សិល្បៈ និង កម្សាន្ត

បាត់មុខជិត ១០ឆ្នាំ ស្រាប់តែដឹងដំណឹងថា តារាកំប្លែង នាយ តោ ស្លាប់បាត់ហើយ

ភ្នំពេញ៖ កាលពីថ្ងៃទី០៩ មិថុនា ម្សិលមិញនេះ អតីតារាកំប្លែង CBS នាយ តោ បានទទួលមរណភាព ដោយសារជំងឺមហារីកក្រពះ ។ នេះបើយោងតាមការប្រកាសដំណឹង ពីសំណាក់ នាយក្រូច ដែលជាមិត្តរួមក្រុម ។

នាយ តោ គឺជាអតីតតារាកំប្លែងមួយរូប ក្នុងក្រុមកំប្លែង CBS រួមជាមួយនាយពាក់មី នាយក្រូច នាងខ្ញុង ស្រីអ៊ីត នាយតាក់ស៊ី ជាដើម ប៉ុន្តែលោកបានបង្ហាញវត្តមាន តិចតួចប៉ុណ្ណោះ ។​

អតីតារាកំប្លែងរូបនេះ បានធ្វើឱ្យទស្សនិកជនស្គាល់ច្បាស់តាមរយៈការសម្ដែងរឿងកំប្លែងខ្លី ថាំងចេងចម្លងធម៌ លើឆាកកម្មវិធីប្រគុំតន្ត្រី “រាត្រីកម្សាន្ត” របស់ស្ថានីយទូរទស្សន៍ CTN ដែលដឹកនាំសម្ដែងដោយលោក  សុវណ្ណរិទ្ធី ហៅលោកតាវិចទ័រ កាលពីកំលុងឆ្នាំ ២០១០-២០១១ ហើយកាលនោះលោក ដើរតួជាតួអង្គជ្រូក ប៉ាចេ ។

យ៉ាងណាមិញ វត្តមានរបស់នាយ តោ ជាមួយក្រុមកំប្លែង CBS ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ រួចក៏បាត់ស្រមោលសូន្យឈឹងតែម្ដង ហើយក៏ពុំដឹងថា មានបញ្ហាអ្វីកើតឡើងចំពោះលោកដែរ ។

ដូច្នេះហើយ ស្រាប់តែកាលពីថ្ងៃម្សិលមិញនេះ នាយក្រូច បានប្រកាសដំណឹងថា នាយ​ តោ បានទទួលមរណភាព ដោយសារជំងឺមហារីកក្រពះ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ៕ ដោយ៖ ម៉ានី

Most Popular

To Top