វេជ្ជបណ្ឌិតអូស្ត្រាលីម្នាក់ ចង់កែច្នៃរថយន្តស្ព័រ របស់លោក ទៅជារថយន្តសង្គ្រោះបន្ទាន់ ដើម្បីមានសិទ្ធិស្របច្បាប់ ក្នុងការបើកល្បឿនលឿនបំផុត ដើម្បីទៅជួយសង្គ្រោះអ្នកជំងឺ និងកុំឱ្យមានគ្រោះថ្នាក់ ចរាចរណ៍កើតឡើងមកលើខ្លួន ។
លោកវេជ្ជបណ្ឌិត Micheal Livingston បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ក្នុងការឱ្យរថយន្ត Nissan GT-R របស់លោកទទួលបានសិទ្ធិធ្វើជារថយន្តសង្គ្រោះបន្ទាន់ (Emergency Vehicle Status) ពោលគឺអាចឱ្យរថយន្ត លោកបំពាក់ភ្លើងសញ្ញា និងស៊ីរ៉ែន សម្រាប់ឆ្លើយតបស្ថានភាពបន្ទាន់ក្នុងពេលបើកបរ លើដងផ្លូវទៅជួយអ្នកជំងឺ ។
គួរឱ្យសោកស្តាយ ក្រសួងដឹកជញ្ជូនអូស្ត្រាលី បានបដិសេធសំណើនេះ ដោយអះអាងថា «អ្នកបើកបរជាបុរស គឺនឹងបើកល្បឿនលឿន ប្រកបដោយឥរិយាបថហានិភ័យខ្ពស់»។
មិនមែនជាការនឹកឃើញ ដោយចៃដន្យនោះទេ គឺធ្លាប់មានករណីមួយ ដែលបានកើតឡើងកាលពីដើមឆ្នាំនេះ ដែលទារកអាយុ១ឆ្នាំ បានកើតជំងឺរលាកទងសួត ហើយត្រូវការសង្គ្រោះបន្ទាន់ ។ លោកវេជ្ជបណ្ឌិត Livingston ដែលស្ថិតនៅក្រុងផ្សេងគ្នា បានបើករថយន្តផ្ទាល់ខ្លួន GT-R ក្នុងល្បឿនកប់ ចំណាយពេលត្រឹម ៣០នាទី ទៅសង្គ្រោះទារកទាន់ពេល ៕