ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង៖ សំណើ ឲ្យប្រកាសបញ្ចប់ សង្គ្រាមកូរ៉េ គឺជារឿងលឿនពេក

បរទេស៖ប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានច្រានចោលសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ដែលឲ្យប្រកាសបញ្ចប់ផ្លូវការនូវសង្គ្រាមកូរ៉េ ដោយនិយាយថា វាជារឿងលឿនហួស និងបានបន្តថា ការប្រកាសបែបនោះ នឹងក្លាយជារឿងគ្មានន័យ ដរាបណាគោលនយោបាយអរិភាពរបស់អាមេរិក នៅតែមិនផ្លាស់ប្តូរ។

ដោយដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ទទួលបន្ទុកកិច្ចការអាមេរិក លោក Ri Thae Song ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា ការប្រកាសបញ្ចប់សង្គ្រាម គ្មានកម្លាំងចង់ភ្ជាប់ផ្លូវច្បាប់នោះទេ ហើយនឹងក្លាយជាសំណល់ក្រដាស់មួយសន្លឹក ក្នុងពេលនិយាយដល់ការផ្លាស់ប្តូរក្នុងស្ថានភាព។

លោកបន្តថា “គ្មានការធានាថា ការប្រកាសបញ្ចប់សង្គ្រាម នឹងនាំទៅរកការដកចេញនូវគោលនយោបាយអរិភាព ចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ក្រោមស្ថានភាពបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េ ដែលជិតឈានដល់ស្ថានភាពប៉ះទង្គិចគ្នានោះទេ”។

គួរបញ្ជាក់ថា ប្រធានាធិបតីកូរេខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានលើកឡើងជាថ្មី នូវសំណើមួយឲ្យបញ្ចប់សង្គ្រាមកូរ៉េ ក្នុងខណៈលោកចូលរួមក្នុងមហាសន្និបាតលើកទី៧៦របស់អង្គការសហប្រជាជាតិ នៅក្នុងទីក្រុងញូយ៉ក៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top