំផុតសហរដ្ឋអាមេរិក បានបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន ដែលបង្កឡើងដោយការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លោក បៃដិន បានឲ្យដឹងនៅដើមសុន្ទរកថារយៈពេល ៣០ នាទីរបស់លោកនៅទីក្រុងញូវយ៉កថា“ នៅពេលយើងបិទសម័យសង្គ្រាមឥតឈប់ឈរនេះ យើងបើកយុគសម័យថ្មីនៃការទូតឥតឈប់ឈរ”។

លោកបានលើកឡើងថា“ នៅពេលយើងសម្លឹងឆ្ពោះទៅមុខ យើងនឹងដឹកនាំរាល់បញ្ហាប្រឈមធំបំផុតនៃពេលវេលារបស់យើង ពីជំងឺកូវីដ-១៩ ទៅបញ្ហាអាកាសធាតុ សន្តិភាព និងសន្តិសុខ សេចក្តីថ្លៃថ្នូរ និងសិទ្ធិមនុស្ស ប៉ុន្តែយើងនឹងមិនដើរតែឯងនោះទេ” ។

ដោយហៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងចំណោមតំបន់ ដែលមានផលវិបាកបំផុត នៅថ្ងៃនេះ និងថ្ងៃស្អែក លោក បៃដិន ក៏បានឲ្យដឹងផងដែរថា បញ្ហាប្រឈមរបស់ពិភពលោក នឹងត្រូវដោះស្រាយរួមគ្នាជាមួយសម្ព័ន្ធមិត្ត និងដៃគូតាមរយៈ“ កិច្ចសហប្រតិបត្តិការនៅស្ថាប័នពហុភាគី ដូចជាអង្គការសហប្រជាជាតិ” ។

ក្នុងនាមជាវិធានការណ៍ជាក់លាក់ ដែលបង្ហាញពីភាពជាអ្នកដឹកនាំសហរដ្ឋអាមេរិកលោក បៃដិន បានប្រកាសថា សហរដ្ឋអាមេរិក នឹងបង្កើនហិរញ្ញប្បទានអន្តរជាតិជាសាធារណៈរបស់ខ្លួនទ្វេដង ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងប្តេជ្ញាចិត្តចំនួន ១០ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានទាំងក្នុង និងក្រៅប្រទេស។

លោក បៃដិន មិនបានបញ្ជាក់ឈ្មោះប្រទេសចិនឱ្យច្បាស់នៅក្នុងសុន្ទរកថារបស់លោកនោះទេ ប៉ុន្តែសំដៅទៅលើសកម្មភាពរបស់ប្រទេសអាស៊ីក្នុងតំបន់ដោយប្តេជ្ញាថា នឹង“ ប្រឆាំងការប៉ុនប៉ងរបស់ប្រទេស ដែលខ្លាំងជាង ដើម្បីគ្រប់គ្រងលើប្រទេស ដែលទន់ខ្សោយ មិនថាតាមរយៈការផ្លាស់ប្តូរទឹកដី ដោយកម្លាំង ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចការកេងប្រវ័ញ្ចផ្នែកបច្ចេកទេស ឬព័ត៌មានមិនពិត “។

ការព្រួយបារម្ភបានកើនឡើង ចំពោះការបង្កើនកម្លាំងយោធារបស់ចិន ការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ និងការទាមទារទឹកដីនៅសមុទ្រចិនខាងកើត និងខាងត្បូង ព្រមទាំងសម្ពាធរបស់ខ្លួនទៅលើកោះតៃវ៉ាន់ ដែលជាកោះប្រជាធិបតេយ្យគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាខេត្តដែលត្រូវបានបង្រួបបង្រួមជាមួយចិនដីគោក បើចាំបាច់៕ដោយ ឈូក បូរ៉ា

Most Popular

To Top