កំពូលតារារ៉េបប្រចាំ សហរដ្ឋអាមេរិក Kanye West ត្រូវបានតុលាទីក្រុង Los Angeles រដ្ឋ California អនុញ្ញាតឲ្យប្ដូរឈ្មោះ ជាផ្លូវការរបស់ខ្លួនទៅជា Ye វិញ។ នេះបើយោងតាមការចុះផ្សាយ របស់ CNN នៅក្នុងថ្ងៃនេះ។
បើតាមប្រភពខាងលើ តារារ៉េបអាមេរិករូបនេះ បានដាក់ឯកសារស្នើសុំផ្លាស់ប្ដូរ ឈ្មោះខ្លួនផ្លូវការទៅជា Ye នេះតាំងពីខែសីហា ឆ្នាំ២០២១កន្លងទៅនេះ។
ទាក់ទងនឹងឈ្មោះថ្មីនេះ Kanye West ធ្លាប់បានប្រើប្រាស់ឈ្មោះ Ye នេះដាក់នៅក្នុងអាល់ប៊ុមបទចម្រៀងរបស់ខ្លួនម្ដងកាលពីឆ្នាំ២០១៨ ដោយថែមទាំងឲ្យមនុស្សគ្រប់គ្នាហៅឈ្មោះខ្លួនថា Ye វិញផងដែរនៅពេលដែលអាល់ប៊ុម នេះចេញបានប៉ុន្មានខែ។
លុះនៅឆ្នាំ២០១៩ តារាចម្រៀងរូបនេះក៏ចង់ប្ដូរ ឈ្មោះរបស់ខ្លួនទៅជា Christian Genius Billionaire Kanye West វិញផងដែរ។ លុះសម្រេចសម្រួលចុងក្រោយតារាក៏បានប្ដូរឈ្មោះផ្លូវការពី Kanye West ទៅជា Ye ។
បើយោងតាមការសម្ភាសន៍ របស់សារព័ត៌មានជាច្រើនជាមួយ Kanyes West តាំងពីឆ្នាំ២០១៨ ពាក្យ Ye ជាពាក្យប្រើប្រាស់ច្រើននៅក្នុងគម្ពីរមួយដែលមានន័យថា អ្នក ដោយតារារ៉េបរូបនេះ ចង់មានន័យថា ខ្ញុំគឺជាអ្នក ខ្ញុំគឺពួកយើងទាំងអស់គ្នា អញ្ចឹងមានន័យថាគឺជាពួកយើងទាំងអស់គ្នា៕