កីឡា

ប្រធានអូឡាំពិកកម្ពុជា និងប្រតិភូ ចេញទៅចុះហត្ថលេខា ដើម្បីសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជន អូឡាំពិកអាស៊ី នាឆ្នាំ២០២៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ គណៈប្រតិភូកីឡាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញដំណើរទៅកាន់ទីក្រុងឌូបៃ ដើម្បីចូលរួមមហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី និងចុះហត្ថលេខា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអូឡាំពិកអាស៊ី (ASIAN Youth Games) នាឆ្នាំ២០២៩។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍មុនពេលចេញដំណើរថាថាដោយទទួលបាន ការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា គណៈប្រតិភូគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ថោង ខុន រួមជាមួយ លោក ឃួង ស្រេង អមដំណើរដោយ លោក អ៊ុក សិទ្ធជាតិ អគ្គនាយកកីឡាតំណាង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញដំណើរទៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

បេសកកម្មនេះ បានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមការស្នើសុំពី NOCC ដោយលោកបណ្ឌិត ថោង ខុន នឹងចុះហត្ថលេខា លើពិធីប្រគល់-ទទួលសិទ្ធិ ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអូឡាំពិកអាស៊ី នាឆ្នាំ២០២៩ (ASIAN Youth Games) ដោយមានបណ្តាប្រទេសនានា ចំនួន ៤៥ប្រទេស នៃទ្វីបអាស៊ី ដែលមានទំហំធំជាងការរៀបចំ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលមានចន្លោះពី៣០ ទៅ៤០ប្រភេទកីឡា ប៉ុន្តែចំនួនប្រភេទកីឡាយុវជន អូឡាំពិកអាស៊ីនេះ មានចន្លោះត្រឹម១០ ទៅ១៥ប្រភេទកីឡា ដោយយុវជនចន្លោះ អាយុ១៥ ដល់១៧ឆ្នាំ។

នេះជាប្រវត្តិសាស្ត្រថ្មីមួយ ដែលជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ។ «ដោយសារយើងរស់នៅ ក្នុងសន្តិភាពពេញលេញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាទទួលបានការគាំទ្រផ្តល់សិទ្ធិពីអន្តរជាតិ។

ការចេញទៅកាន់ទីក្រុងឌូបៃលើកនេះនេះ មានកម្មវិធីសំខាន់ៗជាច្រើន គឺគណៈប្រតិភូកម្ពុជានឹងចូលរួម មហាសន្និបាតលើកទី៤០ របស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី។ ការចុះហត្ថលេខាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអូឡាំពិកអាស៊ី គឺធ្វើឡើងក្រោយទទួលបានការអនុញ្ញាត ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលរួចហើយ។

ការដាក់បេក្ខភាពប្រកួតប្រជែងធ្វើម្ចាស់ផ្ទះនេះ មានបណ្តាប្រទេសមួយចំនួន បានចូលរួមប្រកួតប្រជែងដែរ ប៉ុន្តែដោយសារក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានមើលឃើញពីការរីកចម្រើននៃវិស័យកីឡាកម្ពុជា ជាពិសេសគឺការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជាផងនោះ ទើបធ្វើឲ្យការខិតខំទាំងអស់នេះ បានឆ្លើយតបទៅនឹងការទទួលរៀបចំព្រឹត្តិការណ៍ធំៗ ដូចជាព្រឹត្តិការណ៍យុវជនអូឡាំពិកអាស៊ី ឆ្នាំ២០២៩ នេះជាដើម។

លោកបណ្ឌិត ថោង ខុន ក្នុងនាមប្រធាន NOCC ដើម្បីទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៩ ខាងមុខ។ លោក ឃួង ស្រេង នឹងចុះហត្ថលេខា ក្នុងនាមជាទីក្រុងម្ចាស់ផ្ទះ ដែលនេះគឺជាគោលការណ៍ច្បាប់ នៃធម្មនុញ្ញរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី។ នៅក្នុងបេសកកម្មនេះ គណៈប្រតិភូកម្ពុជា នឹងបំពេញទស្សនកិច្ច ការតាំងពិពណ៌អន្តរជាតិ នៅទីក្រុងឌូបៃផងដែរ។

លោក វ៉ាត់ ចំរើន បានបង្ហាញពីអត្ថប្រយោជន៍យ៉ាងច្រើន នៃវិស័យកីឡាកម្ពុជា ក្នុងបេសកកម្មនេះ កម្ពុជានឹងបង្ហាញពីឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជារបស់ NOCC និងការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាទាំងមូល ហើយនៅក្នុងមហាសន្និបាតក្រុមប្រឹក្សា កីឡាអូឡាំពិកអាស៊ី លើកទី៤០នេះ លោកបណ្ឌិត ថោង ខុន នឹងថ្លែងសុន្ទរកថាគន្លឹះ និងបង្ហាញឃ្លីបវីដេអូខ្លី ដើម្បីឲ្យទទួលបានការគាំទ្រ ពី៤៥ប្រទេស នៃទ្វីបអាស៊ីទាំងមូល។

ខ្លឹមសារឃ្លីបវីដេអូនេះ នឹងបង្ហាញចេញចាប់តាំងពីសម័យអង្គរ មកដល់រាជធានីភ្នំពេញដ៏ស្រស់ត្រកាល នាពេលបច្ចុប្បន្ន ព្រមជាមួយនិងហេដ្ឋារចនាសម្ព័ន្ធដ៏ស្រស់ស្អាតទាំងអស់នេះហើយ យើងនិយាយថាកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអូឡាំពិកអាស៊ី ឲ្យបានល្អប្រសើរ នាឆ្នាំ២០២៩។ នេះគឺជាបង្ហាញនូវកិត្តិយសជាតិ កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ ដើម្បីទទួលបានការគាំទ្រ ដោយមិនត្រឹមតែចំណេញតែផ្នែកវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំណេញបាន នូវការគាំទ្រលើវិស័យការទូត ព្រមទាំងទំនាក់ទំនងអន្តរជាតិផងដែរ ៕

Most Popular

To Top