Michael Jackson គឺជាតារាចម្រៀងទោល លំដាប់ពិភពលោក ដែលមានឈ្មោះល្បីគ្រប់ពេល បើទោះជាលាចាកលោកហើយក៏ដោយ។
លោកបានជួបរឿងច្រើន ជាពិសេសទាក់ទង នឹងពណ៌សម្បុររបស់លោក ហើយសូម្បីពេលលោក ចូលនិវត្តក្ដី ក៏បណ្ដាញសារព័ត៌មានភ្ជង់កាណុងកាមេរ៉ា និងចុះផ្សាយអត្ថបទជាហូរហែ ពាក់ព័ន្ធនឹងសកម្មភាពចម្លែក របស់តារាចម្រៀងប៉ុបរូបនេះដែរ។
ខាងក្រោមនេះ Sabay សូមលើកយករឿងគួរឲ្យភ្ញាក់ផ្អើល និងការពិត ១០យ៉ាងរបស់ស្ដេចចម្រៀងប៉ុប ដែលគ្រប់គ្នាពិបាកនឹងធ្វើត្រាប់តាមបានទាំងស្រុង៖
១. Michael ធ្លាប់នាំសត្វ Llama (អម្បូរសត្វអូដ្ឋ) មកលេង កន្លែងលោកថតចម្រៀងទៀត
២. Michael ធ្លាប់បានទទួលកាដូសត្វដំរី ដែលមានទម្ងន់ដល់ទៅ ២២៦៧គីឡូ ពីតារាសម្ដែង Elizabeth Taylor កាលពីឆ្នាំ ១៩៩១
៣. ពេទ្យមួយកន្លែងដាក់ឈ្មោះ Michael ដោយសារលោកធ្លាប់ទៅព្យាបាលរបួស ក្រោយគ្រោះថ្នាក់ឆេះសក់ជាយថាហេតុ ពេលថតពាណិជ្ជកម្មឲ្យ Pepsi។ ពេល Pepsi បង់ជំងឺចិត្តដល់ Michael លោកក៏បានយកលុយនោះ ឧបត្ថម្ភដល់មន្ទីរពេទ្យ ដែលជួយលោក។ ក្រោយមកមន្ទីរពេទ្យដែលមានឈ្មោះថា «Brotman Medical Center» ក៏ប្ដូរឈ្មោះមកជា «Michael Jackson Burn Center» វិញ។
៤. ពណ៌ស្បែករបស់លោកប្រែប្រួល ដោយសារតែជំងឺស្បែក។ ទោះបីពេទ្យនិយាយថាវាជាជំងឺ ក៏មហាជនខ្លះមិនជឿដែរ ដោយពួកគេគិតថា Michael ព្យាយាមប្ដូរពណ៌ស្បែក ដោយសារខ្មាសនូវស្បែកកំណើតរបស់ខ្លួន។
ក្រោយមរណភាពរបស់ Michael លទ្ធផលពីការធ្វើកោសល្យវិច្ឆ័យ ក៏បានបញ្ជាក់ថា លោកពិតជាមានជំងឺស្បែក Vitiligo មែន។
៥. លោកគឺជាអ្នកបង្កើតស្បែកជើងឆក់ពាក់រាំលើឆាក
ក្បាច់តែមួយគ្មាន ២លើលោករបស់ Michael Jackson គឺក្បាច់រាំ Moonwalk និង ពេលឱនខ្លួនទៅមុខ ដោយគ្មានកម្រើកស្បែកជើង ពិតជាក្លាយជាក្បាច់ Unique ដែលគ្មានអ្នកណានឹកឃើញ ដល់មុនគេ ក្រៅពី Michael Jackson ទេ។
៦. លោកបានក្លាយទៅជា Action Figure
មានន័យថា Michael ត្រូវបានគេយកជាគំរូ ទៅផលិតជាតុក្កតាសម្រាប់ក្មេងៗ ហើយទទួលបានការគាំទ្រណាស់។
៧. កាលពីចុងទសវត្ស ១៩៩០ លោកធ្លាប់ព្យាយាមទិញ បំណងចង់ស្ដារក្រុមហ៊ុនសៀវភៅត្លុក Marvel ដែរ ពេលក្រុមហ៊ុននេះកំពុងជួបប្រទះវិបត្តិក្ស័យធន។ ប៉ុន្តែមូលហេតុមួយទៀត ដែលនាំចិត្ត Michael ចង់បាន Marvel ព្រោះថាលោកអាចបញ្ចូលខ្លួនឯងជា Superhero ម្នាក់ដែរ។
៨. ស្ដេចចម្រៀងប៉ុប រូបនេះធ្លាប់ចិញ្ចឹមស្វាមួយក្បាលឈ្មោះថា Bubbles ថែមទាំងធ្លាប់នាំទៅប្រគំតន្ត្រីទេសចរណ៍ នៅប្រទេសជប៉ុន ជាមួយលោកទៀតផង
៩. ម្ដាយរបស់កូនប្រុសម្នាក់ របស់ Michael Jackson គ្មានអ្នកណាដឹងថាជាអ្នកណាឡើយ
លោកមានកូន ៣នាក់ ប៉ុន្តែម្នាក់ក្នុងចំណោមនោះ គឺ Prince Michael Jackson II ដែលគ្មានអ្នកណាដឹងថា ម្ដាយរបស់គេជាអ្នកណាទេ។ មានព័ត៌មានខ្លះបង្ហើបថា ម្ដាយរបស់កូនប្រុសម្នាក់នេះ គឺជាអ្នកដែលរកស៊ីពពោះជំនួស ហេតុនេះអត្តសញ្ញាណមិនត្រូវបានបង្ហាញទេ។
១០. Michael Jackson គឺជាតារាទទួលមរណភាព ដែលមានឥទ្ធិពល និងជោគជ័យបំផុតទូទាំងពិភពលោក
ឆ្នាំដែលលោកលាឆ្ងាយ ពីពិភពលោកនេះ គឺជាឆ្នាំដែលលោក ទទួលជោគជ័យខ្លាំងបំផុត។ ក្រោយមរណកាល រយៈពេល ១២ខែ អាល់ប៊ុមខ្ទង់ ៣៥លានបន្ទះ ត្រូវបានលក់ដាច់អស់ខ្ទេចគ្មានសល់។
បន្ថែមពីលើនេះ លោកអាចរកចំណូល បានដល់ទៅ ២,១ពាន់លានដុល្លារ ជាចំនួនពាក់កណ្ដាល នៃទឹកប្រាក់ ៤,២ពាន់លាន ដែលលោករកបានពេលនៅរស់។
ឆ្នាំ ២០១៦ Michael រកបាន ៨២៥លានដុល្លារ បំបែកកំណត់ត្រាក្លាយជា តារាដែលរកចំណូលបានច្រើន ជាងគេត្រឹម ១ឆ្នាំ។
ឆ្នាំ ២០១៨ លោកក៏ក្លាយជាតារា ដែលបានទទួលមរណភាព ដែលមានប្រាក់ខែខ្ពស់បំផុត ប្រចាំឆ្នាំ ដោយរកបាន ៤០០លានដុល្លារឯណោះ៕ ប្រភព៖ សប្បាយ