បរទេស៖ ការបំផ្ទុះគ្រាប់បែកចំនួន៣គ្រាប់ ទៅលើព្រះវិហារមួយកន្លែង នៅក្នុងខេត្ត Kandahar ស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ភាគខាងត្បូង នៅក្នុងអំឡុងពេលសូត្រធម៌ ថ្វាយបង្គំព្រះថ្ងៃសុក្រ តាមសេចក្តីរាយការណ៍ បានសម្លាប់មនុស្ស ជាង៥០នាក់។
ការវាយប្រហារនោះ បានកើតមានឡើង នៅព្រះវិហារឥស្លាម Shiite Imam Bargah ក្នុងខេត្ត Kandahar នេះបើយោងតាមសម្តី ក្រុមមន្ត្រីអាហ្វហ្គានីស្ថាន។ នេះជាគឺជាការវាយប្រហារ បន្តបន្ទាប់គ្នាលើកទី២ នៅក្នុងអំឡុងពេលសូត្រថ្ងៃសុក្រ ទៅលើព្រះវិហារលទ្ធិស៊ីអ៊ីត នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលមួយសប្ដាហ៍។
អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់ មានមនុស្សជាង៥០នាក់ បានស្លាប់ និងតិចបំផុតចំនួន១០០នាក់ បានរងរបួស នៅក្នុងអំឡុងពេល បំផ្ទុះគ្រាប់បែកនោះ។ មេបញ្ជាការប៉ូលីសពួកតាលីបង់ លោក Abdul Ghafar Mohammadi បានប្រាប់កាសែត The Washington Post ថា លោករំពឹងថា ចំនួននាក់ស្លាប់នឹងកើនឡើង។
ចំណែកលោក Hafiz Abdul Hai Abbas ជាប្រធានសុខាភិបាលសម្រាប់ខេត្ត Kandahar បាននិយាយប្រាប់ថា សាកសពជាច្រើន នៅតែស្ថិតនៅក្រោមគំនរបាក់បែងរបស់ព្រះវិហារ។
ក្រុមរដ្ឋឥស្លាមជ្រុលនិយមក្នុងខេត្ត Khorasan នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានចេញមុខអះអាងទទួលខុសត្រូវ ទាំងការវាយប្រហារកាលសប្ដាហ៍មុន និងក្នុងសប្ដាហ៍នេះ៕ ប្រែសម្រួល៖ប៉ាង កុង