សិល្បៈ និង កម្សាន្ត

ស្រីស្អាត វ៉ាន ស្រីល័ក្ខ សង្ឃឹមពាក្យគេនិយាយថា នាងជាជំទាវនេះ អាចនឹងក្លាយជាការពិតទៅចុះ

ភ្នំពេញ៖ តារាសម្ដែងស្រីសិចស៊ី វ៉ាន់ វល័ក្ខ ដែលជារឿយៗតែងតែបង្ហោះរូបថតស្អាតៗ ជាមួយសម្ភារប្រើប្រាស់ថ្លៃៗ ផ្ទះវីឡា និងរថយន្តទំនើបតម្លៃជាង ២០ម៉ឺនដុល្លារ កន្លងមកនេះ បានធ្វើឱ្យលេចឮពាក្យចចាមអារ៉ាមថា នាងកំពុងលាក់បាំងងារជាជំទាវ ។ យ៉ាងណាក៏ដោយ ដំណឹងនេះ មិនមែនជាដំណឹងថ្មីឡើយ សម្រាប់ វ៉ាន់ ស្រីល័ក្ខ ប៉ុន្តែទោះជានាងព្យាយាមបដិសេធ បែបណា ក៏ហាក់ដូចជាមិនសូវមានអ្នកជឿដែរ ។

ជាថ្មីម្ដងទៀត តាមរយៈកិច្ចសម្ភាសន៍ជាមួយ LookingToday តារាស្រីរាងស្រលូន សាច់សដូចសំឡីរូបនេះ បាននិយាយថា ចំពោះពាក្យចចាមអារ៉ាមដែលលើកឡើងថា នាងកំពុងមានងារជំទាវ នេះគឺមិនមែនជាការពិតឡើយ ហើយក៏គ្មានរឿងអ្វីត្រូវលាក់បាំងដែរ ប្រសិនបើជាការពិតមែននោះ ។

វ៉ាន់ វល័ក្ខ បានឱ្យដឹងទៀតថា ចំពោះពាក្យចចាមអារ៉ាមនេះ ខ្លួននាងផ្ទាល់ក៏មិនដឹងថា មានប្រភពមកពីណាដែរ គ្រាន់តែដឹងថា មិត្តភក្ដិដែលជិតស្និទ្ធតែងតែនិយាយលេងជាមួយនាង ដោយហៅថា «ជំទាៗ » ដូច្នេះប្រហែលជាគ្រាន់តែជាការហៅតៗគ្នាប៉ុណ្ណោះ រហូតបង្កើតបានជាព័ត៌មានថា នាងមានងារជាជំទាវ តែម្ដងទៅ។

“ខ្ញុំក៏ឆ្ងល់ដែរបង ព័ត៌មានចចាមអារ៉ាមថា ខ្ញុំជាជំទាវ នេះមិនដឹងចេញមកពីណាទេ តែប្រហែលជាមកពីបងប្អូន ឬមិត្តភក្ដិខ្ញុំស្និទ្ធស្នាលហៅខ្ញុំលេងថាអ៊ីចឹង (ជំទាវ) ហើយមើលទៅ” វ៉ាន់ វល័ក្ខ ពោល ។

ទាក់ទងជាមួយនិងការសង្ស័យដែលថា តារាស្រីវ័យ ២៧ឆ្នាំ រូបនេះ មានងារជាជំទាវ ក៏ទំនងមកពីអ្នកគាំទ្រតែងតែឃើញ នាងដើរធ្វើសកម្មភាពមនុស្សធម៌ ឬទៅណាមកណា ជាមួយបុគ្គលមានមុខមាត់ក្នុងសង្គម និងមន្ត្រី ឯកឧត្ដម ជំទាវ ធំៗជាដើម ។

យ៉ាងណាក៏ដោយចំពោះចំណុចនេះ ស្រីល័ក្ខ បានបកស្រាយថា “គ្រាន់តែដើរធ្វើការងារមនុស្សធម៌ជាមួយពួកគាត់ (មន្ត្រីរាជការ) មិនមែនដោយសារតែខ្ញុំជាជំទាវទេ គឺមកពីទឹកស្រឡាញ់ អាណិតអាសូរ ចង់ចែករំលែកដល់អ្នកដែលខ្វះខាតប៉ុណ្ណោះ” ។

គួរឱ្យដឹងថា ការបង្អួតរថយន្តថ្មី ក្នុងសម័យកូវីដ១៩នេះ បានធ្វើឱ្យមហាជនគ្រប់គ្នាលាន់មាត់សរសើរមិនស្ទើរនោះទេ ថា វ៉ាន់ វល័ក្ខ មានសមត្ថភាពមិនធម្មតា អាចរកចំណូលបានច្រើន សល់លុយរាប់ម៉ឺនដុល្លារទិញរថយន្តទំនើបជិះ។ ប៉ុន្តែអ្នកគាំទ្រនាង បានដាក់ការសង្ស័យថា រថយន្តនេះអាចមានអ្នកធំណាម្នាក់ នៅពីក្រោយខ្នង ដើម្បីជួយជ្រោមជ្រែង និងឧបត្ថម្ភដល់រូបនាង ។

យ៉ាងណាមិញ ទោះជាមានការសង្ស័យពីសំណាក់អ្នកគាំទ្រដូចនេះក៏ដោយ ក៏ វ៉ាន់ ស្រីល័ក្ខ នៅតែបដិសេធដដែលៗ ថាមិនមែនជាការពិតដាច់ខាត ប៉ុន្តែដំណាលគ្នានេះ នាងក៏បានបង្ហើរពាក្យមួយឃ្លាថា “បច្ចុប្បន្ននេះមិនមែនទេបង តែសម្រាប់ថ្ងៃខាងមុខ ខ្ញុំក៏មិនដែរ សង្ឃឹមថា ដូចមាត់គេនិយាយចុះ” ៕

ដោយ៖ ម៉ានី

Most Popular

To Top