សេដ្ឋកិច្ច​ និង អចលនទ្រព្យ

វិភាគ៖ ហេតុអ្វី​បានជា​វិស័យ​ ធនាគារ​កម្ពុជា​នៅតែ​រក្សាសុខ​ភាព ល្អប្រសើ​រ ទោះ​ស្ថិតក្នុង​អំឡុងពេល​ មាន​វិបត្តិ?

ភ្នំពេញៈ បណ្តា​ស្ថាប័នហិរញ្ញវត្ថុ (ធនាគារ) ជាច្រើន បាននិងកំពុង​ពង្រីក​វត្តមាន​របស់ខ្លួន​នៅ​កម្ពុជា ដោយ​ផ្តល់​សេវា​ហិរញ្ញវត្ថុខុសៗគ្នា​ដល់​អតិថិជន ខណៈ​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ នៅតែ​មានឱកាស​ជាច្រើន ក្នុងនាម​ជា​អ្នកផ្តល់​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ព្រោះ​កម្ពុជា​មិនទាន់មាន​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​នៅឡើយ។

វិស័យ​ធនាគារ​នៅ​កម្ពុជា នៅតែ​បន្ត​មាន​វឌ្ឍនភាព ប្រកបដោយ​ទំនុកចិត្ត និង​បានរួម​ចំណែក​យ៉ាងសកម្ម គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ដែល​ធ្វើឱ្យមាន​កំណើន​វិនិយោគ​ក្នុងការ​បង្កើត​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាច្រើន​នៅក្នុង​ប្រទេស។

កម្ពុ​ជាមាន​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ រួមមាន ធនាគារពាណិជ្ជ​ចំនួន៥១ ធនាគារ​ឯកទេស​ចំនួន១៤ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ពី​សាធារណជន​ចំនួន៦ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មិន​ទទួល​ប្រាក់​បញ្ញើ​ចំនួន៧៦ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន២៤៦រហូតមកដល់​បច្ចុប្បន្ន​នេះ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារជាតិ​នៃ​កម្ពុជា។

បណ្តាញ​ប្រតិបត្តិការ និង​សេវា​ហិរញ្ញវត្ថុ​បាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ដោយ​ចំនួន​ទីស្នាក់ការ និង​សាខា​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​ទូទាំងប្រទេស​បាន​កើន​ដល់២.៤៦៥ ហើយ​ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ (ATM) មាន​ចំនួន៣,០៨១ គណនី​ប្រាក់​បញ្ញើ​អតិថិជន កើន​ដល់៨.២លាន​គណនី និង​គណនី​ឥណទាន​កើន​ដល់៣.២លាន​គណនី។

ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យដឹងថា ស្ថាប័ន​នេះ​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុងការ​ត្រួតពិនិត្យ​សុខមាលភាព របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ។ ជា​លទ្ធផល​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ស្ថិតក្នុង​ស្ថាន​ភាពល្អ។

ការឆ្លើយតប​នឹង​វិបត្តិ​បច្ចុប្បន្ន

គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​បន្ធូរបន្ថយ និង​បញ្ចុះ​អត្រា​ការប្រាក់​កម្ចី​ទាប ដល់​អ្នកប្រើប្រាស់​កម្ចី ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ ដែល​កំពុង​កើតមាន។

ការពន្យា​ទាមទារ​នូវ​ដើមទុន​ត្រលប់(ការសង​ត្រលប់) ការបន្ធូរបន្ថយ​ទុនបម្រុង​ជាការ​ខិតខំ​របស់​រដ្ឋា​ភិ​បាល ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាមរយៈ​អគ្គនាយក​ពន្ធដារ បាន​បន្ធូរបន្ថយ​លើ​ពន្ធ​កាត់​ទុក​លើ​ប្រាក់កម្ចី​ពី​បរទេស ធ្វើឱ្យ​ប្រភព​ទុន​ក្នុងស្រុក​សម្បូរ ដែល​អាច​យកមកប្រើ​ប្រាស់​បាន ហើយ​កំណើន​ឥណទាន ក៏​មិនសូវ​ខ្ពស់​ដែរ ដោយសារ​អាជីវកម្ម​ច្រើន បាននិងកំពុង​រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ១៩ ។

ដូច្នេះហើយ បានជា​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​បញ្ចុះ​អត្រា​ការប្រាក់​កម្ចី​ទាប ដែល​យើង​និយាយ​ជាទូទៅ ទាប​ក្រោម៧ភាគរយ ធ្វើឱ្យមាន​ការប្រកួតប្រជែង​ក្នុងតម្លៃ (price competition) ដូច្នេះហើយ​ផលប្រយោជន៍ នឹង​បាន​ទៅ​អ្នកប្រើប្រាស់​កម្ចី​ពី​ប្រកួតប្រជែង​នេះ ដូចជា ប្រភព​ទុន​ដែលមាន​អត្រា​ការប្រាក់​ទាប ហើយ​អ្នកប្រើប្រាស់​កម្ចី​អាច​ប្រើប្រាស់​បាន​រយៈពេល​វែង។

ធនាគារ និង​គ្រឹ​ស្ថាន​ហិរញ្ញវត្ថុ ក៏មាន​ការយោគយល់ សម្រាប់​ការរួមរស់​និង​រីកចម្រើន​ជាមួយនឹង​អតិថិជន។ ស្រប​ពេលដែល រាជរដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​អនុ​បាត​ខ្លះ ដើម្បី​ឱ្យមាន​ប្រភព​ទុន​ទូលំទូលាយ ហើយ​ធនាគារ​ធ្វើជា​មួយ​អា​តិ​ថិ​ជន​យូរអង្វែង ដោយ​ធនាគារ​ផ្ទាល់ ក៏បាន​បន្ធូរបន្ថយ​ដែរ ដោយ​បន្ធូរបន្ថយ​ទាំង​អត្រា​ការប្រាក់​កម្ចី និង​រយៈពេល​សង ដើម្បីឱ្យ​អតិថិជន​មាន​ពេល​គ្រប់គ្រាន់ ក្នុង​ការយក​មូលនិធិ​នេះ ទៅប្រើ​ប្រាស់   ឱ្យបាន​យូរអង្វែង​សម្រាប់​គ្រប់​វិស័យ​ទាំងអស់។

ជាទូទៅ​នៅពេល​មាន​សកម្មភាព​សេដ្ឋកិច្ច​ខ្លាំង មូលនិធិ​របស់​ប្រជាពលរដ្ឋ គាត់​យកទៅ​វិនិយោគ​អស់ហើយ ប៉ុន្តែ​ពេល​មាន​ចលនា​សេដ្ឋកិច្ច​តិច គាត់​យក​មូលនិធិ​មក​ផ្ញើ​នៅ​ធនាគារ ធ្វើឱ្យ​ប្រភព​ទុន​នៅ​ស្រុក​មាន​ច្រើន ដូចជា ប្រាក់​សន្សំ​ដែលមាន​កាលកំណត់។

ថ្វីត្បិតតែ​មាន​ប្រភព​ទុន​ក្នុងស្រុក​ក៏ដោយ ក៏​យើង​ទៅ​តែ​យក​ពី​បរទេស ដែល​កម្ចី​ពី​បរទេស​មាន​រយៈពេលរ​ហូត​ទៅ៥ ទៅ៧ឆ្នាំ ដើម្បី​យកមក​ឆ្លើយតប​ជាមួយនឹង​តម្រូវការ​ឥណទាន​របស់​វិស័យ SME ដែល​គាត់​ត្រូវការ៥ទៅ៧ឆ្នាំ​ដែរ ដើម្បី​ជៀសវាង​អតុល្យភាព​នៃ​មូលនិធិ ដូច្នេះ​បានជា​យើង​យកមក​ពី​ក្រៅ​មក​បន្ថែម។

ក្នុង​ប្រភព​ទុន ដែល​ប្រើប្រាស់​ក្នុង​វិស័យ​ធនាគារ១៥ភាគរយ បានមកពី​ដើមទុន​របស់​ខ្លួនឯង ១៥ភាគរយ​ទៀត​បានមក​កម្ចី​ពី​បរទេស និង៧០ភាគរយ​គឺ​បានមកពី​ប្រាក់​បញ្ញើ​សន្សំ។

ប្រទេស​កម្ពុជា​គឺជា​ចំណែក​មួយ​នៃ​សេដ្ឋកិច្ច​សកល។ បើសិន​សេដ្ឋកិច្ច​សកល​មាន​ផលប៉ះពាល់​យូរ យើង​ក៏​ដូចគ្នា​ដែរ។

ធនាគារជាតិ និង​ក្រសួង​ពាក់ព័ន្ធ ដឹង​ពី​ស្ថានភាព​ដូចគ្នា ហើយ​កំណើនសេដ្ឋកិច្ច​វិល​មករក​ភាព​ធម្មតា​បន្តិចម្តងៗ ដូច្នេះ​ការណ៍​ដែល​យើង​សម្រួល ដល់​អតិថិជន​គឺមាន​រយៈពេល​វែង​ដូចគ្នា ដើម្បីឱ្យ​អតិថិជន​មាន​ពេល​គ្រប់គ្រាន់។

ប្រតិបត្តិ​ករ​ក្នុង​វិស័យនេះ បានលើកឡើង​ជា​ឧទាហរណ៍​ថា ឥណទាន​យើង​ឱ្យ​គាត់​មាន​រយៈពេល​វែង៧ឆ្នាំ ហើយ​ដល់ពេល​ស្ថានភាព​ស្រួល​ឡើងវិញ យើង​មិន​សុំឱ្យ​អតិថិជន​សង​ក្នុង​រយៈពេល៥ឆ្នាំ​នោះទេ។ យើង​នៅតែ​រក្សា​កិច្ចសន្យា​ជាមួយ​ពួកគាត់​ដដែល អត្រា​ប្រាក់​ដូចគ្នា​ចឹ​ង​ដែរ កាល​យើង​ព្រមព្រៀងគ្នា​ក្នុង​រយៈពេល៧ឆ្នាំ គឺ​យើង​អត់​កែ​មកវិញ​នោះទេ។ យើង​រួមរស់​រីកចម្រើន​ចម្រើន​ជាមួយ​អតិថិ​របស់​យើង។

ចំពោះ​អាជីវករ​ខ្នាតតូច​ក្នុងស្រុក មាន​ភាពល្អប្រសើរ​ជាង​មុន​ដែរ។ តែ​យ៉ាងណាក្តី ផលប៉ះពាល់​ពី​កូ​វីដ១៩ នៅតែមាន​សម្រាប់​វិស័យ​មួយចំនួន ដែល​មិនទាន់​អាច​ស្តារឡើងវិញ​បាន​នៅឡើយ​ទេ ទោះបីជា​បញ្ហា​កូ​វីដ១៩មាន​ភាព​ធូរស្បើយ​ក្តី។

សម្រាប់​ឆ្នាំ២០២១ទាំងមូល វិស័យ​ហិរញ្ញវត្ថុ​ក្នុងស្រុក នៅតែមាន​បង្ហាញ​វិជ្ជមាន ថ្វីត្បិតតែ​ជួប​ការលំបាក​ជួបប្រទះ​ក៏ដោយ។

ដោយសារ​រដ្ឋាភិបាល​ក​ម្ពុ​ជា បាន​គ្រប់គ្រង​បញ្ហា​កូ​វីដ១៩បានល្អ​ប្រសើរ មិនមាន​ការបិទ​ប្រទេស ឬមួយ​ក៏​ត្រឡប់​ដើរ​វិញ ហើយ​ប្រជាជន​យើង​ក៏​នៅតែ​ប្រក​បរបរ​ធ្វើដំណើរ​ធម្មតា។

លោក​ឧកញ៉ា​ហួត អៀង​តុង អគ្គនាយក​ធនាគារ​ហ​ត្ថា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា សុខភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ នៅតែមាន​ភាពល្អប្រសើរ​និង​កំនើន​រ៉ឹង​មាំ បើទោះបីជា​កម្រិត​បំណុល​សង​ត្រលប់់​យឺត​បាន​កើនឡើង​ក្តី ប៉ុន្តែ​វា​ស្ថិតក្នុង​កម្រិត​មួយ ដែល​អាច​គ្រប់គ្រង​បាន។

លោក​បន្តថា “ការគាំទ្រ​ពី​ធនាគារជាតិ និង​គោលនយោបាយ​នានា​របស់​រដ្ឋាភិបាល បាន​ជួយ​ឲ្យ​វិស័យនេះ​នៅតែមាន​ភាព​សុខភាព​ល្អប្រសើរ និង​បន្ត​រីកចម្រើន​ខ្លាំង​បន្តទៀត​នា​បណ្តា​ឆ្នាំ​ខាងមុខ” ។

សេដ្ឋវិទូ​កម្ពុជា លោក​បណ្ឌិត​ម៉ី កល្យាណ​បាន​មានប្រសាសន៍ថា ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល និង​គោលនយោបាយ​ត្រឹមត្រូវ​របស់​ធនាគារជាតិ ដែល​បានដាក់​របា​អត្រា​ការប្រាក់​កន្លងមក បាន​ជួយ​ច្រើន​ដល់​វិស័យនេះ ហើយ​កម្រិត​នៃ​កំណើន​ឥណទាន​ខ្លាំង​ក៏​មិនជា​ការល្អប្រសើរ​ដែរ​ស​ម្រា​ប់​ប្រទេសមួយ។

លោក​បន្តថា “ឥណទាន​ប្រៀបដូចជា​ខ្លាញ់​ក្នុង​ខ្លួន​របស់​មនុស្ស​យើង រា​ង្គ​កាយ​មនុស្ស​ត្រូវការ​ខ្លាញ់ ដើម្បី​ជួយ​ដំណើរការ​សរីរាង្គ​ដទៃ ប៉ុន្តែ​នៅពេល​មាន​ខ្លាញ់​ច្រើនពេក ក៏​ធ្វើ​ឲ្យ​រាងកាយ​មាន​បញ្ហា​ផងដែរ” ៕ប្រភព៖propertyarea.asia

Most Popular

To Top